ខេត្តសៀមរាប ៖ សាលាបឋមសិក្សាភូមិទី៧ ដែលធ្វើអំពីផែបណ្តែតនៅលើផ្ទៃទឹកបឹងទន្លសាប ស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់ចុងឃ្នៀង ក្រុងសៀមរាប ចំនួន៤ផែ ចែកចេញជា៤ គឺ៖ផែទី ១-សម្រាប់សិស្សរៀន ផែទី២-សម្រាប់ លោកគ្រូ ជនជាតិវៀតណាមស្នាក់នៅ ផែទី៣-គឺសម្រាប់សិស្សហូបបាយ ក្នុង១ថ្ងៃ បីពេល ដោយមិនគិតថ្លៃ និងផែទី៤-ទុកសម្រាប់ភ្ញៀវទេសចរណ៍ជនជាតិវៀតណាម ឬជនជាតិផ្សេងៗ ចូលមកទស្សនា គឺជាទីឋានមួយប្រកបដោយសុខដុមរមនាត្រជាក់ត្រជុំ ។
បើតាមប្រសាសន៍របស់លោកនាយកសាលា ច្រឹង យ៉ាំង ទឺ ដែលជាជនជាតិវៀតណាម បានមានប្រសាសន៍ថា សាលាបឋមសិក្សាភូមិទី៧ របស់ លោកនេះ គឺជាសាលាសមាគមបង្រៀនសិស្ស ដោយឥតគិតលុយ ហើយមានអាហារសម្រាប់សិស្សចំនួន៣ពេលផងដែរ ។ លោកបានបន្តថា សាលាបង្រៀននេះ កសាងឡើងនៅអំឡុងឆ្នាំ២០០៦ ដំបូងមានតែ១ខ្នង២បន្ទប់ មានចំនួនសិស្សប្រុសស្រីជាង១០០នាក់ ដែលមានគ្រូជាជនជាតិវៀតណាម ចំនួន២នាក់ ។ ដល់ឆ្នាំ២០០៩ លោកបានស្នើទៅប្រទេសវៀតណាមសុំថវិកា និងអង្ករពីសមាគមនៅប្រទេសវៀតណាម ដើម្បីយកមកកសាងសាលារៀនបន្ថែមទៀត បានចំនួន២ខ្នងស្មើនឹង២ផែ ឱ្យក្មួយៗបានរៀនសូត្រផងដែរ ។
លោកថា ក្នុងនោះចែកចញជាពីរ៖ ផែទី១ មានចំនួន៦បន្ទប់ មានសិស្សសរុបចំនួន២៦៥នាក់ ក្នុងនោះស្រី១៥៥នាក់ មានគ្រូបង្រៀនស្ម័គ្រចិត្តចំនួន៥នាក់ ក្នុងនោះមានគ្រូខ្មែរចំនួន២នាក់ ស្រីម្នាក់ ដែលជាគ្រូស្ម័គ្រចិត្ត មកពីមន្ទីរអប់រំយុវជននិងកីឡា ខេត្តសៀមរាប។ លោកបានបន្ថែមថា ចំពោះលោកគ្រូអ្នក គ្រូដែលមកបង្រៀនសិស្សជារៀងរាល់ថ្ងៃនេះ សុទ្ធជាកូនជនជាតិវៀតណាមទាំងអស់ ។
ការបង្រៀននេះចាប់ពីថ្ងៃចន្ទ ដល់សៅរ៍ ចែកចេញជាពីរវេន៖ ពេលព្រឹក ចាប់ពីម៉ោង៧ ដល់ម៉ោង ១១ ថ្ងៃត្រង់ គឺជាលោកគ្រូ អ្នកគ្រូ ដែលជាជនជាតិខ្មែរបង្រៀនអក្សរខ្មែរ ហើយចាប់ពីម៉ោង២រសៀល ដល់ម៉ោង៤និង៣០នាទីល្ងាច គឺជាលោកគ្រូ វៀតណាមទាំងអស់បង្រៀនអក្សរវៀតណាម ។ ផែទី២ ទុកសម្រាប់ សិស្សហូបបាយដែលមករៀនពេញ១ថ្ងៃ ដោយមានបាយ៣ពេលផងដែរ ។
លោកបានបញ្ជាក់ទៀតថា នៅអំឡុងឆ្នាំ២០១១ លោកបានទៅប្រទេសវៀតណាម ក្នុង១ខែម្តង ដើម្បីស្នើសុំទៅសមាគមវៀតណាមម្តងទៀត សុំធ្វើផែបន្ថែមចំនួន២ផែ ទុកសម្រាប់ឱ្យលោកគ្រូសម្រាក និងទុកសម្រាប់ភ្ញៀវបរទេស ជនជាតិវៀតណាម និងភ្ញៀវផ្សេងៗទៀត ដែលចូលមកទស្សនាកំសាន្ត ព្រមទាំងចូលទៅតាមវត្តអារាមនានា នៅប្រទេសវៀតណាម ដើម្បីស្នើសុំអង្ករយកមកទុកឧបត្ថម្ភដាំបាយជូនពួកគាត់ផងដែរ ។ លោកបានបន្ថែមទៀតថា បន្ទាប់ពីធ្វើផែទាំង៤នោះរួចរាល់ហើយ មានសប្បុរជនដែលជាជនជាតិអូស្ត្រាលី បានឧបត្ថម្ភនូវទូកស្មាច់ចំនួន២០ទុកសម្រាប់ឱ្យសិស្សជិះទៅមករៀន ។
ជាចុងក្រោយ លោកនាយកសាលាបឋមសិក្សាភូមិទី៧ បានសំណូមពរដល់អាជ្ញាធរខេត្ត ក៏ដូចជាសប្បុរជនទាំងអស់ មេត្តាជួយឧបត្ថម្ភ ជាអង្ករក្តី ថវិកាក្តី ម្ហូបក្តី ជូនដល់ពួកគាត់ផង ដើម្បីយកមកទុកដាំបាយ ឬធ្វើម្ហូបជូនពួកគាត់ជាសិស្សនិងគ្រូមុននឹងត្រឡប់ទៅផ្ទះវិញ ។គួរបញ្ជាក់ផងដែរថា ក្នុងសាលារៀននោះ មានទឹកស្អាត ដោយប្រើបាសាំងទឹកដែលទិញយកមកពីប្រទេសវៀតណាម និងភ្លើងប្រើដោយសូឡា ៕
ចែករំលែកព័តមាននេះ