រាជធានីភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ បានសម្រេចចេញដីការឃុំខ្លួនជនសង្ស័យចំនួន១១នាក់ពាក់ពីបទល្មើស.លួចមានស្ថានទម្ងន់ទោស(ឆក់កាបូប ឆក់ទូរស័ព្ទដៃ ជាក្រុម) ដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន រង់ចាំផ្តន្ទាទោសតាមច្បាប់ចូលជាធរមាន ។
ជនសង្ស័យទាំង១១នាក់ មានជា៣ ក្រុម ត្រូវបានកម្លាំងសមត្ចកិច្ចនគរបាលខណ្ឌដូនពេញ បើកកិច្ចប្រតិបត្តិការបង្ក្រាបរយៈពេល៤យប់៥ថ្ងៃ ដែលពួកគេសុទ្ធសឹងជាមុខសញ្ញាឆក់យ៉ាងសកម្ម ។ ក្រោយឃាត់ខ្លួនសមត្តកិច្ចបានតម្រូវ(កោសក់)ជនសង្ស័យទាំងអស់ រួចហើយបានបង្ហាញចំពោះអ្នកសារព័ត៌មាន មុនបញ្ជូនពួកគេទៅសាលាដំបូងរាជធានីភ្នំពេញ ។
សូមរំលឹកថា កាលពីវេលារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដូនពេញ បានរៀបចំធ្វើសន្និសីទសារព័ត៌មាន បង្ហាញមុខជនសង្ស័យ១១នាក់ ដែលជាមុខសញ្ញាធ្វើសកម្មភាពឆក់យ៉ាងសកម្មនៅមូលដ្ឋានខណ្ឌដូនពេញ ក៏ដូចជាក្នុងរាជធានីភ្នំពេញដែរ ។
ក្នុងសន្និសិទ្ធិសារព័ត៌មាននោះលោកវរៈសេនីយ៍ឯក ទៀង ចាន់សា អធិការនគរបាលខណ្ឌដូនពេញ បានថ្លែងឲ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ គឺមានរយៈពេល៤ថ្ងៃ កម្លាំងនគរបាលជំនាញខណ្ឌដូនពេញ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ រួមនឹងម៉ូតូធ្វើសកម្មភាពចំនួន៦គ្រឿង នៅទីតាំងផ្សេងគ្នា ។
លោក ទៀង ចាន់សា បន្តថា ក្រោយពីទទួលបានបទបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និង ជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចនគរបាលជំនាញខណ្ឌដូនពេញ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យជាក្រុមឆក់ទាំង១១នាក់នេះ នឹងម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព៦គ្រឿងត្រូវបានដកហូត ។ ដោយសារក្រុមនេះជាមុខសញ្ញាឆក់យ៉ាងសកម្ម ដែលពួកគេមានភាពស្វាហាប់ រហ័សរហួត នឹងមានគ្នាច្រើននាក់ផងនោះ ខណៈបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តម្រូវឱ្យកោសក់ទាំងអស់ ដើម្បីជាភាពងាយស្រួលក្នុងការគ្រប់គ្រង ។
ក្រោយពីតំណាងអយ្យការធ្វើការសាកសួររយៈពេល២ថ្ងៃ បានសម្រេចចោទប្រកាន់ជាផ្លូវការ រួចបញ្ជូនទៅចៅក្រមសម្រេចឃុំខ្លួនដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្នតែម្តងទៅ ៕
ចែករំលែកព័តមាននេះ