ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១​យប់​២​ករណី ដេញចាប់​រថយន្ត​ប្រព្រឹត្តិ​​បទល្មើស​បាន​២​គ្រឿង​(វីដេអូ)

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជំនួញ​រត់ពន្ធ​ឈើ​ខុសច្បាប់​នៅ​ទឹកដី​ស្រុក​កែវ​សីមា ហាក់​មិន​មាន​សញ្ញា​ល្អ​ណាមួយ​ដែល​អាច​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នោះ​ឡើយ ខណៈ​ឈើ​ប្រភេទ​ប្រណីត​ៗ​ដូច​ជា បេង ធ្នង់ នាងនួន និង​ប្រភេទ​កម្រ​មួយ​ចំនួន…

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជំនួញ​រត់ពន្ធ​ឈើ​ខុសច្បាប់​នៅ​ទឹកដី​ស្រុក​កែវ​សីមា ហាក់​មិន​មាន​សញ្ញា​ល្អ​ណាមួយ​ដែល​អាច​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នោះ​ឡើយ ខណៈ​ឈើ​ប្រភេទ​ប្រណីត​ៗ​ដូច​ជា បេង ធ្នង់ នាងនួន និង​ប្រភេទ​កម្រ​មួយ​ចំនួន ត្រូវ​បាន​សកម្មជន​ព្រៃឈើ​អះអាង​ថា ស្ទើរ​បាត់​វត្តមាន​ទាំងស្រុង​ពី​ព្រៃ នៃ​តំបន់​ភូមិភាគ​ឦសាន ។

តាម​សេចក្តីរាយការណ៍​ពី​ស្រុក​កែវ​សីមា​បាន​ឲ្យ​ដឹង​ថា ក្រុម​លេខាធិការដ្ឋាន​ស្រុក​កែវ​សីមា បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ឈើ ជាក់ស្ដែង​នៅ​យប់​រំលង​អធ្រាត្រ​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២០ ដែល​ដឹកនាំ​ដោយ លោក ហឿ​ន សុខ​ណា បាន​ប្រដេញ​ចាប់​បាន​រថយន្ត​ដឹកឈើ​២​គ្រឿង លួច​ដឹកឈើ​ខុសច្បាប់​ឆ្លងកាត់​ស្រុក​កែវ​សីមា​។

សេចក្តីរាយការណ៍​បន្ត​ថា ករណី​ទី​១ កើត​នៅ​ម៉ោង​១​និង​២០​នាទី​យប់ នៅ​ថ្ងៃ​ទី​១៨ កុម្ភៈ ក្រុម​លេខាធិការដ្ឋាន​នៃ​គណៈ​បញ្ជាការ​ឯកភាព​ស្រុក បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ថ្នាក់​ខេត្ត និង​កម្លាំង​អាវុធហត្ថ​ខេត្ត បង្ក្រាប​រថយន្ត​កាម​រី​ហើម​១​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ 2A 6593 នៅ​ចំណុច​ភូមិ​ឡា​ប៉ា​ខេ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ហើយ​រថយន្ត​នេះ​ដឹកឈើ​ប្រណីត​ធ្នង់​ជា​ច្រើន​ដុំ​។

ដោយឡែក​ករណី​ទី​២ កើតឡើង​នៅ​ម៉ោង​៣​និង​៣០​នាទី​យប់​នៅ​ថ្ងៃ​ដដែល កម្លាំង​ចម្រុះ​បាន​បន្ត​ចាប់​រថយន្ត​សាំ​យ៉ុ​ង​១​គ្រឿង ពុំ​មាន​ស្លាក់​លេខ ពណ៌​ទឹកប្រាក់ ដឹកឈើ​អារជ្រៀក​ប្រភេទ​លេខ​១​សុ​ក្រម ចំនួន​៨​សន្លឹក ស្ថិត​នៅ​ចំណុច​ភូមិ​ស្រែ​ព្រះ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។ បច្ចុប្បន្ន វត្ថុ​តាង​បាន​ប្រគល់​ជូន​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា យក​ទៅ​រក្សា​ទុក​ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

ជុំវិញ​បទល្មើស​ធនធានធម្មជាតិ​នេះ អ្នក​តាមដាន​បញ្ហា​បរិស្ថាន​បាន​លើក​ឡើង​ពី​មហន្តរាយ​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី ត្រូវ​គេ​មើលឃើញ​ថា បាន​បាត់បង់​អស់​រាប់​ម៉ឺន​ម៉ែត្រគូប ត្រឹម​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។​ជា​ការ​កត់សម្គាល់ បើ​គិត​ចាប់ពី​ឆ្នាំ​២០១៦ ក្រោយ​គណៈ​កម្ម​ធិ​ការ​ថ្នាក់​ជាតិ ទប់ស្កាត់ បង្ការ បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ការ​ដឹកនាំ​របស់​នាយ​ឧត្តមសេនីយ៍ សៅ សុខា ក្រុមការងារ​នេះ បាន​រក​ឃើញ​ឈើ​ខុសច្បាប់​ជាង​៦​ម៉ឺន​ម៉ែត្រគូប តាម​បណ្តា​ក្រុមហ៊ុន និង​ដី​សម្បទាន​សេដ្ឋកិច្ច​ជា​ច្រើន​នៅ​ក្នុង​ខេត្តមណ្ឌលគិរី​។

បន្ទាប់​ពី​ស្ងាប់​ស្ងាត់​មួយ​រយៈ សកម្មភាព​ជួញដូរ​ឈើ​បាន​កក្រើក​ឡើង​វិញ​នា​អំឡុង​ឆ្នាំ​២០១៩ ហើយ​គណៈកម្មការ​ថ្នាក់​ជាតិ​ដដែល បាន​ចុះ​បង្ក្រាប​បន្ទាន់​ឈាន​ដល់​ចាប់​ឃាត់​មនុស្ស​មួយ​ចំនួន​ដាក់​ព​ន្ឋ​ធានា​គារ និង​បំផ្លាញ​រថយន្ត​កែ​ច្នៃ​រាប់​សិប​ឈើ​ដែល​បម្រើ​ដល់​ការ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​នេះ​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ