ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រសិនបើ​លំពែង​ដំណើរការ​មុខងារ​មិន​បាន​ល្អ បញ្ហា​ទាំងនេះ​នឹង​កើតឡើង

4 ឆ្នាំ មុន

លំពែង គឺជា​ផ្នែក​នៃ​សរីរាង្គ​ដ៏​សំខាន់​មួយ​របស់​ប្រព័ន្ធ​រំលាយ​អាហារ​។​វា​មិន​ត្រឹមតែ​គ្រប់គ្រង​និង​បន្សាប​អាហារ​មាន​ជាតិ​អាស៊ីត​ដែល​ទទួលទាន​បាន​ដោយ​ក្រពះ​ប៉ុណ្ណោះ​ទេ អង់ស៊ីម​ដែល​បញ្ចេញ​​ដោយ​លំពែង​ក៏​ជួយ​ក្នុង​ការ​រំលាយ​កាបូ​អ៊ី​ដ្រា​ត ប្រូតេអ៊ីន និង​ជាតិ​ខ្លាញ់​ផង​ដែរ​។ លំពែង​មាន​សុខភាព​ល្អ​ជួយ​រក្សា​កម្រិត​ត្រឹមត្រូវ​នៃ​ការ​ស្រូប​យកជាតិ​ស្ករ​និង​សម្រួល​ដល់​ដំណើរ​ការ​នៃ​ការ​រំលាយ​អាហារ​ធ្វើ​អោយ​អ្នក​ជៀស​ផុត​ពី​បញ្ហា​សុខភាព​ផ្សេង​ៗ​។ ប៉ុន្តែ​នៅ​ពេល​លំពែង​ដំណើរការ​មុខងារ​មិន​បាន​ល្អ​ថា​តើ​បញ្ហា​អ្វី​នឹង​អាច​កើតឡើង​ខ្លះ? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​បញ្ហា​ទាំងនោះ…

លំពែង គឺជា​ផ្នែក​នៃ​សរីរាង្គ​ដ៏​សំខាន់​មួយ​របស់​ប្រព័ន្ធ​រំលាយ​អាហារ​។​វា​មិន​ត្រឹមតែ​គ្រប់គ្រង​និង​បន្សាប​អាហារ​មាន​ជាតិ​អាស៊ីត​ដែល​ទទួលទាន​បាន​ដោយ​ក្រពះ​ប៉ុណ្ណោះ​ទេ អង់ស៊ីម​ដែល​បញ្ចេញ​​ដោយ​លំពែង​ក៏​ជួយ​ក្នុង​ការ​រំលាយ​កាបូ​អ៊ី​ដ្រា​ត ប្រូតេអ៊ីន និង​ជាតិ​ខ្លាញ់​ផង​ដែរ​។

លំពែង​មាន​សុខភាព​ល្អ​ជួយ​រក្សា​កម្រិត​ត្រឹមត្រូវ​នៃ​ការ​ស្រូប​យកជាតិ​ស្ករ​និង​សម្រួល​ដល់​ដំណើរ​ការ​នៃ​ការ​រំលាយ​អាហារ​ធ្វើ​អោយ​អ្នក​ជៀស​ផុត​ពី​បញ្ហា​សុខភាព​ផ្សេង​ៗ​។ ប៉ុន្តែ​នៅ​ពេល​លំពែង​ដំណើរការ​មុខងារ​មិន​បាន​ល្អ​ថា​តើ​បញ្ហា​អ្វី​នឹង​អាច​កើតឡើង​ខ្លះ? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​បញ្ហា​ទាំងនោះ ៖

១. លាមក​មាន​ពណ៌​ស្រាល ៖ នេះ​ក៏​ព្រោះតែ​មុខងារ​ចម្បង​មួយ​នៃ​លំពែង គឺ​ជួយ​សម្រួល​ដល់​ដំណើរ​នៃ​ការ​រំលាយ​អាហារ​។ អ្នក​អាច​នឹង​សម្គាល់​ឃើញ​ភាព​ប្រែប្រួល​ខុស​ប្រក្រតី​នៃ​លាមក​ប្រសិនបើ​អ្នកមាន​បញ្ហា​ពាក់ព័ន្ធ​ជាមួយ​លំពែង​។ យោង​តាម​វេជ្ជបណ្ឌិត​ជា​ច្រើន​បានឱ្យ​ដឹង​ថា លាមក​របស់​អ្នក​អាច​នឹង​មាន​ពណ៌​ស្រាល​ជាង​ធម្មតា ហើយ​ងាយ​អណ្ដែត​។ ប្រសិនបើ​អាកា​រៈ​នេះ​កើត​ឡើងជា​ប្រចាំ ឬ​ញឹកញាប់​អ្នក​គួរ​ប្រញាប់​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។

២. ចង្អោរ​ចង់​ក្អួត​និង​ក្អួត​ក្រោយ​ពេល​ញ៊ាំ​អាហារ ៖ វា​ច្បាស់​ណាស់​ដែល​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​នឹង​ត្រូវ​ជួប​ប្រទះ​បញ្ហា​នៅ​ពេល​មាន​អ្វីមួយ​ខុស​ប្រក្រតី​កើតឡើង​ចំពោះ​លំពែង​។ ដូច​បាន​បញ្ជាក់​ខាងលើ​រួច​មក​ហើយ​ថា​មុខងារ​ចម្បង​មួយ​នៃ​លំពែង គឺ​សម្រួល​ដល់​ដំណើរការ​នៃ​ការ​រំលាយ​អាហារ​។ ប្រសិនបើ​អ្នក​ឧស្សាហ៍​ជួប​ប្រទះ​អាកា​រៈ​ចង្អោរ​ចង់​ក្អួត​និង​ក្អួត​ក្រោយ​ពេល​ញ៊ាំ​អាហារ​ពិសេស​អាហារ​ខ្លាញ់​ៗ​នោះ​វា​អាច​ជា​អាកា​រៈ​មួយ​នៃ​បញ្ហា​លំពែង​ហើយ​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​ប្រសិនបើ​អ្នក​ជួប​ប្រទះ​អាកា​រៈ​នេះ​ញឹកញាប់​ចូរ​កុំ​ស្ទាក់​ស្ទើរនឹង​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។

៣. ឈឺចាប់​ក្នុង​ពោះ ៖ ជា​ពិសេស​ក្រោយ​ពេល​ទទួលទាន​! អាកា​រៈ​នេះ​អាច​កើតឡើង​ភ្លាម​ៗ ឬ​នៅ​ថ្ងៃ​បន្ទាប់​។ អ្នក​អាច​នឹង​មាន​អារម្មណ៍​ឈឺចាប់​ក្នុង​ពោះ​ត្រង់​ទីតាំង​នៃ​លំពែង​។

៤. ស្រក​ទម្ងន់​ខ្លាំង ៖ ករណី​ខ្លះ​បញ្ហា​លំពែង​អាច​ធ្វើ​ឱ្យ​អ្នក​បាត់បង់​ចំណង់​អាហារ​។ ហើយ​ណា​មួយ​អ្នក​ងាយ​នឹង​ជួប​ប្រទះ​អាកា​រៈ​ឈឺចាប់​ក្រោយ​ពេល​ទទួលទាន​អាហារ ពិសេស​អាហារ​ខ្លាញ់​ច្រើន​។ ជា​លទ្ធផល​នៃ​ការ​ទទួលទាន​មិន​បាន​ត្រឹមត្រូវ អ្នក​ងាយ​នឹង​ស្រក​ទម្ងន់​ខុសធម្មតា​។ ប៉ុន្តែ​ទោះបី​ចំណង់​អាហារ​របស់​អ្នក​ប្រក្រតី​ក៏​ដោយ ក៏​អ្នក​ងាយ​នឹង​ស្រក​ទម្ងន់​ដែរ​នៅ​ពេល​មាន​បញ្ហា​លំពែង​។

៥. កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ ​៖ នេះ​ក៏​ព្រោះតែ​លំពែង​បញ្ចេញ​អាំង​ស៊ុ​យ​លី​ន​ដែល​ជា​អ័រម៉ូន​មួយ​ដែល​សម្រួល​ចលនា​ជាតិ​ស្ករ​ពី​ក្នុង​ឈាម​ទៅ​កាន់​រាល់​កោសិកា​។ ប្រសិនបើ​អាំង​ស៊ុ​យ​លី​ន​មិន​ត្រូវ​បាន​បញ្ចេញ ឬ​ផលិត​គ្រប់គ្រាន់​ទេ​នោះ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​ប្រាកដ​ជា​ងាយ​នឹង​ឡើង​ខ្ពស់​ខុសធម្មតា​មិន​ខាន​។ ជា​លទ្ធផល​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ក៏​ខ្ពស់​ដូច​គ្នា​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ