ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​សេដ្ឋកិច្ច​៖ អឺរ៉ុប​ព្យួរ​ផ្នែក​ខ្លះ​នៃ EBA លើ​មុខទំនិញ ខណៈ​GMAC រក្សា​ភាព​ស្ងៀម​ស្ងាត់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​ទី ១២ កុម្ភៈ បាន​សម្រេច​ព្យូ​រ​ផ្នែក​ខ្លះ​នៃ​ប្រ​ព​ន្ធ័​អនុ​គ្រោះ​ពន្ធ​លើ​គ្រប់មុខ​ទំនិញ​លើកលែងតែ​អាវុធ (Everything But Arms—EBA) ដែល​មាន​ទំហំ​ប្រមាណ…

រាជធានី​ភ្នំពេញ ៖ សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​ទី ១២ កុម្ភៈ បាន​សម្រេច​ព្យូ​រ​ផ្នែក​ខ្លះ​នៃ​ប្រ​ព​ន្ធ័​អនុ​គ្រោះ​ពន្ធ​លើ​គ្រប់មុខ​ទំនិញ​លើកលែងតែ​អាវុធ (Everything But Arms—EBA) ដែល​មាន​ទំហំ​ប្រមាណ ២០​ភាគរយ​ទៅ​លើ​ផលិតផល​មួយ​ចំនួន​ដូច​ជា សម្លៀក​បំពាក់ ស្បែកជើង ផលិត​ផល​ធ្វើ​ដំណើរ និង​ស្ករ​ជាដើម ដែល​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទឹកប្រាក់​នាំ​ចេញ​ប្រមាណ​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​នៃ​បរិមាណ​នាំ​ចេញ​សរុប​របស់​កម្ពុជា ។

​ចំណុច​ដែល​គួរ​ឲ្យ​កត់សម្គាល់​មួយ​នោះ គឺ​ក្នុង​ចំណោម​មុខទំនិញ​របស់​កម្ពុជា​ដែល​នឹង​ត្រូវ​បង់ពន្ធ​នាំ​ចូល​ទីផ្សារ​អឺរ៉ុប​នោះ គឺ​មិន​ពាក់ព័ន្ធ​នឹង​វិស័យ​ផលិត​កង់​សម្រាប់​ការ​នាំ​ចេញពី​កម្ពុជា​ទៅ​ទីផ្សារ​អឺរ៉ុប ។

​ខណៈ​មាន​មតិ​ជា​ច្រើន​បាន​បង្ហាញ​នូវ​ការ​ព្រួយបារម្ភ​ពី​ការ​ព្យូ​រ​ផ្នែក​ខ្លះ​នៃ EBA ពី​កម្ពុជា​នោះ មានការ​បញ្ចេញមតិ​ខុស​ៗ​គ្នា​ដែល​ខ្លះ​បាន​បន្ទោស​លើ​រដ្ឋាភិបាល ខ្លះ​លើក​ឡើង​ថា​មិន​មាន​បញ្ហា​ធំដុំ​នោះ​ទេ ។

​យ៉ាងណាមិញ ទំហំ​ប៉ះពាល់​ជាក់លាក់​យ៉ាងណា​នៅ​មិនដឹង​ច្បាស់​នៅឡើយ​ទេ ថា​តើ​ការ​សម្រេច​ព្យូ​រ​ផ្នែក​ខ្លះ​នៃ​មុខទំនិញ​របស់​កម្ពុជា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​ក្នុង​កម្រិត​ណា ហើយ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ណាមួយ​ដែល​ឈាន​ដល់​ការ​បិទទ្វារ​រោងចក្រ​និង​បាត់បង់​ការងារ​កម្មករ​-​កម្ម​កា​រិ​និ​ចំនួន​ប៉ុន្មាន​នាក់​នៅឡើយ​នោះ​ទេ ខណៈ​សមាគម​កាត់ដេរ​នៅ​កម្ពុជា​បដិសេធ​មិន​ឆ្លើយ​តប​លើ​ការ​សម្រេច​របស់​សហភាព​អឺរ៉ុប​ក្នុង ការ​ព្យូ​រ​ផ្នែក​ខ្លះ​នៃ EBA សម្រាប់​កម្ពុជា​នោះ។

​ជាមួយ​គ្នា​នោះ​ផង​ដែរ ក៏​មានការ​ចោទសួរ​ឡើង​ថា​តើ​ការ​សម្រេច​របស់​សហភាព​អឺរ៉ុប​លើ​ការ​ព្យួរ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​នេះ​វា​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ​ឬទេ ខណៈ​សម្រាប់​ក្រប​ខណ្ឌ​រដ្ឋាភិបាល​យល់​ឃើញ​ថា​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​ពឹងផ្អែក​លើ​វិស័យ​ច្រើន​បើ​វិស័យ​មួយ​ស្រុត​ចុះ​តែ​អាច​វិស័យ​ផ្សេង​នឹង​កើនឡើង ?

​លោក​ស៊ា​ង ថៃ មន្ត្រី​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​មាន​ប្រសាសន៍​ថា «​កំណើន​សេដ្ឋ​កិច្ចជាតិ​គឺ​ពាក់ព័ន្ធ​នឹង​វិស័យ​ជា​ច្រើន មិនមែន​ទាក់ទង​តែ​នឹង​ការ​នាំ​ចេញ​មួយ​មុខ​ទេ​។ ជូន​កាល វិស័យ​មួយ​ស្រុត​ចុះ​បន្តិចបន្តួច តែ​វិស័យ​ផ្សេង​ទៀត​មាន​សន្ទុះ​ខ្លាំង ក៏​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ទាំងមូល​នៅ​តែ​មាន​កំណើន​។ រាជរដ្ឋាភិបាល បាន​ដាក់​ចេញ​នូវ​វិធានការ​កែទម្រង់​មុត​ស្រួច ដើម្បី​ធានា​ថា ផលិតកម្ម​កម្ពុជា មាន​ភាព​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ផ្សេង​ៗ ពេល​ដែល​យើង​ត្រូវ​បង់ពន្ធ​លើ​ទំនិញ​ដែល​ត្រូវ​បាន​ដក​ភាព​អនុគ្រោះ​» ។

​បើ​តាម​មន្ត្រី​នាំពាក្យ​ក្រសួងពាណិជ្ជកម្ម​រូប​នេះ​បាន​បញ្ជាក់​ថា ទោះបីជា​មិន​ពេញចិត្ត​នឹង​វិធាន​ការណ៍​ដែល​មាន​ភាព​លំអៀង​នេះ​ក៏​ដោយ ក៏​កម្ពុជា​នៅ​តែ​ប្រកាន់​ជំហរ​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សហភាព​អឺរ៉ុប ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​កិច្ច​សហ​ប្រតប​ត្តិ​ការ និង​ផលប្រយោជន៍​ទាំង​សងខាង ។

​ចំណែក​លោក ខេន​លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ហៅ​ថា​GMAC ប្រាប់​កោះសន្តិភាព​យ៉ាង​ខ្លី​ថា «​បញ្ហា​EBA​នេះ​មិន​ទាន់​ដឹង​ថា​ប៉ះពាល់​ប៉ុន្មាន​នោះ​ទេ​។ សមាគម​កំពុង​ត្រួតពិនិត្យ ឬ​ធ្វើការ​វាយតម្លៃ​ពី​ផល​ប៉ះពាល់ ពេល​ត្រួតពិនិត្យ​រួច​ខាង​សមាគម​នឹង​ចេញ​សេចក្តី​ថ្លែង​ការ​រួម​មួយ តែ​មិន​ប្រាកដ​ថា​អាច​ចេញ​បាន​នៅ​ថ្ងៃនេះ ឬ​យ៉ាងណា​នោះ​ទេ​រង់ចាំ​ការ​ជាក់ស្តែង​» ។

​ទន្ទឹម​នឹង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​កំពុងធ្វើការ​ត្រួតពិនិត្យ​លើ​ផល​ប៉ះពាល់​ពី​ការ​ដក​ផ្នែក​ខ្លះ​នៃ EBA នេះ​បើ​តាម​អ្នកជំនាញ​ខាង​សេដ្ឋកិច្ច​ម្នាក់​យល់​ឃើញ​ថា​ពន្ធ​២០% ដែល​សហ​ភាព​អឺរ៉ុប​ព្យូ​រ​ត្រៀម​ដក​ពី​កម្ពុជា​នៅ​ពេល​ខាង​មុខ​នេះ​គិត​ជា​ទឹកប្រាក់​ប្រមាណ​១០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ។

​លោក​ច័ន្ទ សុផល អ្នកជំនាញ​ខាង​សេដ្ឋកិច្ច​បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា ឥឡូវ​កម្ពុជា​ត្រូវ​បង់ពន្ធ​លើ​ទំនិញ​នាំ​ទៅ​អឺរ៉ុប​ចំនួន ២០% នៃ​ទំនិញ​នាំ​ចេញ​សរុប​ទៅ​សហគមន៍​នោះ ដោយ ៨០% ផ្សេង​ទៀត​នៅ​រួច​ពន្ធ​ដដែល​។

​លោក​បាន​បញ្ជាក់​ថា « តាម​ការ​វាយតម្លៃ​ជាបឋម​របស់ខ្ញុំ ពន្ធ​លើ​ទំនិញ​២០%​នេះ មាន​កម្រិត​ប្រហែល ១០០​លាន​ដុល្លារ ក្នុង​១​ឆ្នាំ​។ បរិមាណ​នេះ មិន​ច្រើន​ពេក​ទេ បើ​គិត​ក្នុង​បរិបទ​សេដ្ឋកិច្ច​កម្ពុជា​បច្ចុប្បន្ន​។ វា​ត្រូវជា ១,១% នៃ​ការ​នាំ​ចេញ​សម្លៀក​បំពាក់​និង​ស្បែក​ជើង​សរុប​។ វា​ត្រូវជា ១,២% នៃ​ចំណាយ​ថវិកាជាតិ និង​ត្រូវជា ០,៣៥% នៃ ផលិតផល​សរុប​ក្នុងស្រុក (GDP)​។ វា​មិន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ថមថយ​ខ្លាំង ឬ​ក៏​ដួល​រលំ​នោះ​ទេ​»​។

​លោក​ចាន់ សុផល បាន​បញ្ជាក់​ថា «​ខ្ញុំ​យល់​ថា វា​ជា​ឱកាសល្អ​សម្រាប់​កម្ពុជា (​ទាំង រដ្ឋាភិបាល ទាំង​វិស័យ​ឯកជន ទាំង​កម្មករ​) ដែល​ត្រូវ​រៀន​រស់​ដោយ​គ្មាន​ភាព​អនុគ្រោះ​ពី​គេ ជា​បណ្តើរ​ៗ ព្រោះថា ៥​ឆ្នាំ​ទៀត គេ​នឹង​តម្រូវ​ឱ្យ​បង់ពន្ធ ១០០% ហើយ ខណៈ​ដែល​កម្ពុជា​ជាក់ច្បាស់​ថា​បាន​រីក​ចម្រើន​ឡើង​ផុត​ពី​ចំណោម​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​តិចតួច (Least Developed Countries – LDCs)​។

ភាព​អនុគ្រោះ​ពន្ធ​នេះ គេ​ឱ្យ​សម្រាប់​តែ​ប្រទេស LDCs ដែល​បច្ចុប្បន្ន​នេះ មាន​ចំនួន​៤៨ ក្នុង​ចំណោម​ជាង ២០០​ប្រទេស ក្នុង​ពិភពលោក​ទាំងមូល​។ ម្នាក់​ៗ​តែងតែ​ចង់ឱ្យ​ប្រទេស​ខ្លួន​ឡើង​ជា​ប្រទេស​មាន​ចំណូល​មធ្យម និង​ចំណូល​ខ្ពស់​។ ដូចនេះ យើង​ត្រូវ​តែ​ខំប្រឹង​ប្រែង​ទាំងអស់​គ្នា​ឡើង​» ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ