រាជធានីភ្នំពេញ ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថា GMAC បានបង្ហាញការសោកស្តាយយ៉ាងខ្លាំង ចំពោះសេចត្តីសម្រេចប្រកាស នៅថ្ងៃទី១២ កុម្ភៈ កន្លងទៅនេះ របស់សហភាពអឺរ៉ុបដែលបានព្យួរផ្នែកខ្លះនៃកម្មវិធី «អនុគ្រោះពន្ធលើមុខទំនិញលើកលែងតែសព្វាវុធ (EBA) សម្រាប់ប្រទេសកម្ពុជា ។
យោងតាមសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី១៧ កុម្ភៈម្សិលមិញរបស់ GMACបានបង្ហាញថា កម្មវិធី EBA អនុញ្ញាតឱ្យបណ្តាប្រទេសអឺរ៉ុបនាំចូលផលិតពីប្រទេសកម្ពុជា (លើកលែងតែសព្វាវុធ)ដោយមិនយកពន្ធ និងគ្មានកូតា ។ អ្នកទទួលបានអត្ថប្រយោជន៍សំខាន់ៗពីកម្មវិធីនេះ គឺវិស័យកាត់ដេរ និងផលិតផលធ្វើដំណើររបស់កម្ពុជា ដែលតំណាងដោយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ។ ឧស្សាហ៍កម្មទាំងនេះមានប្រមាណ៧៥% នៃការនាំចេញទំនិញសរុបរបស់កម្ពុជា និងប្រមាណ៩០%នៃការនាំចេញទៅសហភាពអឺរ៉ុបដែលជាទីផ្សារធំបំផុតសម្រាប់ទំនិញដែលផលិតដោយបណ្តារោងចក្រតំណាងដោយ GMAC ។
បើតាមGMAC វិស័យកាត់ដេរផ្តល់ការងារដល់ពលរដ្ឋជាង៧៥ម៉ឺននាក់ និងផ្តល់ប្រាក់ចំណេញដោយផ្ទាល់ប្រមាណ២០% ដល់គ្រួសារនៅទូទាំងប្រទេស ហេតុនេះសមាគមជំរុញឱ្យសហភាពអឺរ៉ុបធ្វើការពិចារណាឡើងវិញ ។
សេចក្តីប្រកាសដដែលលើកឡើងថា «ការផ្តល់ការងារនៅក្នុងវិស័យទាំងនេះដែលគាំំទ្រដោយកម្មវិធីអនុគ្រោះពន្ធEBA ឥឡូវមានចំនួនលើស៧៥ម៉ឺននាក់ និងបានរួមចំណែកដល់ការទាញប្រជាជនកម្ពុជារាប់លាននាក់ចេញពីភាពក្រីក្រ ។ កម្មករភាគច្រើនបំផុតជាស្ត្រីដែលគ្រប់គ្រងគ្រួសារ មើលថែសុខភាពនិងសុខុមាលភាពរបស់កូនៗ និងផ្តល់ប្រាក់ចំណេញដោយផ្ទាល់ដល់គ្រួសារជាង២០% នៃគ្រួសារក្នុងប្រទេសកម្ពុជា ។ សមាគមសូមជំរុញគណៈកម្មការអឺរ៉ុប និងសមាជិកសភាអឺរ៉ុបពិចារណាឡើងវិញចំពោះសេចក្តីសម្រេចនេះ ដោយពិចារណាទៅលើគុណតម្លៃនៃកម្មវិធីនេះដែលបានដាក់ឱ្យអនុវត្តជិត២០ឆ្នាំកន្លងទៅជំនួយអភិវឌ្ឍន៍កាត់បន្ថយភាពក្រីក្រ និងសេចក្តីថ្លៃថ្នូរនៃការងារ ។ កម្មវិធីEBA គឺជាជោគជ័យច្បាស់មួយនៅក្នុងប្រទេសកម្ពជាក្នុងការសម្រេចបាននូវគោលដៅទាំងនេះ ។ ការដកដោយផ្នែកនៃកម្មវិធីនេះនឹងបានត្រឹមតែធ្វើឱ្យបាត់បង់ការងា រនិងនាំឱ្យមានភាពក្រីក្រ»។
បើតាមGMACសង្កត់ធ្ងន់ថា« សេចក្តីសម្រេចរបស់សហភាពអឺរ៉ុបនឹងទំនងជាធ្វើឱ្យមានការភាន់ច្រលំពាក់ព័ន្ធនឹងស្ថានភាពពាណិជ្ជកម្មរបស់យើងដេលកំពុងឆ្ពោះទៅមុខ ហើយនឹងលើកទឹកចិត្តឱ្យអ្នកបញ្ជាទិញទៅទិញពីបណ្តាប្រទេសដទៃៗដែលមានការគោរពសិទ្ធសហជីពអន់ឆ្ងាយជាងកម្ពុជា ហើយទំនងជាបណ្តាលឱ្យមានការបាត់បង់ការងារដល់កម្មកររាប់ម៉ឺននាក់ ហើយភាគច្រើនបំផុតនៃពួកគេគឺជាសមាជិកសហជីព ហើយធ្វើឱ្យមានភាពក្រីក្រកាន់តែខ្លាំងឡើងនៅក្នុងប្រទេស ។ ធ្វើឱ្យវាកាន់តែលំបាកក្នុងការដំឡើងប្រាក់ឈ្នួល និងអត្ថប្រយោជន៍សម្រាប់កម្មករដោយសារផលប៉ះពាល់អវេជ្ជមាននៃភាពប្រកួតប្រជែងមកលើវិស័យរបស់យើងដោយសារពន្ធដែលដាក់ដោយសហភាពអឺរ៉ុប»៕
ចែករំលែកព័តមាននេះ