ខេត្តបន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបានបើកកិច្ចប្រជុំ ដើម្បីដាក់ចេញនូវបទបញ្ជាត្រៀមលក្ខណៈទទួលបដិសណ្ឋារកិច្ចចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលសម្តេចនឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យដំណេីរការផ្លូវជាតិលេខ៥៨ ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅក្រុងសំរោង ខេត្តឧត្តរមានជ័យ នាថ្ងៃទី២៦ ខែកុម្ភៈ ខាងមុខនេះ។
កិច្ចប្រជុំខាងលើនេះដឹកនាំដោយលោក អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជការឯកភាពរដ្ឋបាលខេត្ត អភិបាលរងខេត្ត មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ដែលធ្វើឡើងនៅសាលប្រជុំសាលាខេត្ត «សាល ខ» នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។
លោកអភិបាលខេត្ត អ៊ុំ រាត្រី ក៏បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងមាត់ចំពោះកងកម្លាំងចម្រុះគ្រប់ប្រភេទចូលរួមថែរក្សាសណ្តាប់ធ្នាប់ ពិសេសត្រូវពង្រឹងយកចិត្តទុកដាក់ឲ្យបានម៉ត់ចត់ក្នុងការថែរក្សា ការពារសន្តិសុខ ជូនប្រមុខរាជរដ្ឋភិបាលឲ្យបានល្អក្នុងថ្ងៃប្រារព្ធពិធីសម្ពោធផ្លូវនាពេលខាងមុខ។
សូមបញ្ជាក់ថា ផ្លូវជាតិលេខ៥៨ ដែលតភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅក្រុងសំរោង ខេត្តឧត្តរមានជ័យ នេះ បានបើកការដ្ឋានកសាងកាលពីខែមិថុនា ឆ្នាំ២០១៥ ហើយត្រូវបានកសាងរួចរាល់ជាស្ថាពរនៅខែកុម្ភៈ ឆ្នាំ២០១៩ ។ ផ្លូវជាតិលេខ៥៨នេះ ត្រូវបានកសាងឡើងក្រោមប្រាក់កម្ចីសម្បទានពីរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន ថវិកា និងបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងចំនួនទឹកប្រាក់១២២លានដុល្លា។
ក្នុងឱកាសចុះពិនិត្យមើលផ្លូវជាតិលេខ៥៨ កាលពីពេលកន្លងទៅ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ថា ផ្លូវជាតិលេខ៥៨នេះ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់(DBS) ដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ រង្វង់មូលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅកាន់ខេត្តឧត្តរមានជ័យ ហើយក្រសួងសាធារណៈការនិងដឹកជញ្ជូន ក៏និងខិតខំកែសម្រួលផ្លូវថ្នល់ពីប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់(DBST)អោយទៅជាផ្លូវកៅស៊ូ(AC) ដើម្បីធ្វើយ៉ាងណាអោយផ្លូវនៅក្នុងប្រទេសកម្ពុជាកាន់តែមានគុណភាពខ្ពស់ ស្របតាមគោលការណ៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយធ្វើយ៉ាងណាអោយផ្លូវកាន់តែមានគុណភាពខ្ពស់៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ