ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​កម្មករ ប្រុស​ស្រី ក្មេង​ចាស់ សម្រុក​នាំ​គ្នា​កា.ប់​ចិញ្ច្រាំ​ដំឡូង​មី (​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បើ​ធ្វើ​ដំណើរ​ចេញពី​ទីរួមខេត្ត​ប៉ៃលិន ឆ្ពោះទៅ​ទិស​ខាង​កើ ចម្ងាយ​ប្រមាណ​១៥​គីឡូម៉ែត្រ ស្ថិត​នៅ​ក្បែរ​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុង ប៉ៃលិន…

ខេត្ត​ប៉ៃលិន ៖ បើ​ធ្វើ​ដំណើរ​ចេញពី​ទីរួមខេត្ត​ប៉ៃលិន ឆ្ពោះទៅ​ទិស​ខាង​កើ ចម្ងាយ​ប្រមាណ​១៥​គីឡូម៉ែត្រ ស្ថិត​នៅ​ក្បែរ​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុង ប៉ៃលិន ហើយ​ងាក​បែរ​ទៅ​ខាងឆ្វេង​ដៃ នឹង​ឃើញ​មាន​សកម្មភាព​កម្មករ ក្មេង ចាស់ ប្រុស ស្រី នាំ​គ្នា​អង្គុយ​ចិញ្ច្រាំ​ដំឡូង​មី​បណ្តាក់​គ្នា​យ៉ាង​រដឹក ។

ហើយ​បើ​គេ​ដើរ​ចូល​ទៅ​ដល់ទី​លាន​ហាល​ចំណិត​ដំឡូង​មី​វិញ នឹង​ឮ​សូរ​សម្លេង​កាំបិត​កាប់​ចិញ្ច្រាំ​ប្រដេញ​គ្នា ប៉ុង​ប៉ាំង​ៗ ចុះឡើង​ៗ មិន​ដាច់​សូរ ខណៈ​កម្មករ​ខ្លះ​កាប់​ចិញ្ច្រាំ​តាំងពី​ព្រឹក​រហូត​ដល់​ថ្ងៃត្រង់ ដាំបាយ​ធ្វើ​ម្ហូប​ទទួលទាន រួច​នាំ​គ្នា​បន្ត​ទៀត​រហូត​ដល់​ល្ងាច សម្រាក​ហូប​អាហារ​បន្ត ក៏​នាំ​គ្នា​កាប់​ចិញ្ច្រាំ​រហូត​ដល់​ម៉ោង​១២​យប់​ពាក់កណ្តាល​អធ្រាត្រ ទើប​នាំ​គ្នា​ឈប់​សម្រាក ។ ទោះ​បីជា​យ៉ាងណា​ក៏​ដោយ តម្លៃ​ពលកម្ម​នៅ​ឆ្នាំ​២០២០​នេះ ក៏​មិន​ខុស​ពី​ឆ្នាំ​មុន​ដែរ គឺ​មួយ​កញ្ឆេ​ត្រឹមតែ​១០០០​រៀល​ប៉ុណ្ណោះ ។

ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែកុម្ភ​: ឆ្នាំ​២០២០​នេះ មាន​បុរស​ម្នាក់​ឈ្មោះ វី ខន អាយុ​៤៥​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ឆេ​ង ច​ន្នី អាយុ​៤៥​ឆ្នាំ មានស្រុក​កំណើត​រស់នៅ​ខេត្តកំពង់ឆ្នាំង បាន​មក​ស៊ីឈ្នួល​ចិញ្ច្រាំ​ចំណិត​ដំឡូង​មី​ឱ្យ​ថៅកែ​ម្នាក់​អស់​រយ​:​ពេល​១០​ថ្ងៃ​មក​ហើយ ។

គាត់​បន្ត​ទៀត​ថា ការ​នាំ​គ្នា​មក​ស៊ីឈ្នួល​នេះ ១​កញ្ឆេ​១០០០​រៀល ដោយ​ក្នុង​១​ថ្ងៃ​ចាប់ពី​ម៉ោង​៧​ព្រឹក រហូត​ដល់​ម៉ោង​១២​យប់ ពួក​គាត់​ទាំង​២​នាក់​ប្តី​ប្រពន្ធ​អាច​ចិញ្ច្រាំ​បាន​១២០ ទៅ​១៣០​កញ្ឆេ បើ​គិត​ជា​ប្រាក់ ១២០០០០​រៀល ទៅ​១៣០០០០​រៀល​ដែរ ។ ប៉ុន្តែ​ក៏​មាន​ពេល​សម្រាក​អាហារ​ពេល​ព្រឹក ថ្ងៃត្រង់ និង​ពេល​ល្ងាច រហូត​ដល់​យប់​ជ្រៅ​ទើប​ឈប់​សម្រាក​យក​កម្លាំង ។ បើសិនជា​ថ្ងៃ​ក្តៅ​ខ្លាំង ពួក​គាត់​យក​មែកឈើ​មក​ចង​ធ្វើ​ជា​ម្លប់​បាំង​ដោយ​សំពត់ ឬ​កន្សែង ដើម្បី​បន្ត​កាប់​ចិញ្ច្រាំ ដើម្បី​បាន​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។

គាត់​បញ្ជាក់​ថា ជា​រៀងរាល់ថ្ងៃ ពួក​គាត់​គ្មាន​ដីស្រែ​ចម្ការ​នឹង​គេ​នោះ​ទេ សូ​ម្បី​តែ​ដី​ផ្ទះ​សម្រាប់​ស្នាក់​នៅ​ក៏​គ្មាន​ដែរ ព្រោះ​ឪពុក​ម្តាយ​ក្រ អត់​មាន​កេរ្តិ៍​អាករ​ចែក​ឱ្យ​កូនចៅ​នោះ​ទេ ហើយ​ដើរ​ជួល​ផ្ទះ​គេ​ស្នាក់​នៅ​ធ្វើការ កន្លែង​នេះ​ម្តង កន្លែង​នោះ​ម្តង ពេល​អស់​ការងារ​ក៏​ធ្វើ​ដំណើរ​ទៅ​កន្លែង​ផ្សេង​ទៀត ។ ចំណែក​កូន​ៗ​របស់​ពួក​គាត់​មិន​បាន​សិក្សា​រៀនសូត្រ​ចេះ​ដឹង​នឹង​គេ​នោះ​ទេ ដោយសារ​ជីវភាព​ខ្វះខាត ហើយ​ឈរជើង​មិន​នឹង ណាមួយ​បើ​ទុក​នៅ​ជាមួយ​ម្តាយ​ចាស់ ខ្លាចក្រែង​កូន​ធ្លាក់ទឹក​លង់ ទើប​មិន​ហ៊ាន​បណ្តោយ​ឱ្យ​កូន​ៗ​ទៅ​រៀន​នោះ​ទេ គឺ​យក​តាម​ខ្លួន​ជាប់​ជា​និច្ច​តែ​ម្តង ។

បើ​តាម​បុរស​ម្នាក់​ឈ្មោះ ម៉ៅ អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​តា​គ្រក់ ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល ខេត្ត​បាត់ដំបង បានឱ្យ​ដឹង​ដែរ​ថា ឱ្យ​តែ​ដល់​រដូវ​ប្រមូល​ផល​ដំឡូង​មី គាត់​តែងតែ​នាំ​ប្រពន្ធ​កូន​ទៅ​សង់​ខ្ទម​តង់​កៅស៊ូ ស្នាក់​នៅ​ស៊ីឈ្នួល​ចិញ្ច្រាំ​ដំឡូង​មី​ក្នុង​ខេត្ត​ប៉ៃលិន ដើម្បី​បាន​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ខណៈ​កូនចៅ​របស់​ពួក​គាត់​ភាគច្រើន​រៀន​បាន​ត្រឹមតែ​ថ្នាក់​ទី​៣ ទី​៤ តែ​ប៉ុណ្ណោះ អត់​សូវ​ចេះអក្សរ​ស្ទាត់​នោះ​ទេ ហើយ​ក៏​បង្ខំចិត្ត​ឱ្យ​ពួក​គេ​ឈប់​រៀន​ទាំងអស់ រួច​នាំ​គ្នា​ដើរ​ចល័ត​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ដើម្បី​ធ្វើ​ជា​កម្មករ ដូច​ជា​ស៊ីឈ្នួល កាច់​ពោត ដាំពោត ដាំដំឡូង​មី ចិញ្ច្រាំ​ដំឡូង​មី និយាយ​ឱ្យ​ចំ​ទៅ គឺ​ការងារ​ដែល​ប្រើ​កម្លាំងបាយ ពួក​គាត់​ធ្វើ​ទាំងអស់​មិន​រើសអើង​នោះ​ទេ ។

គាត់​បញ្ជាក់​ថា ការងារ​ប្រើ​កម្លាំង​មិន​បាន​កម្រៃ​ច្រើន​នោះ​ទេ ជា​ពិសេស​ពេល​កើត​មាន​ជំងឺ​ម្តង​ៗ ស្ទើរតែ​យក​ថវិកា​ទាំងនោះ​ទៅ​ព្យាបាល​សឹងតែ​មិន​គ្រប់​នោះ​ឡើយ ។ តែ​ទោះបីជា​យ៉ាងណា ពួក​គាត់​ត្រូវ​តែ​ខិតខំ​ប្រឹងប្រែង​តស៊ូ រហូត​ដល់​ថ្ងៃ​អស់​ជីវិត​នៅ​លើ​ផែនដី ក៏​មិន​ប្រាថ្នា​អ្វី​ច្រើន គឺ​ចង់​បាន​តែ​បាយ​ហូប​គ្រប់គ្រាន់ សុខភាព​ល្អ កម្លាំង​មាំមួន ងាយស្រួល​លី​សែង​កសិផល​ឱ្យ​ថៅកែ​ចម្ការ​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ ៕ (​កែស​ម្រួ​ឡ​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ