ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេតិកភណ្ឌ​រស់​តំបន់​អង្គរ​ជា​ផ្នែក​មួយ​ទាក់ទាញ​អ្នកទេសចរ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖ ​ក្រៅពី​ប្រាសាទ​ដ៏​ល្បី​លាញ ឧទ្យាន​អង្គរ​នៅ​មាន​មរតក​រស់​ដែល​គេ​ហៅ​ថា​ជា បេតិកភណ្ឌ​អរូបី ដូច​ជា ទំនៀមទម្លាប់ ប្រពៃណី ពិធីបុណ្យ​ទាន បន់ស្រន់…

ខេត្តសៀមរាប ​៖ ​ក្រៅពី​ប្រាសាទ​ដ៏​ល្បី​លាញ ឧទ្យាន​អង្គរ​នៅ​មាន​មរតក​រស់​ដែល​គេ​ហៅ​ថា​ជា បេតិកភណ្ឌ​អរូបី ដូច​ជា ទំនៀមទម្លាប់ ប្រពៃណី ពិធីបុណ្យ​ទាន បន់ស្រន់ សាសនា ព្រមទាំង​សិប្បកម្ម និង​របៀបរបប​រស់នៅ​ប្រចាំ​ថ្ងៃ​ដែល​អ្នកស្រុក​នៅ​តំបន់​អង្គរ​បាន​ប្រកាន់​ខ្ជាប់ខ្ជួន និង​ប្រតិបត្តិ ត​ៗ​គ្នា​រាប់​ជំនាន់​មក​ហើយ ។

ផេ​ក​អាជ្ញាធរ​ជាតិ​អប្សរា​ផ្សាយ​កាលពី​ថ្ងៃ​ទី​១៦ កុម្ភៈ ២០២០ ថា ក្នុង​ឱកាស​គម្រប់​ខួប​២៥​ឆ្នាំ​នៃ​ការ​បង្កើត​អាជ្ញាធរ​ជាតិ​អប្សរា លោក​ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​បាន​លើក​ឡើង​ថា ទាំងនេះ​សុទ្ធ​សឹង​ជា​អ្វី​ដែល​ភ្ញៀវ​ទេសចរ​ចង់​ឃើញ ចង់​ដឹង និង​ចង់​ស្រាវជ្រាវ​ឈ្វេងយល់​អំពី​មរតក​រស់​ក្រៅពី​ប្រាសាទ ។

ការ​រៀបចំ​ភូមិឋាន ផ្ទះ កន្លែង​សិប្បកម្ម​តាម​បែប​បុរាណ មធ្យោបាយ​ធ្វើ​ដំណើរ​តាម​រទេះគោ សុទ្ធ​តែ​ជា​ផលិតផល​បន្ថែម​ទៀត​សម្រាប់​ភ្ញៀវ​ទេសចរ​ទស្សនា ដែល​ទទួល​បាន​បទ​ពិសោធន៍ ហើយ​នាំ​អារម្មណ៍​ភ្ញៀវ​ទាំងនោះ​ឱ្យ​មើលឃើញ​អំពី​របៀបរបប​នៃ​ការ​រស់នៅ​របស់​ប្រជាជន​ខ្មែរ​យើង​កាលពី​សម័យ​អង្គរ ។

បច្ចុប្បន្ន​ប្រពៃណី​មួយ​ចំនួន ដែល​អ្នក​នៅ​តំបន់ ផ្សេង​ៗ​បាន​បំភ្លេច​ចោល ឬ​មិនសូវ​យកចិត្តទុក​ដាក់ ហើយ​អ្នកស្រុក​តំបន់​អង្គរ​នៅ​តែ​កំពុង​បន្ត​ប្រតិបត្តិ​នៅឡើយ ដូច​ជា ពិធី​កោរ​ជុក ពិធី​ឡើង​អ្នកតា ពិធី​ហៅ​ទឹកភ្លៀង ពិធី​ហៅ​ព្រលឹង​។​ល​។ អាជ្ញាធរ​ជាតិ​អប្សរា ដែល​មាន​ភារកិច្ច​គ្រប់គ្រង​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ កំពុង​ផ្តោត​ការ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​លើ​ទំនៀម​ទាំង​អស់​នេះ ដោយ​ធ្វើ​យ៉ាងណា​ឱ្យ​ទំនៀម​ទាំង​អស់នេះ​អាច​គង់វង្ស​តកូនតចៅ​រហូត​ទៅ និង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បន្ថែម​ទៀត ។

តំបន់​អង្គរ ឬ​រមណីយដ្ឋាន​អង្គរ ដែល​ត្រូវ​បាន​ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក​នេះ​នា​ឆ្នាំ​១៩៩២ មាន​ផ្ទៃដី​សរុប​៤០១ គីឡូម៉ែត្រ​ក្រឡា ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ប្រាសាទ បុរាណ​ដ្ឋា​ន ស្ថានីយ​បុរាណវិទ្យា​ចំនួន​៩១ បរិស្ថាន និង​សហគមន៍​មនុស្ស​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ