ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខ្មែរ និង​ថៃ អាច​ទូទាត់​ការ​ចំណាយ​​នៅ​ប្រទេស​ទាំង​ពីរ​ដោយ​មិន​បាច់​​ប្រើ​សាច់ប្រាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

ប្រទេស​ថៃ ៖ ដើម្បី​សម្រួល​ដល់​ការ​ទូទាត់​របស់​ប្រជាជន​កម្ពុជា និង​ថៃ នៅ​ក្នុង​ប្រទេស​ទាំង​ពីរ ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​សហការ​ជាមួយ​ធនាគារ Siam Commercial…

ប្រទេស​ថៃ ៖ ដើម្បី​សម្រួល​ដល់​ការ​ទូទាត់​របស់​ប្រជាជន​កម្ពុជា និង​ថៃ នៅ​ក្នុង​ប្រទេស​ទាំង​ពីរ ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​សហការ​ជាមួយ​ធនាគារ Siam Commercial Bank ( SCB ) របស់​ថៃ ក្នុង​ការ​ដាក់​ដំណើរការ​ទូទាត់​តាម​ប្រព័ន្ធ QR ឆ្លង​ដែន​រវាង​កម្ពុជា និង​ថៃ ។ ពិធី​ដាក់​ដំណើរការ​នេះ ធ្វើ​ឡើង​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ កុម្ភៈ ២០២០ ដោយ​មានការ​ចូលរួម​ពី​ទេសាភិបាល​ធនាគារជាតិ​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ ។

លោក​បណ្ឌិត អុិន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​មាន​ប្រសាសន៍​​ថា បន្ទាប់​ពី​ធនាគារជាតិ​នៃ​កម្ពុជា បាន​ជ្រើសរើស ធនាគារ​បី រួម​មាន ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ធនាគារ កម្ពុជា​ពាណិជ្ជ និង​ធនាគារ​ពាណិជ្ជកម្ម​ក្រៅប្រទេស​នៃ​កម្ពុជា នៅ​ដើម​ឆ្នាំ​២០១៩ ដើម្បី​គាំទ្រ​ដល់​ការ​ទូទាត់​តាម​រយៈ​ប្រព័ន្ធ QR ឆ្លង​ដែន ក្រុមការងារ​របស់​យើងខ្ញុំ​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​កិច្ចការ​នេះ ដោយ​មានការ​គាំទ្រ​ពី​និយ័ត​ករ​របស់​ប្រទេស​ទាំង​ពីរ កម្ពុជា និង​ថៃ ធ្វើ​ឲ្យ​ការ​ទូទាត់​តាម​រយៈ​ប្រព័ន្ធ QR ឆ្លង​ដែន​រវាង​កម្ពុជា និង​ថៃ ទទួល​បាន​ជោគជ័យ ។

លោក​បណ្ឌិត​បន្ត​ថា សាធារណជន​អាច​ទិញ​ទំនិញ និង​ធ្វើ​ប្រតិបត្តិការ​ទូទាត់​ឆ្លង​ដែន ដោយ​ប្រើ​ប្រាស់​រូបិយ​វត្ថុ​ផ្ទាល់ខ្លួន​តាម​រយៈ​ការ​ស្កេ​ន QR កូដ​។ ប្រព័ន្ធ​ទូទាត់​អេ​ឡិច​ត្រូ​និក​នេះ នឹង​ផ្តល់​ភាព​ងាយស្រួល​ដល់​ភ្ញៀវ​ទេសចរ និង​ពាណិជ្ជករ រួម​ទាំង​លើក​ស្ទួយ​រូបិយ​វត្ថុ​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ ។ ប្រជាជន​កម្ពុជា ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ និង​ប្រជាជន​ថៃ ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា អាច​ធ្វើការ​ទូទាត់​តាម QR ដោយ​មិន​ចាំបាច់​យក​សាច់ប្រាក់​តាម​ខ្លូ​ន ឬ​ប្តូរ​ប្រាក់​ពី​រូបិយ​វត្ថុ​ជាតិ​យើង​ទៅ​រូបិយប័ណ្ណ​បរទេស​ទៀត​ឡើយ ។

លោក Sarut Ruttanaporn អគ្គនាយក​ធនាគារ SCB បាន​មាន​ប្រសាសន៍​ថា ការ​ទូទាត់​អន្តរ​ប្រតិបត្តិការ​តាម​រយៈ​ប្រព័ន្ធ QR គឺ​មាន​សារៈសំខាន់​ណាស់​ពីព្រោះ​ប្រទេស​កម្ពុជា គឺជា​ទិស​ដៅ​ពេញ​និយម​សម្រាប់​ភ្ញៀវ​ទេសចរ​ថៃ​ធ្វើ​ដំណើរ ដូច​ជា ក្រុង​សៀមរាប ក្រុងព្រះសីហនុ និង​រាជធានី​ភ្នំពេញ ។

នៅ​ក្នុង​ព្រះរាជាណាចក្រ​ថៃ មាន​អ្នក​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​ចល័ត​ឌី​ជី​ថ​ល​ជាង ៤៧ លាន​នាក់ ដោយ​ក្នុង​នោះ​ធនាគារ SCB មាន​អ្នក​ប្រើប្រាស់​ច្រើន​ជាង ១០ លាន​នាក់ ក្នុង​ឆ្នាំ ២០១៩ ។ ការ​ទូទាត់​សំណង​អន្តរ​ប្រតិបត្តិការ​តាម​ប្រព័ន្ធ QR នឹង​ផ្តល់​នូវ​បទ​ពិសោធន៍​កាន់តែ​ប្រសើរ​ដល់​ភ្ញៀវ​ទេសចរ​ថៃ​ដែល​ធ្វើ​ដំណើរ​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ពេលធ្វើការ​ទូទាត់​ថ្លៃ​ទំនិញ និង​សេវាកម្ម​ផ្សេង​ៗ ។

គួរ​បញ្ជាក់​ថា ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី គឺជា​ធនាគារ​លក់រាយ​ដោយ​មានកម្ម​វិធី​ទូរស័ព្ទ​ចល័ត​ឌី​ជី​ថ​ល​របស់​ខ្លួន អេ​ស៊ី​លី​ដា យូ​នី​ធី​ទាន់ចិត្ត អនុញ្ញាត​ឲ្យ​អតិថិជន និង​សាធារណជន​ទូទៅ អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ ក៏​ដូច​ជា​ប្រតិបត្តិការ​ជំនួញ​តាម​រយៈ​ទូរស័ព្ទ​ចល័ត​តាម​តម្រូវការ បាន​​​គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា​។ អេ​ស៊ី​លី​ដា យូ​នី​ធី​ទាន់ចិត្ត គឺជា​សេវា​ទូរស័ព្ទ​ចល័ត​ធនា​គារ​ធំ​ជាងគេ​បំផុត​នៅ​ប្រទេស​កម្ពុជា ដែល​អ្នក​ប្រើប្រាស់​ចុះ​ឈ្មោះ​ជា​ឯកត្តជន មាន​ចំនួន​លើស​ពី ១​លាន ៣ សែន នាក់ និង ៣៣.៦៩៤​នាក់ បាន​ចុះ​ឈ្មោះ​ជា​នីតិបុគ្គល​។

ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី មាន​សាខា ការិយាល័យ និង​បណ្តាញ​អេ​ធី​អឹ​ម ធំ​ជាងគេ និង​មាន​ម៉ាស៊ីន​ឆូត​កាត​ច្រើន​ជាង ៤.០០០ គ្រឿង​នៅ​ប្រទេស​កម្ពុជា ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ