ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​បាន​ហើយ ខណៈ​បំរុង​រត់​ឆ្លង​ដែន ក្រោយ​ផ្ទុះ​រឿង​មាន់​ជុះ​អាច​ម៌

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​កង​កម្លាំង​នគរបាល​ស្រុក​ម៉ា​ឡៃ​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​កាលពី​១៣ ខែកុម្ភៈ នៅ​ចំណុច​​មាត់​អូរ​ព្រំដែន​កម្ពុជា​-​ថៃ ក្រោយ​ពី​ជនសង្ស័យ​យក​កូនកាំបិត​ចាក់​ជន​រង​គ្រោះជា​មិត្តភក្តិ​បណ្តាល​ឲ្យ​បាត់បង់​ជីវិត ខណៈ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ ព្រោះតែ​រឿង​មាន់​ជន​រង​គ្រោះ​ជុះ​អាចម៍​ដាក់​កន្លែង​គេ​ដេក ។…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​កង​កម្លាំង​នគរបាល​ស្រុក​ម៉ា​ឡៃ​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​កាលពី​១៣ ខែកុម្ភៈ នៅ​ចំណុច​​មាត់​អូរ​ព្រំដែន​កម្ពុជា​-​ថៃ ក្រោយ​ពី​ជនសង្ស័យ​យក​កូនកាំបិត​ចាក់​ជន​រង​គ្រោះជា​មិត្តភក្តិ​បណ្តាល​ឲ្យ​បាត់បង់​ជីវិត ខណៈ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ ព្រោះតែ​រឿង​មាន់​ជន​រង​គ្រោះ​ជុះ​អាចម៍​ដាក់​កន្លែង​គេ​ដេក ។ អំពើ​ហិង្សា​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៦​និង​៥០​នាទី​យប់ ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​អូរ​សំព័រ ឃុំ​ម៉ា​ឡៃ ស្រុក​ម៉ា​ឡៃ ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ សៀ​ប វិ​ន ហៅ​ខួច ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​បន្ទាយ​ជ័យ ឃុំ​បន្ទាយ​ជ័យ ស្រុក​ចំការលើ ខេត្តកំពង់ចាម ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច​បាន​រត់គេច​ខ្លួន​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ រតនា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​អូរ​អណ្តូង ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី ហើយ​ជន​រង​គ្រោះ និង​ជនសង្ស័យ គឺជា​មិត្តភក្តិ​នឹង​គ្នា ហើយ​ក៏​ជា​កម្មករ​សំណង់​ជាមួយ​គ្នា​។

​លោក​វរសេនីយ៍ឯក បេន សំអាត អធិការ​នគរបាល​ស្រុក​ម៉ា​ឡៃ បាន​បន្ត​ថា ក្រោយ​ពី​កើត​មាន​នៅ​អំពើ​ហិង្សា​នោះ និង​ទទួល​បាន​ព័ត៌មាន​មក កងកម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ា​ឡៃ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨១៥ ចុះ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយ​មាន​ជ័យ ធ្វើការ​ស្រាវជ្រាវ​តាម​ប្រមាញ់​មុខសញ្ញា​ជា​ជនសង្ស័យ លុះ​រហូត​ឈាន​ដល់​ការ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​បាន​នៅ​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​មាត់​អូរ​ព្រំដែន​កម្ពុជា​-​ថៃ ស្ថិត​ក្នុងភូមិ​អូរ​សំព័រ ឃុំ​អូរ​សំព័រ ស្រុក​ម៉ា​ឡៃ ខណៈ​ពេល​ដែល​ជនសង្ស័យ​រូប​នេះ​កំពុង​ព្យាយាម​រត់​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ ប្រតិបត្តិ​នេះ​បាន​ប្រើប្រាស់​រយៈពេល​១៣​ម៉ោង​ប៉ុណ្ណោះ ។

លោក​អធិការ​បញ្ជាក់​ថា ក្រោយ​ពេល​ចាប់ខ្លួន រួច​ធ្វើការ​សាកសួរ ជនសង្ស័យ​សារភាព​ថា មុន​កើតហេតុ រូបគេ នឹង​ជន​រង​គ្រោះ​មាន​ជម្លោះ​ពាក្យ​សំដី​នឹង​គ្នា​។ ដោយ​ដំបូង​ឡើយ រូបគេ​ខឹង​នឹង​មាន់​របស់​ជន​រង​គ្រោះ វា​មក​ជុះអាចម៍​ដាក់​កន្លែង​ខ្លួន​ដេក ក្រោយមក​រូបគេ​ក៏​និយាយ​លេង​ថា «គេ​បាន​វាយ​មាន់​នោះ​ងាប់​បាត់​ហើយ​» ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ខឹង រួច​ជេរ​ម្តាយ ក៏​កើតជា​ជម្លោះ​ឈាន​ដល់​ការ​វាយតប់​គ្នា​តែ​ម្តង​។

ជនសង្ស័យ​សារភាព​ទៀត​ថា ដោយសារ​តែ​ខ្លួន​គេ​មិន​អាច​វាយ​ឈ្នះ​ជន​រង​គ្រោះ​ក៏​យក​កូនកាំបិត​ចុង​ស្រួច​ចាក់​ទៅ​លើ​ជន​រង​គ្រោះជា​ច្រើន​កាំបិត បណ្តាល​ឲ្យ​រង​បួស​ធ្ងន់ ក្រោយមក​ក៏​បាត់បង់​ជីវិត​​តែ​ម្តង បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច​គេ​បាន​រត់គេច​ខ្លួន​បំណង​ចូល​ទៅ​ប្រទេស​ថៃ ។

លោក​អធិការ​បញ្ជាក់​ថា ដោយ​ផ្អែក​ទៅ​លើ​ចម្លើយ​សារភាព និង​ការ​ប្រព្រឹត្ត​ជាក់ស្តែង​របស់​ជន​សង្ស័យ​រូប​នេះ រួម​ទាំង​វត្ថុ​តាង​ផង​នោះ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ព្រហ្ម​ទណ្ឌ រៀបចំ​ស​ណុះ​រឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់។

គួរ​រំលឹក​ថា កាលពី​យប់​ថ្ងៃ​ទី​១២ ខែកុម្ភៈ នៅ​កន្លែងធ្វើការ​សំណង់​មួយ​កន្លែង មាន​ករណី​ឃាត​កម្ម​ដោយ​ជន​រង​គ្រោះ​ឈ្មោះ​រតនា ត្រូវ​បាន​ជនសង្ស័យ​ឈ្មោះ អូន ខួច បាន​ចាក់​ចំ​ដើមទ្រូង បណ្តាល​​របួសធ្ងន់ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​ម៉ា​ឡៃ ប៉ុន្តែ​ដោយសារ​ជន​រង​គ្រោះ​ហូរ​ឈាម​ច្រើន​ពេក ក៏​បណ្តាល​បាត់បង់​ជីវិត​តែ​ម្តង ចំណែក​ជនសង្ស័យ​ដែល​ជា​ជន​ដៃដល់​បាន​គេចខ្លួន​បាត់​ស្រមោល ។ លុះដល់​ថ្ងៃ​ទី​១៣ ខែកុម្ភៈ​នេះ ជនសង្ស័យ​រូប​នេះ​ក៏​ត្រូវ​បាន​ឃាត់​ខ្លួន​បាន ខណៈ​បំរុង​រត់គេច​ខ្លួន​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ