ទឹកឃ្មុំ​មាន​ហាងឆេង​ខ្ពស់​នាំ​ឲ្យអ្នកស្រុក​បន្ទាយស្រី​រក​ចំណូល​រាប់​ពាន់​ដុល្លារ​ក្នុង​មួយ​ឆ្នាំ


ខេត្តសៀមរាប ៖ អ្នក​ភូមិ​ត្បែង​ខាងលិច ឃុំ​ត្បែង ស្រុក​បន្ទាយស្រី​ខេត្តសៀមរាប ប្រមាណ​ជាង​១០​គ្រួ​សារបាន​ប្រកប​របរ​រក​ឃ្មុំ​ព្រៃ​យក​ទឹក​សម្រាប់​លក់​អស់​រយៈពេល​ជា​យូរ​មក​ហើយ ពោល​គឺ​តាំងពី​មុន​សម័យ​ប៉ុ​ល​ព​តទៅ​ទៀត ដែល​របរ​នេះ​អាច​ចិញ្ចឹម​គ្រួ​សារបាន​យ៉ាង​ស្រួល ដោយ​ក្នុង​មួយ​ឆ្នាំ​ៗ​បងប្អូន​យើង​អាច​រកបាន​កម្រៃ​សរុប​ទាំងអស់​ប្រមាណ​៦​ពាន់​ដុល្លារ​ទៅ​៧​ពាន់​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។

បើ​យោង​តាម​សម្ដី​លោក ពាង ឆុ​ញ អាយុ​៦៣​ឆ្នាំ ដែល​ជា​អ្នករក​ឃ្មុំ​នៅ​ក្នុងភូមិ​ស្រុក​ខាងលើ​នេះ បានអោយ​ដឹង​ថា លោក​បាន​ប្រកប​របរ​នេះ​តាំងពី​ជំនាន់​ឪពុក​លោក​មក​ម្ល៉េះ ពោល​គឺ​តាំងពី​សម័យ​សង្គមរាស្ត្រនិយម ។ កាលពីមុន របរ​រក​ឃ្មុំ​ព្រៃ​នេះ មាន​អ្នករក​ច្រើន​ដោយសារ​តែ​សម័យ​នោះ​ព្រៃ​នៅ​ច្រើន ហើយ​សំបូរ​ឃ្មុំ តែ​នា​សម័យ​នោះ​ឃ្មុំ​ព្រៃ​គឺ​មិនសូវ​មាន​ហាងឆេង​ដូច​បច្ចុប្បន្ន​នេះ​ឡើយ ។ ​លោក​បាន​បន្ត​ថា បច្ចុប្បន្ន របរ​រក​ឃ្មុំ​យក​ទឹក​មិនសូវ​មាន​អ្នករក​ទេ ដោយសារ​តែ​វា​ពិបាក​ហើយ​មិន​សំបូរ​ដូច​មុន​ឡើយ ក៏​ប៉ុន្តែ​ទឹកឃ្មុំ​បែរជា​មាន​ហាងឆេង ដែល​ធ្វើ​អោយ​អ្នក​ភូមិ​ផ្សេង​ទៀត ដែល​នៅរ​ករបរ​នេះ អាច​ទទួល​បាន​កម្រៃ​សម្រាប់​ចិញ្ចឹម​គ្រួសារ សង់ផ្ទះ និង​រៀបចំ​គូរ​អនាគត​ដល់​កូនចៅ​ផង​ដែរ ។

​លោក ពាង ឆុ​ញ បាន​បន្ថែម​ថា « ក្នុង​មួយ​ឆ្នាំ លោក​អាច​រកបាន​ប្រមាណ​ពី​៦​ពាន់​ទៅ ៧​ពាន់​ដុល្លារ​អា​មេ​រិ​ក ក៏​ប៉ុន្តែ​ប្រាក់​ដែល​រកបាន​នោះ​មិន​សល់​ទាំង​ដុល​ឡើយ គឺ​ត្រូវ​យក​មក​ដោះស្រាយ​បញ្ហា​ជីវភាព ចូលរួម​មង្គល​ការកូន​អ្នក​ភូមិ សង់ផ្ទះ​ទិញ​សម្ភារៈ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ជាដើម »​។ លោក​បាន​បន្ត​ទៀត​ថា ក្នុង​មួយ​ថ្ងៃ​អាច​រកបាន​ទឹកឃ្មុំ រង្វង់​ពី ២ លី​ត្រ ឬ​១០​លី​ត្រ ពេល​ខ្លះ​រកបាន​ច្រើន​ជាង​នេះ ហើយ​ក៏​មាន​ថ្ងៃ​ខ្លះ​អត់​មាន​ដែរ ។
លោក​បាន​រៀបរាប់​បន្ត​ទៀត​ថា ការ​យក​ទឹកឃ្មុំ​ភាគច្រើន​គេ​យក​នៅ​រដូវក្ដៅ ព្រោះ រដូវក្ដៅ​ធ្វើ​អោយ​ទឹកឃ្មុំ​មានគុណ​ភាពល្អ ផ្អែម មិន​មាន​ជាតិ​ទឹក​ចូល​ក្នុង​សំបុក​និង​ទឹកឃ្មុំ ដូច្នេះ​នៅ​រដូវវស្សា​គេ​មិនសូវ​ចូល​ព្រៃ​យក​ទឹកឃ្មុំ​ទេ គឺ​គេ​ធ្វើស្រែ​ធម្មតា ។

លោក​បាន​បញ្ជាក់​ថា « ទឹកឃ្មុំ​ដែល​អ្នក​ភូមិ​យក​មកនេះ គឺជា​ទឹកឃ្មុំ​ធម្មជាតិ​១០០​ភាគរយ មិនមែន​ជា​ឃ្មុំ​ចិញ្ចឹម​នោះ​ទេ ដូច្នេះ​ហើយ​ទើប​មាន​អ្នក​រង់ចាំ​ទិញ​យក​ទាំងអស់ ជា​ពិសេស​ម្ចាស់​សណ្ឋាគារ​ធំ​ៗ​នៅ​ខេត្តសៀមរាប និង​ជនជាតិ​បរទេស​ដែល​យល់​ដឹង​ពី​សារៈសំខាន់​នៃ​ទឹកឃ្មុំ​រង់ចាំ​ទិញ ។ សព្វ​ថ្ងៃនេះ ទឹកឃ្មុំ​ដែល​លក់​ទៅ​ម្ចាស់​សណ្ឋាគារ​ឬ​ឈ្មួញ​ក្នុង​តម្លៃ ១០​ម៉ឺន​រៀល​ក្នុង​មួយ​លី​ត្រ » ។ លោក​បាន​អះអាង​ថា ថ្វី​ត្បិត​តែ​ឃ្មុំ​ដែល​យក​មកនេះ​ជា​ឃ្មុំ​ធម្មជាតិ​ក្ដី ក៏​ប៉ុន្តែ​អ្នក​ភូមិ​ត្រូវ​ចុះ​ទៅ​ធ្វើ​បង្គង​ទុក​អោយ​ឃ្មុំ​មក​ធ្វើ​សំបុក​និង​បង្ក​ជា​ទឹក​នៅ​លើ​បង្គង​ដែល​ធ្វើ​ទុក​នោះ ហើយ​ការ​យក​ឃ្មុំ​នេះ​ដែរ​គឺ​យក​តែ​ទឹកឃ្មុំ​ប៉ុណ្ណោះ ដោយឡែក​សំបុក​ឃ្មុំ​គឺ​មិន​យក​ឡើយ ដោយ​រក្សា​ទុក​អោយ​ឃ្មុំ​មក​រោម និង​អាច​យក​ឃ្មុំ​បាន​១​ឬ​២​ទៀត ក្នុង​មួយ​សំបុក ។

អ្នករក​ឃ្មុំ​ត​ពី​ដូនតា​រូប​នេះ​បាន​ពោល​បន្ត​ថា « ការ​យក​ឃ្មុំ​បាន​ពីរ​ទៅ​បី​ដង​នេះ ដោយសារ​តែ​មានការ​ណែនាំ​ពី​អ្នកជំនាញ​ឃ្មុំ ពី​អង្គការ​មួយ​មាន​មូលដ្ឋាន​មក​ពី​ប្រទេស​បារាំង និង​ព្រមទាំង​មានការ​ណែនាំ​មិន​អោយ​យក​ឃ្មុំ​ខុស​របៀប​ដែល​អាច​នាំ​អោយ​ផុត​ពូជ​ឃ្មុំ​ផង​ដែរ » ។

លោក Eric Guerin ទីប្រឹក្សា ការ​អភិរក្ស​ឃ្មុំ​តាម​សហគមន៍​បានអោយ​ដឹង​ថា ឃ្មុំ​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ដោយ​មិនមែន​សម្រាប់​តែ​យក​ទឹក​វា​ប៉ុណ្ណោះ​ទេ ។ ឃ្មុំ​ជា​កត្តា​ចំបង​សម្រាប់​ការ​បង្កបង្កើន​ផលដំណាំ​និង​រុក​ជាតិ​ជា​ច្រើន តាម​រយៈ​ការ​នាំ​ពាំ​លំអងផ្កា​ពី​រុក្ខជាតិ​ឈ្មោល​ទៅ​រុក្ខជាតិ​ញី ដែល​នាំ​អោយ​ចេញ​ជា​ផ្លែ​បាន ។ ឃ្មុំ​ក៏​ជា​អ្នកចូលរួម​បង្កបង្កើន​ព្រៃឈើ​ផង​ដែរ ដូច្នេះ​ហើយ​ទើប​គេ​និយាយ​ថា គ្មាន​ឃ្មុំ​គ្មាន​ព្រៃ គ្មាន​ឃ្មុំ​គ្មាន​រុក្ខជាតិ ។ ​លោក​បាន​បន្ត​ថា បច្ចុប្បន្ន​នេះ ឃ្មុំ​នៅ​ក្នុង​ប្រទេស​និង​នៅ​ប្រទេស​ជា​ច្រើន​ទៀត បាន​និង​កំពុង​បាត់បង់​បន្តិច​ម្ដង​ៗ​ដោយ​មាន​កត្តា​មួយ​ចំនួន​ដូច​ជា ការ​ប្រែប្រួល​អាកាសធាតុ , កាប់​បំផ្លាញ​ព្រៃឈើ ការ​ប្រើប្រាស់​សារធាតុ​គីមី និង​ការ​យក​ឃ្មុំ​ខុស​របៀប ដូច​ជា​ការ​ដុត​សំបុត្រ​មេ​ឃ្មុំ​និង​យក​ទាំង​សំបុក​ជាដើម ។ ដើម្បី​រក្សា​ឃ្មុំ​ទុកជា​ប្រយោជន៍​ទៅ​ថ្ងៃ​អនាគត​ទៀត​នោះ មនុស្ស​គួរតែ​បញ្ឈប់​នូវ​ទ​ង្វើ​មួយ​ចំនួន​ផង​ដែរ ជា​ពិសេស​ការ​យក​ឃ្មុំ​តែ​ក្បាលទឹក និង​រក្សា​សំបុក​និង​កូន​ឃ្មុំ​ដើម្បី​បន្ត​ពូជពង្ស​របស់​វា​បន្ត​ទៀត ។

​លោក​ផាត់ សុវណ្ណ​មន្ត្រី​សម្របសម្រួល​នៃ​អង្គការ Gret ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង​បានអោយ​ដឹង​ថា អង្គការ​តែងតែ​ចង់អោយ​ជីវភាព​ពលរដ្ឋ​ល្អ​ប្រសើរ តែ​ទន្ទឹម​នឹង​នោះ​ដែរ​គឺ​ចង់អោយ​ពលរដ្ឋ​ទទួល​បាន​អ្វី​ដែល​ជា​ធម្មជាតិ​សុទ្ធសាធ​លក់​ល​លើ​ទីផ្សារ ដូច​ជា​បន្លែ​ធម្មជាតិ ដែល​អង្គការ​បាន​ធ្វើ​កន្លង​មក​ហើយ​ក៏​បាន​ចាប់ផ្ដើម​ជាមួយនឹង​ឃ្មុំ​ធម្មជាតិ​នេះ​ដែរ ។ ឃ្មុំ​ធម្មជាតិ​នេះ គឺ​សំដៅលើ​ទឹកឃ្មុំ​ដែល​យក​ពី​ព្រៃ​សុទ្ធសាធ ដោយ​វា​រស់នៅ​តាម​ធម្មជាតិ និង​បង្ក​ជា​ទឹកឃ្មុំ​តាម​ធម្មជាតិ​មិនមែន​ជា​ឃ្មុំ​ចិញ្ចឹម ។

​អ្នកជំនាញ​សត្វ​ឃ្មុំ​បាន​បញ្ជាក់​ថា ទឹកឃ្មុំ​ត្រូវ​បាន​ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​ចាត់ទុកជា​ឱសថ​ដ៏​មាន​ប្រសិទ្ធភាព ។ ជាក់ស្ដែង​ទឹកឃ្មុំ​សុទ្ធ​១០០​ភាគរយ ពិតជា​ផ្ដល់​គុណសម្បត្តិ​ដល់​សុខភាព​ពិតប្រាកដ​មែន ហេតុនេះ​ហើយ​ទើប​ទឹកឃ្មុំ​មាន ហាងឆេង​ឡើង​ខ្ពស់​មក​ដល់​សព្វ​ថ្ងៃនេះ ៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ