ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​ពាក្យ​ប្រញាប់​! មហាសេដ្ឋី​ជប៉ុន​ម្នាក់​ប្រកាស​ជ្រើសរើស​សហគ្រិន​ជា​ដៃគូ​អាជីវកម្ម

4 ឆ្នាំ មុន

លោក​មហាសេដ្ឋី យូ​សាគូ ម៉ា​អេ​ហ្សា​វ៉ា (Yusaku Maezawa) បាន​ចាប់ផ្តើម​ការ​ប្រកួត​មួយទៀត​ហើយ​ដើម្បី​ជ្រើសរើស​សហគ្រិន ១០​រូប​ដែល​លោក​នឹង​វិនិយោគ​ប្រមាណ ៩១​លាន​ដុល្លារ ។ លោក​បាន​ប្រកាស​លើ…

លោក​មហាសេដ្ឋី យូ​សាគូ ម៉ា​អេ​ហ្សា​វ៉ា (Yusaku Maezawa) បាន​ចាប់ផ្តើម​ការ​ប្រកួត​មួយទៀត​ហើយ​ដើម្បី​ជ្រើសរើស​សហគ្រិន ១០​រូប​ដែល​លោក​នឹង​វិនិយោគ​ប្រមាណ ៩១​លាន​ដុល្លារ ។ លោក​បាន​ប្រកាស​លើ Twitter របស់​លោក​កាលពី​ថ្មី​ៗ​កន្លង​មកនេះ​ថា​លោក​ចង់​ពង្រីក​អាជីវកម្ម​ដែល​លោក​ជ្រើសរើស និង​ដាក់​អាជីវកម្ម​ទាំងនោះ​លើ​ទីផ្សារ​ភាគហ៊ុន​ថែម​ទៀត​ផង ។

លោក​បាន​ចែករំលែក​គេហទំព័រ​ដែល​ប្រាប់​ពី​លក្ខខណ្ឌ​នៃ​ការ​ប្រកួត​ខាងលើ ហើយ​សហគ្រិន​ដែល​ចាប់អារម្មណ៍​គ្រាន់តែ​ផ្ញើ​គម្រោង​អាជីវកម្ម​របស់​ខ្លួន​តាម​អ៊ីមែល ដែល​ភ្ជាប់​ជាមួយ​ព័ត៌មាន​លម្អិត​ទាក់ទិន​នឹង​ការ​ចាយវាយ​ថវិកា​ជា​ការ​ស្រេច ។ ​លើស​ពី​នេះ​ទៅ​ទៀត បេក្ខជន​ត្រូវ​បង់ប្រាក់​ប្រមាណ ១០,០០០​យ៉េន ឬ​ប្រមាណ៩១​ដុល្លារ​អា​មេ​រិ​ក​ជា​ថ្លៃ​ចុះ​ឈ្មោះ ។ បន្ទាប់​មក​ក្រុមការងារ​របស់​លោក​មហាសេដ្ឋី​​នឹង​ផ្ញើ​សំណួរ​មួយ​ចំនួន​ទៅ​កាន់​បេក្ខជន​ដែល​ជាប់​ឈ្មោះ​នៅ​ដំណាក់កាល​ដាក់​ពាក្យ​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ដំណាក់កាល​សម្ភាស​ទី​មួយ និង​ចុង​ក្រោយ ។ បេក្ខជន​មាន​ពេល​រហូត​ដល់​ថ្ងៃ​ទី១៦ ​ខែកុម្ភៈ ​ដើម្បី​ចុះ​ឈ្មោះ ។

ក្រៅពី​នេះ​លោក ម៉ា​អេ​ហ្សា​វ៉ា មាន​គោលបំណង​ចង់​ធ្វើ​ជា​ម្ចាស់​ភាគហ៊ុន ២០% នៃ​អាជីវកម្ម​នោះ​តាម​រយៈ​ការ​វិនិយោគ​របស់​លោក​ដែរ ។ លោក​ក៏​បាន​បន្ថែម​ទៀត​ថា បេក្ខជន​ក៏​អាច​ប្រើ​ថវិកា​ដែល​ទទួល​បាន​ដើម្បី​ចាប់ផ្តើម​អាជីវកម្ម​ថ្មី​មួយ ឬ​ពង្រីក​អាជីវកម្ម​ផ្ទាល់ខ្លួន​ក៏​បាន ហើយ​ពួក​គេ​មិន​ចាំបាច់​ត្រូវ​សង​លោក​វិញ​ទេ​ប្រសិនបើ​ពួក​គេ​បាន​ប្រព្រឹត្ត​ខុសឆ្គង និង​ធ្វើ​ឲ្យ​មានការ​ខាតបង់​ព្រោះ​ការ​បរាជ័យ​ក្នុង​ការ​ចាប់ផ្តើម​អាជីវកម្ម​មួយ គឺជា​បទ​ពិសោធន៍​ល្អ​ក្នុង​ជីវិត ។

គួរ​បញ្ជាក់​ដែរ​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​លោក ម៉ា​អេ​ហ្សា​វ៉ា ប្រកាស​ព័ត៌មាន​ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​លោក​ភ្ញាក់ផ្អើល ។ កាលពីដើម​ឆ្នាំ​នេះ​លោក​បាន​បរិច្ចាគ ៩​លាន​ដុល្លារ​ដើម្បី​ធ្វើ​បទ​ពិសោធន៍​សង្គម​មួយ ។ ជាមួយ​គ្នា​នេះ​ដែរ លោក​ក៏​បាន​ប្រកាស​ថា​លោក​ចង់រក​ដៃគូ​ក្នុង​ជីវិត​ដើម្បី​កំដរ​លោក​ជិះ​កាំជ្រួច​ទៅ​កាន់​ភព​ព្រះ​ចន្ទ​ថែម​ទៀត​មុន​ពេល​ប្រកាស​ថា​គម្រោង​នេះ​ត្រូវ​បាន​បោះបង់​ចោល​វិញ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ