វិស័យ​សំណង់​កម្ពុជា​អាច​នឹង​កើត​មាន​ឧ​ប​ទ្ទេវ​ហេតុ​បាក់​រលំ​អគារ​ជា​លើក​ទី​៣ ឬទេ​ក្រោយ​មានច្បាប់​សំណង់​ដាក់​ឲ្យ​ដំណើរការ?


​រាជធានី​ភ្នំពេញ​៖ ក្នុង​វិស័យ​សំណង់​របស់​កម្ពុជា​កាលពី​ជាង​ពាក់កណ្តាល​ឆ្នាំ​២០១៩​និង​នៅ​ដើមឆ្នាំ​២០២០​បាន​បង្កើត​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​ស្តី​ពី​ការ​បាក់​រលំ​អគារ​នៅ​ខេត្ត​ព្រះ​សីហ​នុ​និង​ខេត្ត​កែប ដែល​បាន​បណ្តាល​ឱ្យ​កម្មករ​បម្រើ​ការ​នៅ​ក្នុង​វិស័យ​នេះ​បាត់​ជីវិត​និង​រង​របួស​អស់​ជា​ច្រើន​នាក់​។ ករណី​បាក់​រលំ​អគារ​ទាំង​ពីរ​លើក​នេះ​បាន​ធ្វើ​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​មាន​ចង្ង​ល់​ក្នុង​ចិត្ត​ថា​តើ​ឧ​ប​ទ្ទេវ​ហេតុ​រន្ធត់​បែប​នេះ​ប្រហែល​អាច​កើត​ឡើងជា​លើក​ទី​៣​នៅ​ថ្ងៃ​អនាគត​។ តើ​ការ​ព្រួយបារម្ភ​នៃ​ករី​បាក់​រលំ​អគារ​នៅ​ក្នុង​វិស័យ​សំណង់​កម្ពុជា​អាច​និង​កើត​ឡើងជា​លើក​ទី​៣ ដែរ​ឬទេ?

បើ​តាម​អ្នកជំនាញ​នៅ​ក្នុង​គណៈ​ស្ថាបត្យកម្ម​កម្ពុជា​ទទួលស្គាល់​ថា​ការ​សាងសង់​សំណង់​អគារ​នៅ​កម្ពុ​ជានា​ពេល​កន្លង​មាន​ខុសច្បាប់​និង​ត្រូវ​ច្បាប់ ។ ប៉ុន្តែ​ចាប់ពី​ពេល​នេះ​ទៅ​មាន​ន័យ​ថា ចាប់​ដើមឆ្នាំ​២០២០​ទៅ រាល់​ការ​សាងសង់​ត្រូវ​តែ​គោរព​ទៅ​តាម​ច្បាប់​ហើយ​ការ​បាក់​រលំ​អគារ​នៅ​ពេល​កន្លង​មក​នឹង​ត្រូវ​បាន​កាត់​បន្ថយ​បាន​ច្រើន ។

​លោក មាន ដា​រ៉ា​ឬ​ទ្ធិ មន្ត្រី​គណៈ​ស្ថាបត្យកម្ម​កម្ពុជា​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បានឱ្យ​ដឹង​ក្នុង​ពិធី​ផ្សព្វផ្សាយ​ស្តី​ពី​ច្បាប់​សំណង់​កាល​ថ្មី​ៗ​នេះ​ថា វិស័យ​សំណង់​កម្ពុជា​ចាប់​រីក​លូតលាស់​នៅ​ពេល​មាន​ទីផ្សារ​បើកចំហរ​ជើងមេឃ ។ ប៉ុន្តែ​យើង​មិន​ទាន់​មានច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​តែ​មក​ដល់​ពេល​នេះ​យើង​មានច្បាប់​ចេញ​មក ។ ដូចនេះ​យើង​អាច​អនុវត្ត​វិស័យ​សំណង់​គោរព​ទៅ​តាម​គោលការណ៍​ច្បាប់​។ ​លោក​បាន​លើក​ឡើង​ថា «​ការ​រីក​ចម្រើន​នៃ​វិស័យ​សំណង់​កន្លង​មក​យើង​ធ្វើ​វា​មាន​ខុសច្បាប់​ខ្លះ​និង​ត្រូវ​ច្បាប់​ខ្លះ អីចឹង​យើង​មិន​បាន​គោរព​តាម​បទដ្ឋាន​បច្ចេកទេស​នេះ​ទើបឱ្យ​មាន​បញ្ហា​បាក់​រលំ​អគារ​២ កន្លែង​នៅ​ខេត្ត​ព្រះ​សីហ​នុ និង​ខេត្ត​កែប ។ ដូចនេះ​ចាប់ពី​ពេល​នេះ​ទៅ​យើង​គោរព​ទាំងអស់​គ្នា​»​។

​តាម​មន្ត្រី​រូប​នេះ​ការ​ផ្សព្វផ្សាយ​ច្បាប់​សំណង់​ទៅ​ដល់​អ្នកជំនាញ​ខាង​ផ្នែក​ស្ថាបត្យកម្ម​នៅ​ក្នុង​វិស័យ​សំណង់​នេះ គឺ​វិស្វករ​និង​ស្ថាបត្យករ​ជា​បន្តបន្ទាប់​ដើម្បី​ឱ្យ​អ្នកជំនាញ​ទាំងនោះ​ឱ្យ​យល់​បាន​កាន់តែ​ច្បាស់​ដើម្បី​ឱ្យ​គាត់​ទៅ​កាន់​ការដ្ឋាន ក៏​ដូច​ជា​កាន់​គម្រោង​ប្លង់​ឱ្យ​ត្រូវ​ទៅ​នឹង​ច្បាប់ ។ ដូចនេះ​ចាប់ពី​ពេល​នេះ​ទៅ ក្រសួង​រៀបចំ​ដែនដី បាន​ដាក់​វិធានការ​បើ​វិស្វករ​និង​ស្ថាបត្យករ​មិន​គោរព​ច្បាប់​ក្នុង​នាម​ខ្លួនឯង​ជា​អ្នកបច្ចេកទេស​និង​ជា​អ្នក​សិក្សា​គម្រោង​ប្លង់​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​នឹង​ទទួលទោស​ទៅ​តាម​បទ​ប្បញ្ញា​ត​ដែល​បាន​ចែង​នៅ​ក្នុង​ច្បាប់​សំណង់ ។ ​លោក​បាន​សង្កត់ធ្ងន់​ថា «​យើង​សង្ឃឹមថា​ទៅ​ថ្ងៃ​ខាង​មុខ​នៅ​ក្នុង​វិស័យ​សំណង់​របស់​យើង​នឹង​មិន​មាន​បញ្ហា​អ្វី​កើតឡើង​ទៀត​ទេ (​បាក់​រលំ​អគារ​) ដើម្បី​ឱ្យ​ម្ចាស់​សំណង់​គាត់​មាន​ភាព​កក់ក្តៅ​ក្នុង​ការ​ទទួលយក​សំណង់ ហើយ​ប្រជាជន​របស់​យើង​គាត់​មក​រស់នៅ​ក៏​ផុត​ពី​ការ​ភ័យ​ព្រួយ​។​ការ​បាក់​រលំ​អគារ​យើង​នឹង​មានការ​កាត់​បន្ថយ ពីព្រោះ​យើង​មានច្បាប់​ត្រឹមត្រូវ ទាំង​ម្ចាស់​សំណង់​និង​អ្នកបច្ចេកទេស​គាត់​ត្រូវ​គោរព​ច្បាប់​ទាំងអស់​គ្នា​។​កាលណា​ច្បាប់​សំណង់​ចេញ​មក​យើង​បាន​រឹត​បណ្តឹង​។

បាន​ន័យ​ថា​ម្ចាស់​សំណង់​ពី​ដើម​គាត់​សន្សំ​សំចៃ​ថវិកា​គាត់​រកតែ​ក្រុម​ជាង​មាន​តម្លៃ​សមរម្យ​មក​ធ្វើ អីចឹង​ក្រុម​ជាង​គាត់​មិន​បាន​យល់​ដឹង​ច្បាប់​អំពី​បច្ចេកទេស​នៃ​សំណង់​ធំ​ៗ​ដែល​មានកំ​ពស់​ខ្ពស់​ៗ​មិន​អាច​ទទួលខុសត្រូវ​បាន​ទេ ព្រោះ​ជាង​ធម្មតា​គាត់​ធ្វើ​ទៅ​តាម​ការ​ចំណាំ​តាម​រយៈ​ធ្វើ​ផ្ទះល្វែង​ត្រឹម​មួយ​ជាន់​ឬ​ពីរ​ជាន់​។​ប៉ុន្តែ​ចាប់ពី​បី​ជាន់ឡើង​ទៅ​មិន​អាច​ឱ្យ​ជាង​ធម្មតា​គ្រប់គ្រង​បាន​ទេ ហើយ​ម្ចាស់​សំណង់​នៅ​ពេល​យើង​មានច្បាប់​សំណង់​បែប​នេះ​ក៏​ធ្វើ​ឱ្យ​គាត់​មានទោស​។ ដូចនេះ​គាត់​ត្រូវ​តែ​ទៅ​ជួល​វិស្វករ ស្ថាបត្យករ​មក​សិក្សា​គម្រោង​ប្លង់​និង​មើល​ការដ្ឋាន​របស់​ពួក​គាត់ ហើយ​នៅ​ពេល​ខាង​មុខ​នេះ​ពេល​ចុះ​ទៅ​ត្រួតពិនិត្យ​មើល​ការដ្ឋាន​មិនឃើញ​មាន​ស្វ​ករ​និង​ស្ថាបត្យករ​ប្រចាំការ សំណង់​នឹង​ត្រូវ​បិទ រីឯ​ម្ចាស់​សំណង់​នឹង​មាន​បញ្ហា​ទៅ​តាម​ផ្លូវច្បាប់​»​។

​លោក មាន ដា​រ៉ា​ឬ​ទ្ធិ​បាន​មាន​ប្រសាសន៍​ថា «​ដូចនេះ​យើង​សង្ឃឹម​ទៅ​មុខ យើង​ត្រូវ​គោរព​ច្បាប់​ទាំងអស់​គ្នា អីចឹង​សំណង់​នឹង​លែង​មាន​បញ្ហា​បាក់​រលំ​សំណង់​ទៀត​ហើយ​។​ចាប់ពី​យើង​បាន​ផ្សព្វផ្សាយ​ច្បាប់​សំណង់​នេះ​ទៅ ព្រោះ​តម្រូវ​ឱ្យ​មានការ​ទទួលទោស​ទាំង​ពីរ​នាក់​ម្ចាស់ផ្ទះ​ក៏​មានទោស និង​ស្ថាបត្យករ​និង​វិស្វករ​ដៅ​សិក្សា​គម្រោង​ប្លង់​ក៏​មានទោស​»​។

​លោក ហាក់ ងួ​ន​ឈាង អគ្គនាយក​ក្រុមហ៊ុន​ពៅ​លាភ​អេ​ន​ជី​នា​រីង & ខន​ស្ត្រា​ក់សិន ឯ​.​ក មាន​ប្រសាសន៍​ក្នុង​នាម​វិស្វករ​ដែល​បាន​ចុះបញ្ជី​នៅ​ក្នុង​គណៈ​វិស្វករ​កម្ពុជា ដូច​វិស្វករ​អាស៊ាន មាន​សេចក្តី​សោមនស្ស​យ៉ាង​ខ្លាំង​ដែល​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បាន​ផ្តល់​ឱកាស​ដល់​ក្រុម​វិស្វករ​បាន​ចូលរួម​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​ស្តី​ពី​ច្បាប់សំណង់​។លោក ហាក់ ងួ​ន​ឈាង បាន​មាន​ប្រសាសន៍​ថា «​ច្បាប់​សំណង់​ចេញ​មកនេះ​វា​មាន​អត្ថប្រយោជន៍​យ៉ាងច្រើន​ទាក់ទង​នឹង​ឱ្យ​យើង​រឹត​បណ្តឹង​បញ្ហា​រចនា​បទ​ខ្មែរ​របស់​យើង​។​មាន​ន័យ​ថា​មិន​ចេះ​តែ​ទៅ​ធ្វើ​អ្វី​ផ្តេសផ្តាស​បាន​ទេ​មក​ដល់​ឥលូវ​នេះ​គឺ​ត្រូវ​មានការ​ស្នើ​សុំ​មក​ខាង​ក្រសួង​ពាក់ព័ន្ធ​។​អីចឹង​រចនា​បទ​ខ្មែរ​មានការ​កំណត់​ច្បាស់លាស់​ទៅ​តាម​បទដ្ឋាន​របស់​យើង​។​លើស​ពី​នេះ គឺ​ធ្វើ​ឱ្យ​វិស្វករ​មានឱកាស​ជួប​ពួក​គាត់​បាន​ច្រើន​និង​ស្តាប់​យើង​បាន​ច្រើន​ហើយ​ទាក់ទង​នឹង​ជាង​សាងសង់​ក៏​ដូច​គ្នា​»​។ លោក​បាន​លើក​ឡើង​ថា កន្លង​មក​លោក​ពុំ​ធ្លាប់​បាន​ជួប​ថ្នាក់ដឹកនាំ​ក្រសួង​ដែនដី​ដោយ​ផ្ទាល់​ទេ ធ្វើការ​កា​សាងសង់​ហាក់​នៅ​មាន​ភាព​ញញើតញញើម​នៅ​លើ​បញ្ហា​ច្បាប់​ថា​តើ​នៅ​ពេល​វិស្វករ​ថា​គួរ​ធ្វើ​បែប​នេះ​តើ​គេ​ទទួល ឬ​មិន​ទទួល (​ម្ចាស់​សំណង់​) តែ​ពេល​នេះ​មាន​ទឹកចិត្ត​ក្នុង​ការងារ​សំណង់​។

លោក​ជា សុ​ផា​រ៉ា ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ បាន​មាន​ប្រសាសន៍​ថា ដើម្បី​ផ្តល់​ជំនឿ​ជឿជាក់​និង​ឱ្យ​មានការ​គាំំ​ទ្រ​ដល់​ការ​វិនិយោគ​នៅ​ក្នុង​វិស័យ​សំណង់​នេះ គឺ​អ្នក​វិនិយោគ​ចង់បាន​ភាពរឹងមាំ ។ បាន​ន័យ​ថា​នៅ​ប្រទេស​ណា​ក៏​ដោយ​គេ​មក​បោះទុន គេ​ថា​តើ​នៅ​ស្រុក​យើង​មានច្បាប់​សំណង់​ឬ​អត់ បើ​អត់​មានច្បាប់​សំណង់​ឱ្យ​គេ​បាន​លើ​អី? ​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា « ការ​ផ្សព្វផ្សាយ​ថ្ងៃនេះ​គឺ​ចង់​ពង្រឹង​ច្បាប់​សំណង់ វិស្វករ​និង​ស្ថាបត្យករ​គឺជា​អ្នក​ដែល​មាន​វិជ្ជាជីវៈ​នៅ​ក្នុង​វិស័យ​សំណង់​និង​ការ​ត្រួតពិនិត្យ​បញ្ជាក់​អំពី​វិស័យ​សំណង់​»៕ កែសម្រួលដោយ៖ សុឃាក់

ព័ត៌មាន​ជាតិ

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ