COVID-19 ៖ វៀតណាម​នឹង​ការ​ខាត​បង់​រហូត​ដល់​ទៅ​៧,៧​ពាន់​លាន​ដុល្លារ​


ហាណូយ​៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​វៀតណាម​បាន​ឲ្យ​ដឹង​ថា ការ​រីក​រាលដាល​នៃ​ជំងឺ​រលាក​សួត​ឆ្លង​ថ្មី​បង្ក​ឡើង​ដោយ​វីរុស COVID-19 ដែល​បាន​ផ្ទុះ​នៅ​ក្នុង​ប្រទេស​ចិន​អាច​បណ្តាល​ឱ្យ​បាត់បង់​ប្រាក់​ចំណូល​ពី​វិស័យ​ទេសចរណ៍​របស់​វៀតណាម​ចំនួន​ប្រមាណ​ជាង ៥,៩ ពាន់​លាន​ដុល្លារ​ទៅ ៧,៧ ពាន់​លាន​ដុល្លារ​នៅ​ក្នុង​រយៈពេល ៣ ខែ​ខាង​មុខ ខណៈ​ដែល​អ្នកទេសចរ​អន្តរជាតិ​ហាក់​ភ័យ​ខ្លាច​នឹង​ការ​ធ្វើ​ដំណើរ​កំសាន្ត ។

​វិស័យ​ទេសចរណ៍​វៀតណាម​បាន​ប៉ាន់​ស្មានថា​មានការ​បាត់បង់​ភ្ញៀវ​ទេសចរ​ចិន ជាង ២ លាន​នាក់​ដោយសារ​តែ​វីរុស COVID-19 ដែល​អាច​បណ្តាល​ឱ្យ​បាត់បង់​ចំណូល​ពី វិស័យ​ទេសចរណ៍​ចំនួន ១,៨ ទៅ ២ ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​វិទ្យុ​សម្លេង​វៀតណាម (Voice of Vietnam Radio) ។

​ទិន្នន័យ​ផ្លូវការ​បាន​បង្ហាញ​ថា​ប្រទេស​ចិន​ដែល​ជា​កន្លែង​នៃ​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​វីរុស​កូ​រ៉ូ​ណា​ដែល​ត្រូវ​បាន​ផ្តល់​ឈ្មោះ​ផ្លូវការ​ដោយ​អង្គការ​សុខភាព​ពិភពលោក​ថា «COVID-19» កាលពី​ចុងឆ្នាំ​មុន គឺជា​ប្រភព​ធំ​បំផុត​នៃ​ភ្ញៀវ​ទេសចរ​បរទេស​របស់​ប្រទេស​វៀតណាម​ដែល​ស្មើនឹង​មួយ​ភាគ​បី​នៃ​ភ្ញៀវ​ទេសចរ​ចំនួន ១៨ លាន​នាក់​កាលពី​ឆ្នាំ​មុន​។

​ប្រទេស​វៀតណាម​បាន​និយាយ​ថា​ខ្លួន​ក៏​នឹង​បញ្ឈប់​ការ​ចេញ​ទិដ្ឋាការ​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស​ណា​ដែល​ធ្លាប់​បាន​ទៅ​លេង​កំសាន្ត​នៅ​ប្រទេស​ចិន​សម្រាប់​រយៈពេល ពី​រស​ប្តា​ហ៍​មុន​។

​កាលពី​ថ្ងៃ​ពុធ​រដ្ឋាភិបាល​វៀតណាម​បាន​និយាយ​ថា​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​របស់​ខ្លួន​នៅ​ក្នុង​ត្រីមាស​ទី ១ នៃ​ឆ្នាំ​នេះ «​ទំនងជា​នឹង​ធ្លាក់​ចុះ​មួយ​ភាគរយ​» ទាប​ជាង​គោលដៅ ៦,៨ ភាគរយ​។ ប្រទេស​វៀតណាម​បាន​បញ្ជាក់​ពី​ករណី​ថ្មី​នៃ​វីរុស​កូ​រ៉ូ​ណា​កាលពី​ថ្ងៃ​សុក្រ​ដែល​រក​ឃើញ​អ្នក​កើត​វីរុស COVID-19 សរុប ១៥​ករណី​ទូ​ទាំង​ប្រទេស ។

​ក្រៅពី​ផល​ប៉ះពាល់​លើ​វិស័យ​ទេសចរណ៍ ប្រទេស​វៀតណាម​ក៏​បាន​ប៉ាន់​ប្រមាណ​ថា​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​របស់​ខ្លួន​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​ក៏​នឹង​រង​ទុក្ខ​ធ្ងន់ធ្ងរ​ផង​ដែរ ដោយ​រដ្ឋា​ភិបាល​វៀត​ណា​ន​បាន​ប៉ាន់​ប្រមាណ​ថា​ខ្លួន​អាច​នឹង​ត្រូវ​ខាតបង់​ចំណូល​ប្រមាណ ៨០០ លាន​ដុល្លារ​​អា​មេ​រិ​ក ប្រសិនបើ​ការ​រីក​រាលដាល​នៃ​វីរុស COVID-19 នៅ​តែ​បន្ដ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​។

​លោក ផា​ន វ៉ា​ន់ ជី​ង អគ្គនាយក​នៃ​ភ្នាក់ងារ​ពាណិជ្ជកម្ម​បរទេស ដែល​ស្ថិត​នៅ​ក្រោម​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម បាន​និយាយ​ថា​ប្រសិនបើ​ការ​រាលដាល​នៃ​វីរុស COVID=19 បន្ត​ក្នុង​រយៈពេល​៣​ខែ​ទៀត​នោះ​ផល​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​វៀតណាម​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​អាច​នឹង​មាន​ប្រមាណ ៤០០ ទៅ​៦០០​លាន​ដុល្លារ ហើយ​ប្រសិនបើ​ស្ថាន​ភាព​រីក​រាលដាល​នៅ​បន្ដ​រយៈពេល​វែង​ជាង​នេះ ផល​ប៉ះពាល់​វា​អាច​នឹង​កើនឡើង​ដល់​ទៅ​៦០០ ទៅ​៨០០​លាន​ដុល្លារ​អា​មេ​រិ​ក ៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

Facebook Google Twitter Email

Live

Sponsored News

០២:៤៤ | ក្នុងស្រុក

សារលិខិត​អបអរសាទរ ជូន​ចំពោះ​លោក​​ជំទាវ​-​លោក​ជំទាវ​ឧកញ៉ា​ទាំង​២១ រូប ដែល​ត្រូវ​បាន​តែងតាំង​ជា​ឧត្តម​ទីប្រឹក្សា​និង​ទីប្រឹក្សា​ផ្ទាល់​របស់​សម្តេច​ព្រះ​មហាសង្ឃរាជ បួរ គ្រី

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ