ខេត្តបាត់ដំបង ៖ បើយោងតាមព័ត៌មានបឋមបានឱ្យដឹងថា កម្លាំងកងរាជអាវុធហត្ថបានធ្វើការឃាត់ខ្លួនមនុស្សចំនួន៧នាក់ជាបន្តបន្ទាប់ ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសជួញដូរគ្រឿងញៀនយ៉ាងច្រើនសន្ធឹកសន្ធាប់ កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២០ នៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ។
សេចក្ដីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យខាងលើនេះមាន ឈ្មោះ កៃ លឿង ភេទប្រុស អាយុ៥៩ឆ្នាំ ហើយជននេះត្រូវឃាត់ខ្លួនដំបូងគេ និងដកហូតវត្ថុតាងដូចជា ថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា ICE (ម៉ាទឹកកក) ចំនួន២កញ្ចប់តូច និងថ្នាំញៀនប្រភេទគ្រាប់អក្សរ Wy មួយចំនួន។
ប្រភពដដែលបន្តថា ប៉ុន្តែក្រោយពីសាកសួរ ទើបឈានដល់ការឃាត់ខ្លួនមនុស្សចំនួន៦នាក់ផ្សេងទៀត ។ ហើយជនទាំង៦នាក់នោះមាន ១-ឈ្មោះ ម៉ី សារិន ហៅឌុង ភេទប្រុស អាយុ៥៩ឆ្នាំ (មេខ្លោង) ២-ឈ្មោះ ឆេង ភ័ត្រា ភេទប្រុស អាយុ៣០ឆ្នាំ ៣-ឈ្មោះ ទេព វិឆៃ ភេទប្រុស អាយុ៣៤ឆ្នាំ ៤-សេង សុខា ភេទប្រុស អាយុ៣៣ឆ្នាំ ៥-ឈ្មោះប៉ិក ពៀវ ភេទប្រុស អាយុ២៤ឆ្នាំ និង៦-ឈ្មោះសោម សុខគា ភេទប្រុស អាយុ២៨ឆ្នាំ ពួកគេស្នាក់នៅជាមួយគ្នា។
ប្រភពដដែលបន្តទៀតថា ជាមួយនឹងការឃាត់ខ្លួនមេខ្លោង ព្រមទាំងកូនចៅមួយសំបុកនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើនទៀងដូចជា ៖ ម្សៅក្រាមពណ៌សថ្លា ICE (ម៉ាទឹកកក) ចំនួន៤៨កញ្ចប់ មានទម្ងន់ ៨៦,៧៦ក្រាម, ថ្នាំគ្រាប់ពណ៌ក្រហម អក្សរ WY (យ៉ាម៉ា) ចំនួន៦៩៣គ្រាប់, រថយន្តចំនួន២គ្រឿង ដោយមួយគ្រឿងម៉ាកហ្វ័ត និងមួយគ្រឿងទៀតម៉ាកឡិចស៊ិស RX300, ប្រាក់ដុល្លារចំនួនជាង២៤,៥០០ដុល្លារ, ប្រាក់បាតថៃចំនួនជាង៨៣,៩០០បាត, ប្រាក់ខ្មែរជាង២៧លានរៀល, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន២ និងគ្រឿងអលង្ការជាច្រើនទៀតផងដែរ។
មន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងទៀតថា ពេលនេះមន្ត្រីជំនាញកំពុងសួរនាំក្រុមជនសង្ស័យទាំងនោះហើយ និងកំពុងចាត់ការតាមនីតិវិធី ហើយក៏កំពុងធ្វើការស្រាវជ្រាវរកបក្សពួកក្រុមជូញដូរគ្រឿងញៀនដ៏កក្រើកស្រុកកំរៀងនេះបន្តទៀត៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ