ហុងកុង៖ ដោយសារតែការរីករាលដាលនៃជំងឺរលាកសួតថ្មីបង្កឡើងដោយវីរុស COVID-19 កំពុងធ្វើឲ្យពិភពលោកកំពុងភ័យព្រួយខ្លាំង ស្រាប់តែនៅព្រឹកថ្ងៃច័ន្ទ ទី១៧ កុម្ភៈនេះ មានករណីប្លន់ប្រដាប់អាវុធមួយបានកើតឡើង តែនោះមិនមែនជាការប្លន់យកទ្រព្យសម្បតិ្តមាសពេជ្រ ឬម៉ូតូរថយន្តអ្វីនោះទេ ។
ក្រុមក្មេងទំនើងមួយក្រុមប្រដាប់ដោយកាំបិតខ្លី នៅហុងកុងបានប្លន់យកនូវក្រដាសអនាម័យ ឬក្រដាស់បង្គន់ដែលមានទំហំទឹកប្រាក់ប្រមាណជាង ១០០០ ដុល្លារហុងកុង (ជាង៧៤ដុល្លារអាមេរិក) ខណៈដែលការភ័យស្លន់ស្លោដោយសារវីរុស COVID-19 ហាក់ពុំមានបង្ហាញសញ្ញានៃការធូរស្បើយទេ និងបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់១៧៧៥នាក់គិតត្រឹមព្រឹកថ្ងៃទី ១៧ កុម្ភៈនេះ ។
យោងតាមការចុះផ្សាយរបស់ South China Morning Post បានឲ្យដឹងថាករណីនេះបានកើតឡើងដោយមានបុរសពាក់ម៉ាស់បីនាក់បានលួចក្រដាសអនាម័យចំនួន៦០០ដុំក្នុងកញ្ចប់ប្រហែល៥០កញ្ចប់ពីបុរសអ្នកចែកចាយម្នាក់នៅខាងក្រៅហាង Wellcome នៅវេលាប្រហែលម៉ោង៦ព្រឹកថ្ងៃច័ន្ទ។ ប៉ូលិសបាននិយាយថាបុរសម្នាក់ក្នុងចំណោមនោះត្រូវបានប្រដាប់ដោយកាំបិត។
ឧប្បត្តិហេតុនេះកើតឡើងបន្ទាប់ពីមានការភ័យស្លន់ស្លោជាច្រើនសប្តាហ៍ក្នុងការទិញទំនិញនៅផ្សារទំនើបនានានៅទូទាំងទីក្រុង បន្ទាប់ពីមានពាក្យចចាមអារាមតាមអុីនធើរណេតបង្កឱ្យមានការភ័យខ្លាចចំពោះការខ្វះខាតទំនិញសំខាន់ៗដែលបណ្តាលមកពីការផ្ទុះឡើងនៃវីរុសដែលមានប្រភពមកពីប្រទេសចិនដីគោកនោះ ។
ប៉ូលិសហុងកុងកំពុងតែតាមប្រមាញ់ក្រុមក្មេងទំនើងពាក់ព័ន្ធនឹងការប្លន់យកក្រដាសបង្គន់នេះផងដែរ ។
សូមបញ្ជាក់ថា ទីក្រុងហុងកុងបានកត់ត្រាករណីឆ្លងទី៥៧របស់ខ្លួនកាលពីថ្ងៃអាទិត្យ ហើយមានអ្នកស្លាប់ម្នាក់នៅទីក្រុងពាណិជ្ជកម្មមួយនេះ ខណៈនៅទូទាំងពិភពលោកមនុស្សជាង៧ម៉ឺននាក់បានធ្លាក់ខ្លួនឈឺហើយជាង ១.៧០០ នាក់បានស្លាប់ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ