ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះ​យំ​សំពះសុំជួយអន្តរាគមន៍​ ក្រោយភ្លើង​ឆេះ​​​៤​ល្វែង អស់ជិត​៦០​ម៉ឺនដុល្លារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ម្ចាស់ផ្ទះ​ទាំង​៤​ល្វែង​ដែល​រង​គ្រោះ​ដោយសារ​តែ​អគ្គី​ភ័យ​ឆាបឆេះ​ខ្សែ​កា​ប្លិ៍​​នៅ​លើ​បង្គោល​ហើយ​​រាលដាលដល់​ផ្ទះរបស់​​ពួក​គាត់​ បណ្ដាល​ឲ្យ​ឆាបឆេះ​យ៉ាង​​សន្ធោ​​សន្ធៅ​អស់ទាំង​ស្រុង​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២០​ នេះ​ថា ពួក​គាត់​ខ្លះ​ត្រូវ​ខាតបង់​ប្រាក់​អស់​ជិត​១០​ម៉ឺន​ដុល្លារ​ និង​ខ្លះ​ទៀត​អស់​ជាង​២០​ម៉ឺន​ដុល្លារ ដែល​សរុប​ទំហំ​នៃ​ការ​ខាតបង់​ខាងលើ​មាន​រហូត​ដល់​ទៅ​ជិត​៦០​ម៉ឺន​ដុល្លារ​ឯណោះ​…

រាជធានី​ភ្នំពេញ ​៖ ម្ចាស់ផ្ទះ​ទាំង​៤​ល្វែង​ដែល​រង​គ្រោះ​ដោយសារ​តែ​អគ្គី​ភ័យ​ឆាបឆេះ​ខ្សែ​កា​ប្លិ៍​​នៅ​លើ​បង្គោល​ហើយ​​រាលដាលដល់​ផ្ទះរបស់​​ពួក​គាត់​ បណ្ដាល​ឲ្យ​ឆាបឆេះ​យ៉ាង​​សន្ធោ​​សន្ធៅ​អស់ទាំង​ស្រុង​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២០​ នេះ​ថា ពួក​គាត់​ខ្លះ​ត្រូវ​ខាតបង់​ប្រាក់​អស់​ជិត​១០​ម៉ឺន​ដុល្លារ​ និង​ខ្លះ​ទៀត​អស់​ជាង​២០​ម៉ឺន​ដុល្លារ ដែល​សរុប​ទំហំ​នៃ​ការ​ខាតបង់​ខាងលើ​មាន​រហូត​ដល់​ទៅ​ជិត​៦០​ម៉ឺន​ដុល្លារ​ឯណោះ​ ។​ នេះ​បើ​តាម​​ពួក​គាត់​បាន​បូក​សរុប​នូវ​តម្លៃ​ទំនិញ​​ផ្សេងៗ​រួម​ជាមួយ​ទ្រព្យសម្បត្តិ សម្ភារៈ​ប្រើប្រាស់​នៅ​ក្នុងផ្ទះ​ប្រចាំ​ថ្ងៃ និង​លុយកាក់​ដែល​មាន​ផង​ដែរ​។

សូម​​រំលឹក​​ថា ផ្ទះ​កើតហេតុ​ទាំង​៤​ល្វែងខាងលើ​​នោះ​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​វ៉េ​ង​ស្រេង ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ហើយ​ត្រូវ​បាន​ភ្លើង​ឆាបឆេះ​បណ្ដាល​​ឱ្យរងការ​ខូចខាតអស់ទាំង​ស្រុង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២០ គឺ​រយៈពេល​២​ថ្ងៃមុន​កន្លង​មកនេះ​ ។

នៅ​ក្នុង​ពេល​កើត​មាន​គ្រោះ​អគ្គី​ភ័យ​នេះ​ឡើង អាជ្ញាធរ​និង​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចេញ​អន្តរាគមន៍​ភ្លាម​ៗ ហើយ​ក៏​បាន​ហៅ​ថ​យន្ត​ពន្លត់អគ្គីភ័យ​រហូត​ពី​បណ្ដា​អង្គភាព​និង​ក្រុមហ៊ុន​នានា​ចំនួន​២០​គ្រឿង​ចេញ​ទៅអន្តរាគមន៍​​បាញ់​ពន្លត់​រហូត​រលត់​ទៅ​វិញ ប៉ុន្តែ​ផ្ទះ​ចំនួន​៤​ល្វែង​ត្រូវ​ភ្លើង​ឆេះ​អស់​ទាំងស្រុង ចំណែក​១​ល្វែង​ទៀត​​ដែល​​ជា​ល្វែង​ទី​៥ ក៏​ត្រូវ​បានភ្លើង​​ឆាបឆេះ​ខ្លះ​ដែរ​ តែ​ត្រូវ​បាន​ពន្លត់​ទាន់​ពេល​។

បើ​តាម​ប្រភពពី​​បុរស​ដែល​ជា​ម្ចាស់ផ្ទះ​ទី​១​ ឈ្មោះ​ហ៊ ម៉េ​ង ហៀ​ប អាយុ​៣៨​ឆ្នាំ មុខរបរ​លក់​ពូក​និង​គ្រឿង​សង្ហារ​រឹម ​បាន​ឱ្យ​ដឹង​ថា ​អគ្គិភ័យ​បាន​ឆាប​​ឆេះ​​​រង​ការ​ខូចខាត​ផ្ទះ​១​ល្វែង​រួម​ទាំង​ពូក​ និង​គ្រឿង​សង្ហារ​រឹម​ព្រមទាំង​ទ្រព្យសម្បត្តិ​ដៃ​ទៃ​ៗទៀត​ និង​លុយកាក់​ផង​សរុប​ចំនួន​២៤​ម៉ឺន​ទៅ​២៥​ម៉ឺន​ដុល្លារ​។

រីឯ​បុរស​ដែល​ជា​ម្ចាស់ផ្ទះ​ទី​២​ ឈ្មោះ ជួន ទិ​ត្យ ហៅ ជាង អ៊ួ​យ អាយុ​៣៦​ឆ្នាំ មុខរបរ​លក់​ម៉ូតូ​ធន់​ធំ ​និង​​ជា​ជាង​ជួសជុល​ម៉ូតូ​ធំ​ បាន​ឱ្យ​ដឹង​ថា​ ​អគ្គិភ័យ​បាន​ឆាប​​ឆេះរង​ការ​​ខូចខាត​ផ្ទះ​១​ល្វែង រួម​ទាំង​ម៉ូតូ​ធំ​ចំនួន​២៥​គ្រឿង និង​ទ្រព្យសម្បត្តិ​លុយកាក់​ព្រមទាំង​គ្រឿង​បន្លាស់​ម៉ូតូ​និង​សម្ភារៈ​ផ្សេង​ទៀត សរុប​ជា​ជា​ទឹកប្រាក់​ចំនួន​៩៥.០០០​ដុល្លារ ​។ ​ចំណែក​បុរស​ដែល​ជា​ម្ចាស់ផ្ទះ​ទី​៣​ឈ្មោះ សួ​ស កុសល អាយុ​៣៩​ឆ្នាំ មុខរបរ​លក់​ម៉ូតូ​ធន់​តូច​គ្រប់​ប្រភេទ ​បាន​ឱ្យ​ដឹង​ថា ​អគ្គិភ័យ​បានឆាប​ឆេះរង​ការ​​ខូចខាត​ផ្ទះ​២​ល្វែង រួម​ជាមួយ​ម៉ូតូ​ធន់​តូ​ត​ចំនួន​៧៧​គ្រឿង ចំណែកឯ​ម៉ូតូ​ចំនួន​៩​គ្រឿង​ទៀតត្រូវភ្លើង​​ឆេះ​ខ្លោច​ដែរ​ តែ​អាច​នៅ​កែកុន​ប្រើប្រាស់​បាន​ទាំង​លំបាក រីឯ​ទ្រព្យសម្បត្តិ​លុយកាក់ សម្ភារៈ​ប្រើប្រាស់​ក្នុងផ្ទះ ព្រមទាំង​សម្លៀក​បំពាក់​ផ្ទាល់ខ្លួន​និង​ក្រុម​គ្រួសារ​ផង​ដែរ បច្ចុប្បន្ន​​គាត់​នៅ​សល់​តែ​ខោជើង​ខ្លី​១​​ដែល​ស្លៀក​ជាប់​ខ្លួន ​សូ​ម្បី​តែ​អាវ​ក៏​គ្មាន​ផង ហើយ​សរុប​ការ​ខូចខាត​ខាងលើ​អស់​ចំនួន​២២​ម៉ឺន​ដុល្លារ ។

​នៅពេលនេះ​​ដែរ ​បុរស​ដែល​ជា​ម្ចាស់ផ្ទះ​ទី​៣​លក់​ម៉ូតូ​ធុន​តូច​គ្រប់​ប្រភេទ​ដដែល​នេះ​បាន​និយាយ​បណ្ដើរ​យំ​បណ្ដើរ​ហើយ​លើកដៃ​សំពះ​ទទូច​សុំ​ក្ដី​សន្ដោស​ប្រណី​ពី​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន​ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំង​អាជ្ញាធរ​គ្រប់​លំ​ដាប់​​ថ្នាក់​ មេត្តា​ជួយ​រក​ដំណោះស្រាយ​​ដល់​​ពួក​គាត់​ផង​ ។

​បុរស​ដដែលថែម​ទាំង​បាន​បញ្ជាក់​ថា គ្រោះ​មហន្តរាយ​មួយ​នេះ​ពុំ​មែន​ជា​កំហុស​ឬ​ជា​ការ​ធ្វេសប្រហែស​របស់​ពួក​គាត់​ដែល​បង្ក​ជា​អគ្គី​ភ័យ​នោះ​ទេ ប៉ុន្តែ​វា​បាន​កើតឡើង ព្រោះតែ​ការ​ទុ​ស្សេ​ចរន្តអគ្គិសនី​ឆេះ​ខ្សែភ្លើង​លើ​បង្គោលភ្លើង​ ហើយ​ក៏​ឆាបឆេះ​រាល​ដាល​ដល់​ផ្ទះ​របស់​ពួក​គាត់​តែ​ម្ដង​ ។ ​ហើយគាត់​​បាន​ខ្ចីបុល​ចងការ​ប្រាក់​ពី​ធនាគារ​ជាង​៤​ម៉ឺន​ដុល្លារ បូក​រួម​ជាមួយ​លុយ​ដែល​មាន​ផ្ទាល់ខ្លួន ​ព្រមទាំង​លុយ​បងប្អូន​ប​ង្កើ​ត​និង​បងប្អូន​ជីដូនមួយ​ចំនួន​១១​នាក់​ទៀត​ទិញ​ម៉ូតូ​ទាំងនោះ​ដាក់​លក់​រក​សុ​ី តែ​ពេល​នេះ​អ្វី​ៗ​ត្រូវ​រលាយ​ត្រឹមតែ​មួយ​ប៉​ប្រិច​​ភ្នែក ហើយ​ថែម​ទាំង​ជំពាក់​លុយ​គេ​វ័ណ្ឌក​ទៀត ព្រោះ​ម៉ូតូ​ក្លាយជា​ដែក​អេ​ត​ចាយ​អស់​ទៅ​ហើយ​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ