ក្តីស្រលាញ់ និងឧបសគ្គដែលឆ្លងកាត់មកជាមួយគ្នាប្រហែលជាមិនគ្រប់គ្រាន់ទេក្នុងការរក្សាចំណងស្នេហារវាងមនុស្ស និងមនុស្ស ជាពិសេសនៅពេលដែលភាគីទាំងសងខាងមិនអាចព្រមព្រៀងគ្នាក្នុងផ្នែកសំខាន់មួយនៃជីវិតនោះ គឺបញ្ហាលុយ ។ តើអ្នកអាចធ្វើយ៉ាងដូចម្តេចទើបដឹងថាអ្នក និងដៃគូអ្នកមិនមានបញ្ហាក្នុងផ្នែកនេះ?
១. អ្នកមានគោលដៅដូចគ្នា៖
ក្នុងស្នេហា ភាគីទាំងពីរត្រូវតែរួបរួមគ្នាដើម្បីសម្រេចគោលដៅដែលទាក់ទិននឹងលុយ ។ ហើយដៃគូដែលមិនមានបញ្ហាលុយជាដៃគូដែលច្បាស់លាស់នឹងគោលដៅដែលអ្នកទាំងពីរចង់សម្រេចនៅថ្ងៃមុខ មិនថាជាការទិញផ្ទះ ឬការវិនិយោគនានាឡើយ ។
២. អ្នកមានទម្លាប់ទុកដាក់លុយស្រដៀងគ្នា៖
ទម្លាប់ទុកដាក់លុយជាមុខសញ្ញាធំជាងគេក្នុងការប្រាប់ឲ្យដឹងថាគូស្នេហ៍មួយគូអាចនឹងមានបញ្ហាផ្នែកលុយ ឬទេ ។ ពេលដែលពួកគេមានទស្សនៈដូចគ្នាទៅនឹងការទុកដាក់ ឬប្រើប្រាស់លុយ ព្រមទាំងអាចព្រមព្រៀងគ្នាលើមូលហេតុដែលពួកគេចង់សន្សំលុយនោះ គូស្នេហ៍នោះនឹងមិនមានបញ្ហាច្រើនទេ ។
៣. អ្នកឲ្យតម្លៃលើអ្វីដូចគ្នា៖
មនុស្សម្នាក់ៗឲ្យតម្លៃលើអ្វីៗខុសគ្នា ប៉ុន្តែដើម្បីជៀសវាងជម្លោះរឿងលុយ គូស្នេហ៍គួរតែយល់ពីអ្វីដែលដៃគូឲ្យតម្លៃឲ្យបានច្បាស់លាស់ ។ លើសពីនេះទៅទៀត គូស្នេហ៍ដែលឲ្យតម្លៃលើអ្វីដូចគ្នាភាគច្រើនមិនមានបញ្ហាច្រើនទេ ។ ផ្ទុយមកវិញ ប្រសិនបើពួកគេមិនអាចព្រមព្រៀងគ្នាបាន វាអាចបង្កជាជម្លោះ ។ ឧទាហរណ៍ដូចជាភាគីម្ខាងឲ្យតម្លៃលើការអប់រំ ខណៈដែលភាគីម្ខាងទៀតមិនឲ្យតម្លៃលើវានោះ វាអាចប៉ះពាល់ដល់ការសម្រេចចិត្តក្នុងការសន្សំ ចំណាយ និងវិនិយោគ ។
៤. អ្នកដឹងពីតួនាទីរៀងៗខ្លួន៖
ដើម្បីដឹងថាអ្នកចង់ធ្វើអ្វីជាមួយនឹងលុយរបស់អ្នក អ្នកត្រូវតែដឹងថាអ្នកមានតួនាទីអ្វី និងដៃគូអ្នកមានតួនាទីអ្វីពេលដែលនិយាយពីរឿងលុយ ។ មិនថាអ្នកទាំងពីរមានការងាររកចំណូលបានទាំងពីរនាក់ពិតមែនក្តី មនុស្សម្នាក់ត្រូវតែចេញមុខដើម្បីចាត់ចែងរឿងបង់ថ្លៃផ្សេងៗក្នុងផ្ទះដូចជាថ្លៃទឹក និងភ្លើងជាដើម ។ ជាមួយគ្នានេះដែរ អ្នកមិនត្រូវការមនុស្សពីរនាក់ដើម្បីកត់ត្រានិងតាមដានចំណូល និងចំណាយរបស់អ្នកឡើយ ។ ដូច្នេះគូស្នេហ៍គួរនិយាយពីតួនាទីដែលខ្លួនមានឲ្យបានច្បាស់លាស់និងគោរពតាមតួនាទីទាំងនោះរបស់ខ្លួន ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ