ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​១​ខែ​សោះ​សម្រេច​៦​លើក​យ៉ាង​កក្រើក​ក្រុង​បាត់ដំបង ពេល​នេះ​អស់​លក្ខណ៍​​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តបាត់ដំបង ៖ បន្ទាប់​ពី​អំពើ​ចោរកម្ម «​កាច់​សោរ​លួច​ម៉ូតូ​» បាន​កើតឡើង​យ៉ាង​កក្រើក​ក្រុង​បាត់ដំបង ក្នុង​រយៈពេល​ជាង​១​ខែ​កន្លង​ទៅ​នេះ ទីបំផុត​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការ​ខេត្ត បាន​ធ្វើការ​ស្រាយ​ជ្រាវ​ឃាត់ខ្លួន​បាន​២​នាក់ ដែល​ម្នាក់​ជា​ជន​ដៃដល់…

ខេត្តបាត់ដំបង ៖ បន្ទាប់​ពី​អំពើ​ចោរកម្ម «​កាច់​សោរ​លួច​ម៉ូតូ​» បាន​កើតឡើង​យ៉ាង​កក្រើក​ក្រុង​បាត់ដំបង ក្នុង​រយៈពេល​ជាង​១​ខែ​កន្លង​ទៅ​នេះ ទីបំផុត​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការ​ខេត្ត បាន​ធ្វើការ​ស្រាយ​ជ្រាវ​ឃាត់ខ្លួន​បាន​២​នាក់ ដែល​ម្នាក់​ជា​ជន​ដៃដល់ និង​ម្នាក់​ទៀត​ទទួល​ទិញ​ផល​ចោរកម្ម ហើយ​មន្ត្រី​ជំនាញ និង​កសាង​សំណុំរឿង​បញ្ជូន​ជន​ទាំង​២​នាក់​នេះ ទៅ​កាន់​សាលាដំបូង​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែកុម្ភៈ​នេះ ក្រោយ​ពី​បញ្ចប់​ការ​សួរនាំ​។

នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល លោក​ឈឿ​ង គឹ​ម​សុង បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ ជា ឆេ​ង អាយុ​២៤​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល ក្នុងភូមិ​រំចេក​៣ សង្កាត់​រតនៈ ក្រុង​បាត់ដំបង (​ជន​ដៃដល់​) និង​ម្នាក់​ទៀត​ឈ្មោះ ហេង ស​ន្ថា អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង (​អ្នកទិញ​ផល​ចោរកម្ម​) រីឯ​បក្សពួក​ជន​ដៃដល់​ម្នាក់​ទៀត​ឈ្មោះ ទុំ កំពុង​រត់គេច​ខ្លួន​។

លោក​គឹ​ម​សុង បាន​ប្រាប់​ថា ជន​ដៃដល់​រូប​នេះ បាន​ធ្វើ​សកម្មភាព «​កាច់​សោរ​លួច​ម៉ូតូ​» មួយ​គ្រឿង​ម៉ាក Zoomer របស់​ជន​រង​គ្រោះ ឈ្មោះ ឈុ​ន សុខ​លី​ន ភេទ​ស្រី អាយុ​២៨​ឆ្នាំ កាលពី​ថ្ងៃ​ទី​១១ កុម្ភៈ នេះ នៅ​ក្នុង​បរិវេណ​សាលា​ឌូ​វី ស្ថិត​ក្នុងភូមិ​រំចេក​៤ សង្កាត់​រតនៈ ហើយ​ត្រូវ​កម្លាំង​របស់​លោក ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោកស្នងការ​ខេត្ត បាន​ធ្វើការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន​ដៃដល់​ម្នាក់ និង​អ្នក​ទទួល​ទិញ​ផល​ចោរកម្ម​ម្នាក់ ក្រោយ​ហេតុការណ៍​បាន​កើតឡើង​មួយ​ថ្ងៃ​។ ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ មន្ត្រី​ជំនាញ​ដកហូត​បាន​ម៉ូតូ​ម៉ាក Zoomer X ចំនួន​២​គ្រឿង និង វត្ថុ​តាង​សម្រាប់​ប្រព្រឹត្ត​បទល្មើស​មួយ​ចំនួន​ទៀត​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ ជា ឆេ​ង សារភាព​ថា ខ្លួន និង​បក្សពួក​ម្នាក់​ទៀត​ឈ្មោះ ទុំ ដែល​កំពុង​រត់ចោលស្រុក ពិតជា​បាន​លួច​យក​ម៉ូតូ​នៅ​សាលា​ឌូ​វី​មែន​។ ហើយ​បាន​សារភាព​ទៀត​ថា ពួក​ខ្លួន​ធ្លាប់​ធ្វើ​សកម្មភាព «​កាច់​សោរ​លួច​ម៉ូតូ​» បែប​នេះ ចំនួន​៦​លើក​ហើយ ដោយ​គិត​ចាប់តាំងពី​ដើម​ខែមករា រហូត​មក​ដល់​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២០ នេះ ដែល​ជា​លើក​ចុង​ក្រោយ​នេះ នៅ​ក្នុង​សាលា​ឌូ​វី​។ ជនសង្ស័យ​ដ៏​សកម្ម​រូប​នេះ បាន​បញ្ជាក់​ថា បទល្មើស​ដែល​ពួក​ខ្លួន​បាន​ប្រព្រឹត្ត​ទាំងនេះ គឺ​ធ្វើ​ឡើង​តែ​នៅ​ក្នុង​ក្រុង​បាត់ដំបង​ប៉ុណ្ណោះ ហើយ​បាន​សម្រេច​ទាំង​៦​លើក​។

លោក ឈឿ​ង គឹ​ម​សុង នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​ប្រាប់​ថា បក្សពួក​ជន​នេះ​ម្នាក់​ទៀត​ដែល​កំពុង​គេចខ្លួន គឺជា​មេខ្លោង​ក្នុង​ការ​ធ្វើ​សកម្មភាព «​កាច់​សោរ​លួច​ម៉ូតូ​»​។ ក្រុម​នេះ​បាន​ធ្វើ​សកម្មភាព​យ៉ាង​កក្រើក​មួយ​រយៈ​ចុង​ក្រោយ​នេះ ហើយ​ក្រោយ​ពី​កម្លាំង​ជំនាញ​បាន​ធ្វើការ​ស៊ើបអង្កេត​យ៉ាង​ស្វិតស្វាញ ទើប​ឈាន​ដល់​ការ​បង្ក្រាប​បាន​។ ប៉ុន្តែ​យ៉ាងណា នៅ​សេស​សល់​បក្សពួក​ជន​នេះ​ម្នាក់​ទៀត ដែល​មន្ត្រី​ជំនាញ​កំពុង​តាម​ប្រមាញ់​។ ពេល​នេះ មន្ត្រី​ជំនាញ​កំពុង​ចងក្រង​សំណុំរឿង​បញ្ជូន​ជន​ទាំង​២​នាក់​ខាងលើ​នេះ ទៅ​កាន់​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី​ហើយ​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ