ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​មាន​រោងចក្រ​បង្កើត​ថ្មី​ជិត​២​ពាន់ ស្ថិត​ក្រោម​សមត្ថកិច្ច​ក្រសួង​ឧស្សាហកម្ម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ​ចំនួន​រោងចក្រ​ដែល​បាន​បង្កើត​ថ្មី​មាន​ចំនួន​២៦៩​រោងចក្រ កើនឡើង​ប្រមាណ​៥១% ធៀប​ទៅ​នឹង​ឆ្នាំ​២០១៨ ដែល​មាន​ចំនួន​រោងចក្រ​ថ្មី មាន​តែ​១៧៨​រោងចក្រ ខណៈ​រោងចក្រ​ស្ថិត​នៅ​ក្រោម​សមត្ថកិច្ច​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​មាន​ជិត​២.០០០​រោងចក្រ…

រាជធានី​ភ្នំពេញ ៖ នៅ​ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ​ចំនួន​រោងចក្រ​ដែល​បាន​បង្កើត​ថ្មី​មាន​ចំនួន​២៦៩​រោងចក្រ កើនឡើង​ប្រមាណ​៥១% ធៀប​ទៅ​នឹង​ឆ្នាំ​២០១៨ ដែល​មាន​ចំនួន​រោងចក្រ​ថ្មី មាន​តែ​១៧៨​រោងចក្រ ខណៈ​រោងចក្រ​ស្ថិត​នៅ​ក្រោម​សមត្ថកិច្ច​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​មាន​ជិត​២.០០០​រោងចក្រ ។ នេះ​បើ​តាម​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ។

លោក កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធិ​ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ ឆ្នាំ​២០១៩ និង​លើក​ទិស​ដៅ​អនុវត្ត​ការងារ​បន្ត​នៅ​កាលពី​ថ្ងៃ​ទី​១៧ កុម្ភៈ​ថា «​គិត​មក​ដល់​ពេល​នេះ​រោងចក្រ​ដែល ស្ថិត​ក្រោម​សមត្ថកិច្ច​គ្រប់គ្រង​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​មាន​១.៧៣០​រោងចក្រ​ស្មើនឹង​១១៣%​ធៀប​នឹង​ឆ្នាំ​មុន ហើយ​នៅ​ក្នុង​នោះ​ក៏​មាន​លេចឡើង​នូវ​ឧស្សាហកម្ម​ថ្មី​ៗ ដែល​មាន​តម្លៃបន្ថែម​ខ្ពស់ និង​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ជាង​មុន​ដូច​ជា រោងចក្រ​ដំឡើងរថយន្ត , ម៉ូតូ​, រោងចក្រ​ផលិត​គ្រឿងបន្លាស់ និង​គ្រឿង​បង្គុំ​យានយន្ត , ម៉ូតូ​, គ្រឿង​បង្គុំ​អេ​ឡិច​ត្រូ​និក​,​បរិក្ខា​អគ្គិសនី សម្ភារៈ​សំណង់ និង​រោងចក្រ​កែ​ច្នៃ​កសិឧស្សាហកម្ម​» ។

លោក​ទេស​រដ្ឋមន្ត្រី​លើក​ឡើង​ថា កម្លាំង​ពលកម្ម​បម្រើ​ឱ្យ​ផ្នែក​ឧស្សាហកម្ម​ក៏​មានការ​កើន​នៅ​ឡើង​ប្រមាណ​៧%​ធៀប​នឹង​ឆ្នាំ​២០១៨ ក្នុង​ខណៈ​ឧស្សាហកម្ម​កាត់ដេរ កាបូប និង​ស្បែកជើង​កើន​៥% ហើយ​ផ្នែក​ផ្សេង​ៗ​កើន​ដល់​២០% ។ នេះ​ជា​ការ​បញ្ជាក់​អំពី​ការ​ការ​វិវត្តន៍​នៃ​វិស័យ​ឧស្សាហកម្ម ដែល​បាន​បង្កើត​ការងារ​ថ្មី ក្រៅពី​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ ។ តម្លៃ​សរុប​បរិមាណ​ផលិតផល​មាន​ចំនួន​១៤.៨៧៥​លាន​ដុល្លារ​អា​មេ​រិ​ក មាន​កំណើន​ស្របគ្នា​នឹង​កំណើន​រោងចក្រ ដោយ​មាន​កំណើន​១៣% ក្នុង​នោះ​ឧស្សាហកម្ម​នាំ​ចេញ​ផ្នែក​ផលិតផល​សម្លៀក​បំពាក់ កាបូប​និង​ស្បែកជើង​កើន​១១%​និង​ឧស្សាហកម្ម​នាំ​ចេញ​នៃ​ផ្នែក​ផ្សេង​ទៀត​កើន​២៧% ។

សហគ្រាស​ធុន​តូច​និង​មធ្យម​និង​សិប្បកម្ម​កំពុង​ដំណើរការ​នៅ​ក្រោម​លក្ខខណ្ឌ​អនុគ្រោះ​ជាង​មុន​តាម​រយៈ​ការ​ដាក់​ចេញ​គោលនយោបាយ​លើកទឹកចិត្ត​ផ្នែក​ពន្ធដារ​ចំពោះ​សហគ្រាស​ធុន​តូច​និង​មធ្យម​,​ការ​បង្កើត​ធនាគារ​សហគ្រាស​ធុន​តូច​និង​មធ្យម និង​ការ​កែទម្រង់​អត្រា​ការ​ប្រាក់​កម្ចី​សម្រាប់​វិស័យ​សហគ្រាស​ធុន​តូច​និង​មធ្យម ។ ទន្ទឹម​នឹង​នេះ​ក្រសួង​បាន​លើកទឹកចិត្ត​ដល់​ការ​អនុវត្ត​ការ​ផ្ទេរ​មុខងារ​និង​ការ​ធ្វើ​ប្រតិភូកម្ម​លើ​ការ​គ្រប់គ្រង​សហគ្រាស​ធុន​តូច​និង​មធ្យម​និង​សិប្បកម្ម​ដល់​រដ្ឋបាល​ក្រុង ស្រុក​និង​រាជធានី ខេត្ត​ដែល​មក​ដល់​ពេល​នេះ កំពុង​ទទួល​បាន​លទ្ធផល​ល្អ​។​ចំណុច​ពិសេស​បាន​កែ​លម្អ​គឺ​កាត់​បន្ថយ​ទម្រង់​បែបបទ​នៃ​ការ​ស្នើ​សុំ​ចុះបញ្ជី ឬ​បង្កើត​សហគ្រាស​ធុន​តូច​និង​មធ្យម​និង​សិប្បកម្ម​ដែល​កំពុង​ទទួល​បានការ​គាំំ​ទ្រ​ពី​អតិថិជន​ដែល​ជា​អ្នក​ត្រូវការ​សេវា​រដ្ឋបាល​ពី​រដ្ឋ​។

យោង​តាម​ស​ន្ទ​រក​ថា របស់​លោក កិត្តិ​នីតិកោសល​បណ្ឌិត ប៊ិ​ន​ឈិ​ន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​បានឱ្យ​ដឹង​ថា គោលនយោបាយ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម ២០១៥​ដល់​២០២៥​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ មាន​ភាព​ប្រទាក់ក្រឡា​គ្នា និង​បំពេញ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ។ ជាមួយ​គ្នា​នេះ​បន្ត​គាំំ​ទ្រ និង​លើកទឹកចិត្ត​ដល់​ផ្នែក​ឧស្សាហកម្ម ឬ​កម្មន្តសាល​ថ្មី​ៗ​ដែល​ផ្តល់​តម្លៃបន្ថែម​ខ្ពស់​មានការ​ច្នៃប្រឌិត និង​ភាព​ប្រកួតប្រជែង​ខ្ពស់​ដែល​ផ្តោត​លើ​ផលិតផល​ប្រើប្រាស់​និង​សម្ភារ​បរិក្ខារ​ផលិតកម្ម គ្រឿងចក្រ​, ការ​ផ្តុំ​ដំឡើង​សម្ភារ​បរិក្ខា​,​មេកា​និក​, អេ​ឡិច​ត្រូ​និក និង​ការ​ច្នៃ​ធនធានធម្មជាតិ ដែល​មាន​ចរិត​ជា​ការ​បើក​ច្រកចូល​ទីផ្សារ​ក្នុង និង​ក្រៅប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ