ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

GMAC ស្នើ​អឺរ៉ុប​ពិចារណា​ឡើង​វិញ​រឿង​ការ​ព្យួរ​ផ្នែក​ខ្លះ​នៃ EBA

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​ការ​រក្សា​ភាព​ស្ងៀមស្ងាត់​អស់​រយៈពេល ៥​ថ្ងៃ​កន្លង​ទៅ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា GMAC នៅ​ទីបំផុត​បាន​ចេញ​សេចក្តីថ្លែងការណ៍ បង្ហាញ​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​សេចក្តី​ស​ម្រេ​ចុង​ក្រោយ​របស់​សហភាព​អឺរ៉ុប​ដែល​បាន​ព្យួរ​ផ្នែក​ខ្លះ​នៃ​កម្មវិធី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់មុខ​ទំនិញ​លើកលែងតែ​សព្វាវុធ (EBA) សម្រាប់​ប្រទេស​កម្ពុជា…

រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​ការ​រក្សា​ភាព​ស្ងៀមស្ងាត់​អស់​រយៈពេល ៥​ថ្ងៃ​កន្លង​ទៅ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា GMAC នៅ​ទីបំផុត​បាន​ចេញ​សេចក្តីថ្លែងការណ៍ បង្ហាញ​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​សេចក្តី​ស​ម្រេ​ចុង​ក្រោយ​របស់​សហភាព​អឺរ៉ុប​ដែល​បាន​ព្យួរ​ផ្នែក​ខ្លះ​នៃ​កម្មវិធី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់មុខ​ទំនិញ​លើកលែងតែ​សព្វាវុធ (EBA) សម្រាប់​ប្រទេស​កម្ពុជា សម្រេច​កាលពី​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០ កន្លង​ទៅ ។

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​១៧ ខែកុម្ភៈ​ម្សិលមិញ​របស់ GMAC​បាន​បង្ហាញ​ថា EBA អនុញ្ញាត​ឱ្យ​បណ្តា​ប្រទេស​អឺរ៉ុប​នាំ​ចូល​ផលិត​ពី​ប្រទេស​កម្ពុជា (​លើកលែងតែ​សព្វាវុធ​) ដោយ​មិន​យកពន្ធ​និង​គ្មាន​កូតា​។ អ្នក​ទទួល​បាន​អត្ថប្រយោជន៍​សំខាន់​ៗ​ពី​កម្មវិធី​នេះ​គឺ​វិស័យ​កាត់ដេរ និង​ផលិតផល​ធ្វើ​ដំណើរ​របស់​កម្ពុជា​ដែល​តំណាង​ដោយ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​។ ឧស្សាហកម្ម​ទាំងនេះ​មាន​ប្រមាណ ៧៥% នៃ​ការ​នាំ​ចេញ​ទំនិញ​សរុប​របស់​កម្ពុជា​និង​ប្រមាណ ៩០% នៃ​ការ​នាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប ដែល​ជាទី​ផ្សារ​ធំ​បំផុត​សម្រាប់​ទំនិញ​ដែល​ផលិត​ដោយ​បណ្តា​រោងចក្រ​តំណាង​ដោយ GMAC​។

​បើ​តាម GMAC វិស័យ​កាត់ដេរ​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ជាង​៧៥​ម៉ឺន​នាក់​និង​ផ្តល់​ប្រាក់​ចំណេញ​ដោយ​ផ្ទាល់​ប្រមាណ ២០% ដល់​គ្រួសារ​នៅ​ទូ​ទាំង​ប្រទេស ហេតុនេះ​សមាគម​ជំរុញ​ឱ្យ​សហភាព​អឺរ៉ុប​ធ្វើការ​ពិចារណា​ឡើង​វិញ​។ ​សេចក្តី​ប្រកាស​ដដែល​លើក​ឡើង​ថា «​ការ​ផ្តល់​ការងារ​នៅ​ក្នុង​វិស័យ​ទាំងនេះ​ដែល​គាំំ​ទ្រ​ដោយ​កម្មវិធី​អនុគ្រោះ​ពន្ធ EBA ឥឡូវ​មាន​ចំនួន​លើស​៧៥​ម៉ឺន​នាក់​និង​បាន​រួមចំណែក​ដល់​ការ​ទាញ​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់​ចេញពី​ភាព​ក្រីក្រ ។ កម្មករ​ភាគច្រើន​បំផុត​ជា​ស្ត្រី​ដែល​គ្រប់គ្រង​គ្រួសារ មើលថែ​សុខភាព​និង​សុខុមាលភាព​របស់​កូន​ៗ​និង​ផ្តល់​ប្រាក់​ចំណេញ​ដោយ​ផ្ទាល់​ដល់​គ្រួសារ​ជាង​២០% នៃ​គ្រួសារ​ក្នុង​ប្រទេស​ក​ម្ព​ជា ។

ប្រភព​ដដែល​បាន​ស្នើ​សុំ​យ៉ាង​ដូច្នេះ​ថា «​សមាគម​សូម​ជំរុញ​គណៈកម្មការ​អឺរ៉ុប​និង​សមាជិក​សភា​អឺរ៉ុប​ពិចារណា​ឡើង​វិញ​ចំពោះ​សេចក្តីសម្រេច​នេះ​ដោយ​ពិចារណា​ទៅ​លើ​គុណ​តម្លៃ​នៃ​កម្មវិធី​នេះ​ដែល​បាន​ដាក់​ឱ្យ​អនុវត្ត​ជិត​២០​ឆ្នាំ​កន្លង​ទៅ ជំនួយ​អភិវឌ្ឍន៍ កាត់​បន្ថយ​ភាព​ក្រីក្រ និង​សេចក្តី​ថ្លៃថ្នូរ​នៃ​ការងារ ។ កម្មវិធី​EBA គឺជា​ជោគជ័យ​ច្បាស់​មួយ​នៅ​ក្នុង​ប្រទេស​ក​ម្ព​ជា​ក្នុង​ការ​សម្រេច​បាន​នូវ​គោលដៅ​ទាំងនេះ​។​កា​រដក​ដោយ​ផ្នែក​នៃ​កម្មវិធី​នេះ​នឹង​បាន​ត្រឹមតែ​ធ្វើ​ឱ្យ​បាត់បង់​ការងារ​និង​នាំ​ឱ្យ​មាន​ភាព​ក្រីក្រ​»​។

​សូម​បញ្ជាក់​ថា​ពាក់ព័ន្ធ​នឹង​ការ​សម្រេច​របស់​គណៈកម្មការ​អឺរ៉ុប​ព្យួរ​ផ្នែក​ខ្លះ​នៃ EBA ពី​កម្ពុជា គឺ​ត្រូវ​ឆ្លងកាត់​ការ​បោះ​ឆ្នោត​របស់​សភា​អឺរ៉ុប​មួយ​វគ្គ​ទៀត ដូច្នេះ​បើសិនជា​មានការ​សម្រេច​ណាមួយ​ដោយ​សភា​អឺរ៉ុប​តាម​អ្វី​ដែល​គណៈកម្មការ​អឺរ៉ុប​សម្រេច​នោះ ការ​អនុវត្តន៍​នៃ​ការ​បង់ពន្ធ ២០% លើ​សម្លៀក​បំពាក់ ស្បែកជើង សម្ភារៈ​ធ្វើ​ដំណើរ និង​ស្ករ​.​ស ជាដើម​នឹង​ត្រូវ​អនុវត្តន៍​នៅ​ថ្ងៃ​ទី ២ ខែសីហា ឆ្នាំ ២០២០ ។

យ៉ាងណាមិញ GMAC បាន​បន្ត​ថា ជា​ផ្នែក​នៃ​ការ​ប្តេជ្ញា​ចិត្ត​ទៅ​វិញ​ទៅ​មក​របស់​យើង​ចំពោះ​កម្មវិធី​EBA សមាគម​រោងចក្រ​បាន​បង្កើត​វប្បធម៌​តម្លាភាព​និង​គណនេយ្យ​ភាព​នៅ​ក្នុង​ការ​អនុលោម​ភាព​ការងារ​និង​លក្ខខណ្ឌ​ការងារ ។ នៅ​ក្នុង​ការ​ស្គាល់​ថា​ជា កម្ពុជា​កំ​រូ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​គឺជា​សមាគម​ទី​មួយ​មុនគេ​បំផុត​ក្នុង​ពិភពលោក​ដែល​ស្វាគមន៍​អង្គការ​អន្តរជាតិ​ការងារ​(ILO)​របស់​អង្គការសហប្រជាជាតិ​ដើម្បី​បង្កើត​កម្មវិធី​ត្រួតពិនិត្យ​បណ្តា​រោងចក្រ​របស់​យើង​សម្រាប់​អនុលោម​ភាព​ទៅ​តាម​លក្ខខណ្ឌ​តម្រូវ​ថ្នាក់​ជាតិ​និង​អន្តរជាតិ​។ គ្មាន​វិស័យ​ណាមួយ​នៅ​ក្នុង​ប្រទេស​ដទៃ​ណា​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ពី​ការ​អនុគ្រោះ​ពន្ធ​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប មាន​កំណត់​ត្រា​នៃ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ILO​ប្រសើរ​ជាង​កម្ពុជា​នោះ​ទេ​។

​បន្ថែម​ពីលើ​នេះ GMAC ក៏​បាន​គាំទ្រ​ប្រតិបត្តិការ​ប្រកបដោយ​ប្រសិទ្ធភាព​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​របស់​កម្ពុជា​ព្រមទាំង​នវានុវត្តន៍​ដទៃ​ៗ​ទៀត​នៅ​ក្នុង​វិស័យ​ទំនាក់ទំនង​វិជ្ជាជីវៈ​ដេ​ល​បាន​គាំទ្រ​ការ​អភិវឌ្ឍ​ចលនា​សហជីព​រឹង​មាំ​មួយ​នៅ​ក្នុង​វិស័យ​កាត់ដេរ​យើង​។ GMAC គោរព​និង​គាំំ​ទ្រ​ការ​ចូលរួម​របស់​សហភាព​អឺរ៉ុប​ក្នុង​ការ​កែ​លម្អ​គោលនយោបាយ​សិទ្ធ​មនុស្ស​។​ជា​អកុសល​ការ​ដក​ការ​ជួយ​ភ្លាម​ៗ​បែប​នេះ​ពី​ប្រជាពលរដ្ឋ​កម្ពុជា​រាប់​សែន​នាក់​មិនមែន​ជា​វិធី​ដែល​ត្រូវ​បន្ត​ទៅ​មុខ​នោះ​ទេ​។

បើ​តាម GMAC បាន​សង្កត់ធ្ងន់​ថា « សេចក្តីសម្រេច​របស់​សហភាព​អឺរ៉ុប​នឹង​ទំនងជា​ធ្វើ​ឱ្យ​មានការ​ភាន់​ច្រ​លំ​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ពាណិជ្ជកម្ម​របស់​យើង​ដេ​ល​កំពុង​ឆ្ពោះទៅ​មុខ ហើយនឹង​លើកទឹកចិត្ត​ឱ្យ​អ្នកបញ្ជា​ទិញ​ទៅ​ទិញ​ពី​បណ្តា​ប្រទេស​ដទៃ​ៗ​ដែល​មានការ​គោរព​សិទ្ធ​សហជីព​អន់​ឆ្ងាយ​ជាង​កម្ពុជា ហើយ​ទំនងជា​បណ្តាល​ឱ្យ​មានការ​បាត់បង់​ការងារ​ដល់​កម្មករ​រាប់​ម៉ឺន​នាក់ ហើយ​ភាគច្រើន​បំផុត​នៃ​ពួក​គេ​គឺជា​សមាជិក​សហជីព ហើយ​ធ្វើ​ឱ្យ​មាន​ភាព​ក្រីក្រ​កាន់តែ​ខ្លាំង​ឡើង​នៅ​ក្នុង​ប្រទេស​។​ធ្វើ​ឱ្យ​វា​កាន់តែ​លំបាក​ក្នុង​ការ​ដំ
ឡើង​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​សម្រាប់​កម្មករ​ដោយសារ​ផល​ប៉ះពាល់​អ​វេជ្ជ​មាន​នៃ​ភាព​ប្រកួតប្រជែង​មក​លើ​វិស័យ​របស់​យើង​ដោយសារ​ពន្ធ​ដែល​ដាក់​ដោយ​សហភាពអឺរ៉ុប​»​។

​សមាជិក GMAC មាន​មោទនភាព​ចំពោះ​ការ​រួមចំណែក​ដែល​ពួក​គេ​បាន​ធ្វើ ហើយនឹង​បន្ត​ធ្វើការ​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​។ យើង​បាន​យល់​ជា​យួរ​មក​ហើយ​ថា​ការ​ធ្វើ​ឱ្យ​ជីវិត​របស់​មនុស្ស​ម្នាក់​ប្រសើរ​ឡើង​គឺ​ចាប់ផ្តើម​ជាមួយនឹង​ការ​មាន​ដំបូលផ្ទះ​និង​អាហារ​បរិភោគ​។​សមាគម​សូម​ជំរុញ​សហភាព​អឺរ៉ុប​ផ្តល់​អត្ថប្រយោជន៍ EBA ដូច​ដើម​វិញ​សម្រាប់​វិស័យ​របស់​យើង​ដើម្បី​បុ​ព្ធ​ហេតុ​នៃ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ប្រជាជន​កម្ពុជា​រាប់​សែន​នាក់​ដែល​បាន​ទទួល​អត្ថប្រយោជន៍​ពី​កម្មវិធី EBA ដើម្បី​ចាក​ចេញពី​ភាព​ក្រីក្រ លើកកម្ពស់​សិទ្ធិ​របស់​ពួក​គេ​នៅ​កន្លែង​ការងារ​និង​ផ្គត់ផ្គង់​គ្រួសារ​របស់​ពួក​គេ ។
លោក ហេង​សួរ​៖​ទោះ​គ្មាន EBA​កម្ពុជា​នៅ​តែ​លើកកម្ពស់​លក្ខខណ្ឌ​ការងារ​កម្មករ​ជា​អាទិភាព​ជា​និច្ច

លោក ហេង សួរ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​សង្កត់ធ្ងន់​ថា ទោះបី​មាន ឬ​គ្មាន EBA ពី​សហភាព​អឺរ៉ុប ក៏​កម្ពុជា​បាន​តាំងចិត្ត​រួច​ហើយ​ថា ការ​លើកកម្ពស់​លក្ខខណ្ឌ​ការងារ ការ​គោរព​សិទ្ធិ​សេរីភាព​របស់​កម្មករនិយោជិត ជា​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ជា​និច្ច រយៈពេល​២០​ឆ្នាំ​មកនេះ កម្ពុជា​មិន​ដែល​ងាក​ចេញពី​គោលនយោបាយ​នេះនោះ​ទេ​។​ខណៈ​មានការ​រិះគន់​ចំពោះ​ការ​សម្រេច​ដក​ផ្នែក​ខ្លះ​នៃ EBA ដែល​សហភាព​អឺរ៉ុប​ទើបតែ​ធ្វើ​ដាក់​កម្ពុ​ជានា​ពេល​ថ្មី​ៗ​មក​នោះ លោក ហេង សួរ បាន​បញ្ជាក់​ថា កម្ពុជា​មិនមែន​ជា​ប្រទេស​ដែល​អាក្រក់​ដូចដែល​គេ​បាន​ចោទ​នោះ​ទេ កម្ពុជា​តែងតែ​ប្រៀបធៀប​ខ្លួនឯង​ជាមួយ​ប្រទេស​ដទៃ​ផ្សេង​ទៀត ហើយ​មាន​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) គម្រោង BFC និង​ម្ចាស់​ពាណិជ្ជសញ្ញា (Brand) ទាំងអស់​ជា​សាក្សី​ថា កម្ពុជា​អនុវត្ត​បាន​ល្អ​យ៉ាងណា​ខ្លះ​ក្នុង​រយៈពេល​២០​ឆ្នាំ​មកនេះ ពាក់ព័ន្ធ​នឹង​លក្ខខណ្ឌ​ការងារ និង​សេរីភាព​របស់​អង្គការ​វិជ្ជាជីវៈ​។

បើ​តាម​លោក ហេង សួរ នៅ​ពេល​អឺរ៉ុប​សម្រេច​ដក​ផ្នែក​ខ្លះ​នៃ EBA វា​មិនមែន​ដោយសារ​កម្ពុជា​មិន​បាន​ផ្ដល់​លក្ខខណ្ឌ​ដល់​ការងារ​កម្មករនិយោជិត រឺ​សិទ្ធ​សេរីភាព​ទៅ​ឱ្យ​អង្គការ​វិជ្ជាជីវៈ​នោះ​ទេ ប៉ុន្តែ​វា​ដោយសារ​បញ្ហា​នយោបាយ ដែល​ប្រទេស​មួយ​ចំនួន​តម្រូវ​កម្ពុជា​ធ្វើ​តាម​គោលនយោបាយ​ការ​បរទេស​របស់​ពួក​គេ ដែល​ជា​ការ​អនុវត្ត​ស្ដង់ដា​ពីរ​។ តែ​ទោះជា​យ៉ាងណា ពួក​គេ​មិន​គួរ​ភ្ជាប់​លក្ខខណ្ឌ​ការងារ​ទៅ​នឹង​នយោបាយ​នោះ​ឡើយ​។ ​លោក​រដ្ឋលេខាធិការ​បាន​បន្ត​ថា «​ជនជាតិ​កម្ពុជា​ទាមទារ​យុត្តិធម៌ កម្ពុជា​មិន​ចង់បាន​លើសគេ​ទេ ប៉ុន្តែ​សុំ​ឱ្យ​មាន​សមភាព​ក្នុង​ការ​សម្រេចចិត្ត ហើយ​សូម​ឱ្យ​មាន​សុភ​វិនិច្ឆ័យ​នូវ​អ្វី​ដែល​ជា​ការ​ខិតខំ​របស់​កម្ពុជា​»​។ តែ​ទោះជា​យ៉ាងណា​បើ​តាម​លោក​រដ្ឋលេខាធិការ កម្ពុជា​បាន​ត្រៀម​នូវ​អ្វី​ដែល​ជា​កញ្ចប់​ឆ្លើយ​តប​ទៅ​នឹង​ផល​ប៉ះពាល់​ណាមួយ ដែល​ប៉ះពាល់​ទៅ​លើ​វិស័យ​ពាណិជ្ជកម្ម​កម្ពុជា ដោយសារ​តែ​ការ​សម្រេចចិត្ត​ដោយ​អយុត្តិធម៌​។ ទោះបីជា​មាន ឬ​គ្មាន​EBA រាជរដ្ឋាភិបាល​កម្ពុជា​បាន​តាំងចិត្ត​រួច​ហើយ​ថា ការ​លើកកម្ពស់​លក្ខខណ្ឌ​ការងារ ការ​គោរព​នូវ​សេរីភាព​របស់​កម្មករនិយោជិត វា​គឺជា​អាទិភាព ដូច្នេះ​បានជា​កម្ពុជា​ភ្ជាប់​ពាណិជ្ជកម្ម​ទៅ​នឹង​លក្ខខណ្ឌ​ការងារ​។

រយៈពេល​២០​ឆ្នាំ​មកនេះ កម្ពុជា​មិន​បាន​ងាក​ចេញពី​គោលនយោបាយ​នេះ​ទេ សូ​ម្បី​តែ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ ២០១៩-២០២៣ ក៏​កម្ពុជា​នៅ​តែ​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ភាព​ចាំបាច់​នៃ​ការ​ធានា​លក្ខខណ្ឌ​ការងារ សេរីភាព​អង្គការ​វិជ្ជាជីវៈ​នៅ​កម្ពុជា ដើម្បី​ធានា​ថា​ផលិតផល​ដែល​ផលិត​បាន​នៅ​កម្ពុជា គឺជា​ផលិតផល​ដែល​មាន​ភាព​ស្អាតស្អំ និង​គោរព​តាម​ស្ដង់ដា​អន្តរជាតិ ហើយ​អនុសញ្ញា​អន្តរជាតិ​នានា​ដែល​កម្ពុជា​បាន​ផ្ដល់​សច្ចាប័ន កម្ពុជា​នៅ​តែ​បន្ត​ពិនិត្យ និង​បន្ត​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អង្គការ ILO បើ​ទោះបី​គេ​មិន​ជឿ​លើ​កម្ពុជា ក៏​គេ​ជឿ​លើ​អ្វី​ដែល​ជា​យន្តការ​របស់​អង្គការ ILO ដែល​កំពុង​តែ​អនុវត្ត​នៅ
កម្ពុជា​នេះ​ស្រាប់​៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ