ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវ​ប្រមូល​ផលដំណាំ​ស្ដៃ កសិករ​ថ្ងូរ​ដូច​ព្រាប ព្រោះ​តម្លៃ​ធ្លាក់​ថោក​ដល់​កំរិត​(​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កសិករ​មួយ​ចំនួន​នៅ​ក្នុងស្រុក​ឯក​ភ្នំ ដែល​និយម​ដាំ​ដំណាំ «​ស្ពៃក្ដោប​» ពេល​នេះ​កំពុង​តែ​ត្អូញត្អែរ​យ៉ាង​ខ្លាំង ដោយសារ​តែ​តម្លៃ​ស្ពៃក្ដោប​ធ្លាក់​ថ្លៃ​ដល់​កំរិត​ទាប​បំផុត បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំទៅ​មិ​ញ ដែល​អាច​ធ្វើ​ឲ្យ​ប្រជា​កសិករ​ខ្លះ​ប្រឈម​នឹង​ការ​ខាតបង់​យ៉ាងធ្ងន់ធ្ងរ ហើយ​ថែម​ទាំង​ប្រឈម​នឹង​បំណុល​ធនាគារ​វ័ណ្ឌ​.​ក​ទៀត​ផង​។…

ខេត្តបាត់ដំបង ៖ កសិករ​មួយ​ចំនួន​នៅ​ក្នុងស្រុក​ឯក​ភ្នំ ដែល​និយម​ដាំ​ដំណាំ «​ស្ពៃក្ដោប​» ពេល​នេះ​កំពុង​តែ​ត្អូញត្អែរ​យ៉ាង​ខ្លាំង ដោយសារ​តែ​តម្លៃ​ស្ពៃក្ដោប​ធ្លាក់​ថ្លៃ​ដល់​កំរិត​ទាប​បំផុត បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំទៅ​មិ​ញ ដែល​អាច​ធ្វើ​ឲ្យ​ប្រជា​កសិករ​ខ្លះ​ប្រឈម​នឹង​ការ​ខាតបង់​យ៉ាងធ្ងន់ធ្ងរ ហើយ​ថែម​ទាំង​ប្រឈម​នឹង​បំណុល​ធនាគារ​វ័ណ្ឌ​.​ក​ទៀត​ផង​។

បើ​តាម​កសិករ​នៅ​ភូមិ​រាជ​ដូន​កែវ ឃុំ​ព្រែក​នរិន្ទ អ្នកស្រី រ៉ើ​ន សា​រឿ​ត អាយុ​៤៣​ឆ្នាំ បាន​និយាយ​ថា ឆ្នាំ​នេះ ប្រជាពលរដ្ឋ​ដែល​និយម​ដាំ​ដំណាំ​ស្ពៃក្ដោប កំពុង​ប្រឈម​នឹង​ការ​ខាតបង់​ដល់​កំរិត ហើយ​ក៏​អាច​ប្រឈម​នឹង​ការ​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌ​.​ក​ដែរ ដោយសារ​តែ​ដល់​រដូវ​ប្រមូល​ផល ស្រាប់តែ​តម្លៃ​ស្ពៃក្ដោប​ធ្លាក់​ចុះ​ស្ទើរ​ដល់​បាត​ទៅ​ហើយ​។

ខណៈ​ដៃ​កាត់​ស្ពៃ បណ្ដើរ​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​កោះសន្តិភាព​បណ្ដើរ អ្នកស្រី​បាន​បន្ត​ថា ឆ្នាំ​នេះ​តម្លៃ​ស្ពៃក្ដោប​១​គីឡូ​លក់​បាន​តម្លៃ​ត្រឹម​ចន្លោះ​ពី​២០០​រៀល​ទៅ​៤០០​រៀល​ប៉ុណ្ណោះ ខណៈ​ឆ្នាំ​មុន​ក្នុង​រដូវ​នេះ​ដែរ លក់​បាន​តម្លៃ​ចន្លោះ​ពី​១២០០​រៀល ដល់​១៥០០​រៀល​។

អ្នកស្រី​បញ្ជាក់​ថា គាត់​ដាំ​ដំណាំ​ស្ពៃក្ដោប​នេះ លើ​ផ្ទៃដី​ចំនួន​៣​រ៉ៃ ហើយ​ក្នុង​១​រ៉ៃ អាច​ប្រមូល​ផល​បាន​ពី​៦​ទៅ​៧​តោន​ដែរ​។ ប៉ុន្តែ​ឆ្នាំ​នេះ​គាត់​អាច​ប្រឈម​នឹង​ការ​ខាតបង់ ហើយ​ប្រឈម​នឹង​ការ​ជំពាក់​ប្រាក់​ធនាគារ​ទៀត​ផង ដោយសារ​តែ​ស្ពៃក្ដោប​គ្មាន​ទីផ្សារ​។ ហើយ​ពេល​នេះ​គាត់​ទើប​ប្រមូល​ផល​លក់​អស់​ជិត​ពាក់កណ្ដាល តែបើ​ការ​ប្រមូល​ផល​បន្តបន្ទាប់​នា​ពេល​ខាង​មុខ​នេះ តម្លៃ​នៅ​តែ​ងើប​មិន​រួច​ទេ មិនមែន​មាន​តែ​គាត់​ទេ ដែល​ខាតបង់ និង​ជំពាក់​បំណុល​ធនាគារ គឺ​អ្នក​ភូមិ​ដទៃ​ទៀត​ក៏​ប្រឈម​នឹង​បំណុល​នេះ​ដូច​គ្នា​ដែរ​។

ដោយឡែក​លោក​វ៉ា​ន យ៉ា​ន ជា​កសិករ រស់នៅ​ភូមិ​រហាល​សួង ឃុំ​ព្រែក​នរិន្ទ ដែល​មាន​ដំណាំ​ស្ពៃក្ដោប​នេះ​ចំនួន​៣​រ៉ៃ​ដែរ និយាយ​ថា តម្លៃ​ស្ពៃក្ដោប​នៅ​ឆ្នាំ​នេះ ពិតជា​ធ្លាក់​ថ្លៃ​ដល់​កំរិត​មែន​។ ពេល​នេះ​កសិករ​ទូទៅ ទើប​ចាប់ផ្ដើម​ប្រមូល​ផល​បាន​ប្រហែល​២០% នៃ​ដំណាំ​ស្ពៃក្ដោប​ដែល​កសិករ​បាន​ដាំ​នៅ​តំបន់​នោះ តែ​តម្លៃ​នេះ​ហាក់​ធ្លាក់​ចុះ​តាំងពី​ដំបូង​ម្ល៉េះ ចុះ​ទម្រាំ​ដល់​ពេល​កសិករ​ចាប់ផ្ដើម​ប្រមូល​ផល​គ្រប់​ទីកន្លែង តើ​តំលៃ​ស្ពៃ​ធ្លាក់​ដល់​កំរិត​ណា​ទៅ ឬ​ក៏​ត្រូវ​ដក​ចោល?

លោក​វ៉ា​ន យ៉ា​ន បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ស្ពៃក្ដោប​របស់ខ្ញុំ​ប្រហែល​១​ខែ​ទៀត ទើបត្រូវ​ប្រមូល​ផល តែ​មិនដឹង​ថា ដល់​ពេល​នោះ តម្លៃ​ឡើង​ឬ​ចុះថោក​ជាង​នេះនោះ​ទេ ព្រោះ​ពេល​នោះ​មាន​កសិករ​ច្រើន ដែល​ត្រូវ​ប្រមូល​ផល​»​។ ហើយ​បើ​តម្លៃ​ស្ពៃ​មិន​អាច​ងើបឡើង​វិញ​ទេ ឆ្នាំ​នេះ​មាន​កសិករ​ច្រើន​ណាស់​ដែល​អាច​ប្រឈម​មុខ​នឹង​ការ​ខាតបង់ ឬ​បាន​ត្រឹម​ទប់ទល់​លើ​ទុន​ចំណាយ​តែ​ប៉ុណ្ណោះ​។

ពាក់ព័ន្ធ​នឹង​តម្លៃ​ទីផ្សារ​ស្ពៃក្ដោប​នេះ ឈ្មួញកណ្ដាល​ម្នាក់ គឺ​លោក សែ​ម រិ​ទ្ធី ហៅ​ធឿ​ន បាន​ថ្លែង​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​១៧ កុម្ភៈ​នេះ​ថា តម្លៃ​ស្ពៃក្ដោប​ដែល​លោក​ប្រមូល​ទិញ​ពី​កសិករ​ផ្ទាល់​នៅ​ចំការ គឺ​ទិញ​ក្នុង​តម្លៃ​ដូច​ការ​លើក​ឡើង​របស់​កសិករ​ពិតមែន​ហើយ​។ ឈ្មួញ​រូប​នេះ​បាន​ប្រាប់​ពី​តម្លៃនៅលើទីផ្សារ ថា «​សព្វថ្ងៃ​ខ្ញុំ​ទិញ​ពី​កសិករ​ក្នុង​តំលៃ​៤០០​រៀល​ក្នុង​១​គីឡូក្រាម ហើយ​ដឹក​ទៅ​លក់​នៅ​ផ្សារ​ទំនើប ភូ​ពុ​យ លក់ដុំ​ឲ្យ​ម៉ូយ​ធំ​ៗ​បាន​តម្លៃ​ត្រឹម​ពី​៥០០​រៀល ទៅ​៦០០​រៀល​ប៉ុណ្ណោះ ឬ ពេល​ខ្លះ​ចាល់​ដើម​ក៏​មាន ដែល​តម្លៃ​ទាប​ជាង​ឆ្នាំ​មុន​ជាង​ពាក់កណ្ដាល​»​។

លោក​ធឿ​ន ក៏​បាន​និយាយ​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​តម្លៃ​ស្ពៃក្ដោប​ធ្លាក់​ថ្លៃ​ដែរ ដោយ​លោក​អះអាង​ថា ជា​តម្លៃ​មួយ​មិន​ធ្លាប់​មាន​សោះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ កាលពី​ឆ្នាំ​មុន​ៗ ស្ពៃក្ដោប​នៅ​ខេត្តបាត់ដំបង មិន​ត្រឹមតែ​សម្រាប់​តម្រូវការ​ក្នុង​ខេត្ត​ទេ អាច​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ក្រៅ​ខេត្ត ឬ ចេញ​ទៅ​ទីផ្សារ​ក្រៅប្រទេស​ទៀត​ផង​។ ប៉ុន្តែ​ស្ពៃក្ដោប​ឆ្នាំ​នេះ បែរជា​គ្មាន​ម៉ូយ​ទទួល​ទិញ​ធំដុំ​ដូច​ឆ្នាំ​មុន​ៗ ហើយ​នាំ​ចេញ​ទីផ្សារ​ក្រៅ​ខេត្ត​តិចតួច​បំផុត​។

ឈ្មួញកណ្ដាល​រូប​នេះ បាន​បញ្ជាក់​ត្រង់​ចំណុច​នេះ​ថា ឆ្នាំ​មុន​ម៉ូយ​ម្នាក់​ៗ​កុម្ម៉ង់​ទិញ​យ៉ាងតិច​១​តោន​ក្នុង​១​ថ្ងៃ តែ​ពេល​នេះ​ម៉ូយ​ដដែល​បែរជា​កុម្ម៉ង​ទិញ​យ៉ាងច្រើន​១០០​ឬ​២០០​គីឡូ​ប៉ុណ្ណោះ​ក្នុង​១​ថ្ងៃ​។ ដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​តម្លៃ​ស្ពៃក្ដោប​ដាំ​ក្បាល​ចុះ​តាំងពី​ចាប់ផ្ដើម​ប្រមូល​ផល​ដំបូងដៃ​ម្ល៉េះ​។ ប៉ុន្តែ​ឈ្មួញ​រូប​នេះ​បាន​បញ្ជាក់​ថា បើ​ចន្លោះ​ពី​កន្លះ​ខែ​ទៅ​ដល់​១​ខែ​ទៀត​ខាង​មុន​នេះ តម្លៃ​ស្ពៃ​មិន​អាច​ងើបឡើង​វិញ​ទេ កសិករ​អាច​ប្រឈម​នឹង​ការ​ខាតបង់ ហើយ​ម្នាក់​ៗ​ក៏​វ័ណ្ឌ​.​ក​នឹង​បំណុល​ធនាគារ​យ៉ាងធ្ងន់ធ្ងរ​ដែរ តែបើ​យោង​លើ​ស្ថានភាព​ដូច​បច្ចុប្បន្ន​នេះ ទំនង​ដូច​ជា​មិន​អាច​ងើប​រួច​ទេ ព្រោះ​មើល​តម្រុយ​ទីផ្សារ​បច្ចុប្បន្ន​មិនល្អ​សោះ​។

សូម​បញ្ជាក់​ថា បើ​តាម​មន្ត្រី​មូលដ្ឋាន បាន​និយាយ​ថា ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ព្រែក​នរិន្ទ ជា​ពិសេស​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​ខាងលើ​នេះ ស្ទើរ​គ្រប់​គ្រួសារ​មានមុខ​របរ​ធ្វើស្រែ​ចំការ​។ ក្រោយ​​រដូវ​ច្រូតកាត់​រួច ប្រជា​កសិករ​ទាំងនោះ​បាន​នាំ​គ្នា​ចាប់ផ្ដើម​ធ្វើ​ដី​ដាំ​ដំណាំ​វិល​ជុំ​ម្ដង​លើ​ផ្ទៃដី​ដដែល​នោះ ទៅ​តាម​ការ​និយម​ចូល​ចិត្ត​របស់​ពួក​គេ​។ ដូច​ជា ដំណាំ​ស្ពៃ ដំណាំ​ពោត ដំណាំ​ត្រសក់ ដំណាំ​ត្រឡាច ឬ ដំណាំ​សណ្ដែក​។​ល​។​និង​។​ល​។

ប៉ុន្តែ​មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ពេល​ខ្លះ​កសិករ​ត្រូវ​ជួប​ឧបសគ្គ​ទីផ្សារ​កសិផល ដូច​ជា​ករណី​ខាងលើ​នេះ​ជាដើម​។ កន្លង​មក​កសិករ​នៅ​តំបន់​នោះ មិន​ធ្លាប់​បាន​ចងក្រង​ជា​សហគមន៍​កសិ​កម្ម ដើម្បី​ងាយ​គៀងគរ​គ្នា​រក​ទីផ្សារ តែ​យ៉ាងណា​យូរ​ៗ​ម្ដង​ប៉ុណ្ណោះ ដែល​ពួក​គេ​ជួយ​បញ្ហា​ទីផ្សារ​ធ្ងន់ធ្ងរ ដូច​ខាងលើ​នេះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ