ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីប​ម៉ុង​នាំមុខ​មួយ​ជំហាន​ទៀត​ក្នុង​វិស័យ​​ធនាគារ ដោយ​ប្រកាស​សម្ពោធ​ភ្នាក់​ងារ​ធនាគារ​ជា​ផ្លូវការ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ធនាគារ ជីប ម៉ុង ដែល​ទើប​ដំណើរការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប្រមាណ​ជាង​១​ឆ្នាំ​ប៉ុណ្ណោះ តែ​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ធ្វើ​ឱ្យ​ធនាគារ​នេះ បាន​បោះ​ជំហាន​ទៅ​មុខ​មួយ​កម្រិត​ទៀត ដោយ​បាន​បង្កើត…

រាជធានី​ភ្នំពេញ ៖ ធនាគារ ជីប ម៉ុង ដែល​ទើប​ដំណើរការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប្រមាណ​ជាង​១​ឆ្នាំ​ប៉ុណ្ណោះ តែ​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ធ្វើ​ឱ្យ​ធនាគារ​នេះ បាន​បោះ​ជំហាន​ទៅ​មុខ​មួយ​កម្រិត​ទៀត ដោយ​បាន​បង្កើត និង​ប្រកាស​សម្ពោធ​ជា​ផ្លូវការ ភ្នាក់ងារ​ធនាគារ​បន្ថែម​ទៀត ដើម្បី​សម្រួល​ដល់​អតិថិជន​ដែល​ត្រូវការ​ទទួល​សេវា​ធនាគារ​ពី​ជីប​ម៉ុង ។

យោង​តាម​ប្រសាសន៍​លោក​ឧកញ៉ា លាង ម៉េ​ង ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ ជីប ម៉ុង បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ភ្នាក់ងារ​ធនាគារ ជីប ម៉ុង កាលពី​រសៀល​ថ្ងៃ​ទី​១៤ កុម្ភៈ ២០២០ បានឱ្យ​ដឹង​ថា ការ​បង្កើត​ភ្នាក់ងារ​ធនាគារ ជីប ម៉ុង គឺ​ដើម្បី​ឱ្យ​ពលរដ្ឋ​ដែល​ជា​អតិថិជន​របស់​ធនាគារ ជីប ម៉ុង និង​ពលរដ្ឋ​កម្ពុជា​ទាំងមូល អាច​ទទួល​បាន​នូវ​សេវាកម្ម​របស់​ធនាគារ ជីប ម៉ុង កាន់តែ​មាន​ភាព​ងាយស្រួល ដូច​ជា​ការ​ដក​ដាក់​ប្រាក់​របស់​អតិថិជន​នៅ​ក្នុង​ប្រព័ន្ធ​ធនាគារ​របស់​ជីប​ម៉ុង ។

លោក​ថា ៖ «​ការ​អភិវឌ្ឍ​នៃ​បច្ចេកវិទ្យា ជា​ពិសេស​នៅ​ក្នុង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​អាកប្បកិរិយា​របស់​ប្រជាជន​ក្នុង​ការ​បង្វិល និង​ទូទាត់​ប្រាក់​។ ក្នុង​នោះ​ដែរ ធនាគារ ជីប ម៉ុង ជា​ស្ថាប័នហិរញ្ញវត្ថុ​ឈានមុខ​គេ​បាន និង​កំពុង​ខិតខំ​ប្រឹងប្រែង ដើម្បី​ធ្វើការ​ផ្តល់​សេវាកម្ម​ការ​បង្វិល និង​ទូទាត់​ប្រាក់​ដ៏​មាន​ប្រសិទ្ធភាព​ដែល​មាន​ភាព​រហ័ស មាន​សុវត្ថិភាព ចំណេញ​ទាំង​ពេលវេលា និង​ថវិកា សម​ស្រប​ទៅ​តាម​តម្រូវការ​របស់​អតិថិជន​»​។

លោក​ឧកញ៉ា​បន្ត​ថា ការ​បង្កើត​ភ្នាក់ងារ​ធនាគារ​របស់​ជីប​ម៉ុង មិនមែន​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ភ្នាក់ងារ​វេរ​លុយ​ផ្សេង​ៗ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ឡើយ ដោយសារ​តែ​យុទ្ធសាស្ត្រ​អាជីវកម្ម​របស់​ជីប​ម៉ុង និង​ក្រុមហ៊ុន​ផ្ទេរ​ប្រាក់​ផ្សេង​ៗ​មាន​ភាព​ខុស​គ្នា ដោយ​ភ្នាក់ងារ ជីប​ម៉ុង មិនមែន​បង្កើត​ឡើង​ដើម្បី​ផ្ដោត​ទៅ​លើ​តែ​ការ​ផ្ទេរ​ប្រាក់ ដើម្បី​យក​កម្រៃ​សេវា​នោះ​ទេ តែ​ភ្នាក់ងារ​ជីប​ម៉ុង​នឹង​មាន​បម្រើសេវា​ធនាគារ​ជា​ច្រើន ដូច្នេះ​ហើយ​ទើប​ជីប​ម៉ុង​ត្រូវការ​ជ្រើសរើស​ដៃគូ​ដែល​មាន​ជំនាញ​ច្បាស់លាស់ និង​យុទ្ធសាស្ត្រ​ត្រឹមត្រូវ​ជាមួយ​ខ្លួន ។

លោក​ឧកញ៉ា​បន្ថែម​ថា ក្នុង​ឆ្នាំ ២០២០ នេះ ជីប​ម៉ុង មាន​យុទ្ធសាស្ត្រ​បង្កើន​សាខា​ធនាគារ​ឱ្យ​បាន​២៥​ទីតាំង និង​ភ្នាក់ងារ​ធនាគារ​ឱ្យ​បាន​៥០០​កន្លែង នៅ​ទូ​ទាំង​ប្រទេស ដើម្បី​ជំរុញ​ការ​ធ្វើ​អាជីវកម្ម​ធនាគារ​របស់​ខ្លួន​កាន់តែ​ទូលាយ បម្រើ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា ។

តាម​រយៈ​ភ្នាក់ងារ​ធនាគារ ជីប ម៉ុង ប្រជាពលរដ្ឋ​កម្ពុជា មិន​ថា​នៅ​ទីក្រុង ទីរួមខេត្ត ឬ​ទីរួមស្រុក​នានា​នោះ​ទេ សូ​ម្បី​តែ​នៅ​តាម​បណ្តា ភូមិ ឃុំ ដាច់​ស្រយាល​ក៏​អាច​ធ្វើការ​បង់​វិក្កយបត្រ​ផ្សេង​ៗ បញ្ចូល​លុយ​ទូរស័ព្ទ និង​ដក​/​ដាក់​ប្រាក់​ក្នុង​គណនី​ធនាគារ ជីប ម៉ុង គ្រប់ពេលវេលា ដោយ​មាន​ភាព​រហ័ស និង​សុវត្ថិភាព​ខ្ពស់ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ