រាជធានីភ្នំពេញ ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ូរី ហ្វាយនែន (ខេមបូឌា) ភីអិលស៊ី បានគួបបញ្ចូលគ្នាដោយជោគជ័យ ជាគ្រឹះស្ថានហិរញ្ញវត្ថុតែមួយក្រោម ឈ្មោះ «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក» និងបានទទួលការអនុម័តពីធនាគារជាតិ នៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា។
ការគួបបញ្ចូលនេះ គឺជាជំហានយក្សមួយទៀត សម្រាប់ ដាប់ប៊ែលយូប៊ី ហ្វាយនែន ក្នុងការធ្វើឲ្យខ្លួនកាន់តែធំទូលាយ និងរឹងមាំដោយមានភាគទុនិកជា ធនាគារ អ៊ូរី ដែលជាធនាគារពាណិជ្ជធំជាងគេមួយនៅប្រទេសកូរ៉េ។
ដាប់ប៊ែលយូប៊ី ហ្វាយនែន បានដាក់រួមបញ្ចូលផលិតផល និងសេវាហិរញ្ញវត្ថុផ្សេងៗរួមមាន សេវាប្រាក់ បញ្ញើ-សន្សំ ប្រាក់កម្ចី សេវាធនាគារចល័ត និងសេវាផ្ទេរប្រាក់។ គណនីទាំងអស់របស់អតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ូរី ហ្វាយនែន នឹងត្រូវផ្ទេរទៅកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន ដោយរក្សាបញ្ញត្តិ និងលក្ខខណ្ឌដូចមុនដដែល។
លោក គីម ស៊ុនឃ្យូ អគ្គនាយកប្រតិបត្តិ របស់ ដាប់ប៊ែលយូប៊ី ហ្វាយនែន បានមានប្រសាសន៍ថា ការគួបបញ្ចូលគ្នារវាង ដាប់ប៊ែលយូប៊ី ហ្វាយនែន និង អ៊ូរី ហ្វាយនែន នាំមកនូវទស្សនវិស័យវិជ្ជមានដល់បុគ្គលិក និងគណៈគ្រប់គ្រងទាំងអស់ចំពោះគ្រឹះស្ថានហិរញ្ញវត្ថុតែមួយដែលនឹងបន្តរីកចម្រើនកាន់តែខ្លាំងនាពេលអនាគត។ យើងនឹងបន្តធ្វើឲ្យសេវាបម្រើអតិថិជនកាន់តែមានភាពប្រសើរឡើង និងពាំនាំមកនូវដំណោះស្រាយសេវាហិរញ្ញវត្ថុដែលងាយស្រួលជាមួយនឹងសេវាហិរញ្ញវត្ថុ ឌីជីថល ភាពឆ្នៃប្រឌិតខ្ពស់លើ ផលិតផល និងសេវាកម្ម ដើម្បីឆ្លើយតបទៅនឹងបែបបទរស់នៅបែបស៊ីវិល័យរបស់អតិថិជននាសម័យដ៏ទំនើបនេះ។
លោកបានបន្តទៀតថា ដំណើរការនៃការគួបបញ្ចូលដ៏ជោគជ័យនេះ មិនអាចសម្រេចទៅបានដោយគ្មានការខិតខំប្រឹងប្រែងយ៉ាងមោះមុតពីគណៈគ្រប់គ្រង និងបុគ្គលិកនៃស្ថាប័នទាំងពីរ ក្រុមការងារធនាគារ អ៊ូរី ដែលជាភាគទុនិករបស់យើង រួមជាមួយនឹងការគាំទ្រដ៏សំខាន់ពីធនាគារជាតិនៃកម្ពុជា ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា អាជ្ញាធរ អតិថិជន ដៃគូ និងភាគីជាប់ពាក់ព័ន្ធផ្សេងៗ។ យើងខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះអតិថិជនរបស់យើងទាំងពីរស្ថាប័នដែលបាន និងបន្តប្រើប្រាស់ផលិតផល និងសេវាហិរញ្ញវត្ថុរបស់យើង។ នាពេលអនាគតដ៏ខ្លីខាងមុខនេះ យើងនឹងក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុដែលរីកចម្រើនជាមួយប្រជាជនកម្ពុជាតាមរយៈការផ្តល់ជូននូវការគាំទ្រផ្នែកហិរញ្ញវត្ថុ ការបង្កើតផលិតផលថ្មីៗ ដូចជាកម្ចីសម្រាប់និយោជិកក្នុងជួររដ្ឋាភិបាល និងការបង្កើតកម្មវិធីសង្គមផ្សេងៗជាបន្តបន្ទាប់។
លោកស្រី តុប សុក្រសម្ភារ អគ្គនាយិកាប្រតិបត្តិការ របស់ ដាប់ប៊ែលយូប៊ី ហ្វាយនែន បានមានប្រសាសន៍ថា នេះគឺជាព្រឹត្តិការណ៍សំខាន់មួយទៀតរបស់ ដាប់ប៊ែលយូប៊ី ហ្វាយនែន បន្ទាប់ពីការលក់ភាគហ៊ុនរបស់គ្រឹះស្ថានទៅឲ្យ ធនាគារ អ៊ូរី ក្នុងឆ្នាំ 2018 ហើយឥឡូវនេះ ត្រូវបានគួបបញ្ចូលជាមួយ អ៊ូរី ហ្វាយនែន ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ឆ្នើមមួយនៅកម្ពុជា។ យើងបានបញ្ចប់ដំណើរការនៃការគួបបញ្ចូលនេះ ប្រកបដោយភាពរលូន និងគ្រប់ជ្រុងជ្រោយដោយយើងបានផ្តោតសំខាន់លើដំណើរការនេះ ខណៈពេលដែលយើងបានរក្សានូវសេវាបម្រើអតិថិជនដ៏ល្អបំផុតជូនដល់អតិថិជននៃគ្រឹះស្ថានទាំងពីរ» ។
ដាប់ប៊ែលយូប៊ី ហ្វាយនែន នឹងបន្តបម្រើសេវាហិរញ្ញវត្ថុដល់កម្ពុជា ទូទាំង 25 ខេត្ត-ក្រុង តាមរយៈសាខាទាំង 136 របស់ខ្លួនដោយផ្តល់ជូនផលិតផល និងសេវាហិរញ្ញវត្ថុដើម្បីបំពេញតម្រូវការរបស់អតិថិជនជាមួយនឹងការប្រកាន់ភ្ជាប់ទៅនឹងបេសកកម្មរបស់ខ្លួន «ក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេដែលផ្តល់នូវសក្តានុពលសេដ្ឋកិច្ចដើម្បីឲ្យកម្ពុជារីកចម្រើន»។
លោកស្រីបន្តថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក ទទួលបានអាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើពីធនាគារជាតិនៃកម្ពុជា និងជាសមាជិកគ្រួសាររបស់ធនាគារអ៊ូរី ដែលជាធនាគារពាណិជ្ជឈានមុខគេនៅប្រទេសកូរ៉េ ហើយបានបម្រើសេវាហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា ជាង20ឆ្នាំមកហើយ ជាមួយនឹងការផ្តល់ជូនផលិតផល និងសេវាហិរញ្ញវត្ថុដ៏សម្បូរបែប រួមមាន ប្រាក់កម្ចី សេវាបញ្ញើសន្សំ សេវាផ្ទេរប្រាក់ និង សេវាធនាគារចល័ត។ គិតត្រឹមចុងឆ្នាំ 2019 ដាប់ប៊ែលយូប៊ី ហ្វាយនែន មានទ្រព្យសកម្មសរុបមានចំនួន 377 លានដុល្លារអាមេរិក និងផលប័ត្រឥណទានសរុប ចំនួន 336 លានដុល្លារអាមេរិក។
លោកស្រីបានបន្តទៀតថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ូរី ហ្វាយនែន (ខេមបូឌា) ភីអិលស៊ី ក៏ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ឆ្នើមមួយនៅកម្ពុជា ហើយជាបុត្រសម្ព័ន្ធរបស់ធានាគារ អ៊ូរី ដែលជាធនាគារធំជាងគេមួយនៅប្រទេសកូរ៉េ។ អ៊ូរី ហ្វាយនែន ត្រូវបានបង្កើតឡើងនៅឆ្នាំ 2010 ហើយបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ក្នុងដើមឆ្នាំ 2011 ដោយផ្តល់ជូនប្រាក់កម្ចីតាមរយៈសាខាទាំង 20 របស់ខ្លួន នៅក្នុងទីក្រុងភ្នំពេញ កំពុងស្ពឺ និងកណ្តាល។ ជាច្រើនឆ្នាំកន្លងមកនេះ អ៊ូរី ហ្វាយនែន បានពង្រីកប្រតិបត្តិការរបស់ខ្លួនជាលំដាប់ ហើយបន្តផ្តល់ជូនប្រាក់កម្ចីដែលជាតម្រូវការចាំបាច់របស់អតិថិជន ជួយទ្រទ្រង់អតិថិជនក្នុងការពង្រីកអាជីវកម្ម និងធ្វើឲ្យជីវិតពួកគេកាន់តែប្រសើរឡើង។
គួរបញ្ជាក់ថា ធនាគារ អ៊ូរី ដែលជាភាគទុនិករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងពីរ មានការិយាល័យកណ្តាលនៅ សេអ៊ូល ប្រទេសកូរ៉េខាងត្បូង បានបង្កើតឡើងនៅឆ្នាំ 1899 និងជា ធនាគារពាណិជ្ជ ឈានមុខគេមួយនៅប្រទេសកូរ៉េ ជាមួយនឹងបណ្តាញសាខាដ៏ធំទូលាយជុំវិញពិភពលោក។
ធនាគារ អ៊ូរី ផ្តល់ជូនសេវាធនាគារបុគ្គល ធនាគារពាណិជ្ជកម្ម និងវិនិយោគ ជាច្រើនប្រភេទ តាមរយៈសាខាក្នុងស្រុក ចំនួន 747 និង បណ្តាញសាខាសកលចំនួន 451 នៅក្នុងប្រទេសចំនួន 26ជុំវិញពិភពលោក។ ក្នុងឆ្នាំ 2020 នេះធនាគារ អ៊ូរី អបអរសាទរខួបទី 121 ដែលខ្លួនបានរក្សាប្រវត្តិសាស្ត្ររបស់ខ្លួននៅលើទីផ្សារ ហិរញ្ញវត្ថុអស់ជាងមួយសតវត្សរ៍មកហើយ។ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ