ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ថៃ ពិភាក្សា​ពី​កិច្ចការជំនួញ​ជំរុញ​ដល់​ការ​វិនិយោគ និង​ពាណិជ្ជកម្ម​បន្ថែម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា កំពុង​ទទួល​នូវ​បញ្ហា​ប្រឈម​មួយ​ចំនួន​ដោយសារ​តែ​ការ​ថមថយ​នៃ​វិស័យ​ទេសចរណ៍ និង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ផង​នោះ កម្ពុជា​បាន​ពង្រឹង​នូវ​ទំនាក់ទំនង​ពាណិជ្ជកម្ម​បន្ថែម​ទៀត ជាមួយ​បណ្ដា​ប្រទេស​ជិតខាង និង​ប្រទេស​ជា​ដៃគូរ…

រាជធានី​ភ្នំពេញ ៖ ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា កំពុង​ទទួល​នូវ​បញ្ហា​ប្រឈម​មួយ​ចំនួន​ដោយសារ​តែ​ការ​ថមថយ​នៃ​វិស័យ​ទេសចរណ៍ និង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ផង​នោះ កម្ពុជា​បាន​ពង្រឹង​នូវ​ទំនាក់ទំនង​ពាណិជ្ជកម្ម​បន្ថែម​ទៀត ជាមួយ​បណ្ដា​ប្រទេស​ជិតខាង និង​ប្រទេស​ជា​ដៃគូរ ជាក់ស្ដែង កាលពី​ពេល​ថ្មី​ៗ​នេះ កម្ពុជា​បាន​ជួប​ជាមួយ​ធុរជន​ថៃ​ប្រមាណ​៤០០​នាក់​មក​ពី​ក្រុមហ៊ុន​ធំ​ៗ ដើម្បី​បង្ហាញ​ពី​សក្ដានុពល​និង​ឱកាស​នៃ​ការ​ធ្វើ​ជំនួញ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

លោក​ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​បញ្ជាក់​ពី​វឌ្ឍនភាព​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​នៅ​កម្ពុជា ជា​ពិសេស​កំណើនសេដ្ឋកិច្ច​ដ៏​រឹង​មាំ​ក្នុង​រង្វង់ ៧,១% ក្នុង​រយៈពេល​ពីរ​ទស្ស​វត្ស​ចុង​ក្រោយ ការ​កើនឡើង​នៃ​ចំណូល​ជា​មធ្យម​របស់​ប្រជាជន​កម្ពុជា​ក៏​ដូច​ជា កំណើន​ដ៏​ឆាប់រហ័ស​នៃ​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស ក្នុង​នោះ​រួម​មានការ​វិនិយោគ​ដោយ​ក្រុមហ៊ុន​ថៃ​ផង​ដែរ ។

លោក​បន្ត​ថា ដើម្បី​ពង្រីក​កំណើន និង​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ទៀត រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ជា​ច្រើន រួម​មាន​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដែល​សង្កត់ធ្ងន់​លើ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​បរិយាកាស​ធុរកិច្ច វិនិយោគ និង​អភិវឌ្ឍន៍​ក៏​ដូច​ជា ពង្រឹងសមត្ថភាព​របស់​កម្ពុជា​ក្នុង​ការ​ជំរុញ​សមាហរណកម្ម​ទៅ​ក្នុង​សេដ្ឋកិច្ច​តំបន់ និង​ពិភពលោក ជា​ពិសេស​គាំទ្រ​ដល់ទី​ផ្សារ​ដែល​មាន​ស្រាប់ ហើយ​ក្នុង​ពេល​តែ​មួយ​បង្កើត​ទីផ្សារ​ថ្មី ពង្រឹង​មូលដ្ឋាន​នាំ​ចេញ​តាម​រយៈ​ការ​រៀបចំ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី សម្រាប់​ជា​ប្រភព​នៃ​កំណើន​ដោយ​ចីរភាព ដោយ​កាត់​បន្ថយ​ការ​ពឹងផ្អែក​លើ​ការ​ផ្ដល់​នូវ​ភាព​អនុគ្រោះ​ពន្ធគយ​ជា​ឯកតោភាគី ។

លោក​ថា ៖« តាម​រយៈ​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម ២០១៥-២០២៥ រាជរដ្ឋាភិបាល​ក៏​មាន​គោលដៅ​ជា​ស្រេច​ក្នុង​ការ​ប្រែក្លាយ​ឧស្សាហកម្ម​កម្ពុជា​ពី​កា​រពឹក​ផ្អែក​លើ​ពលកម្ម​គ្មាន​ជំនាញ មក​ជា​ឧស្សាហកម្ម​ដែល​មាន​ជំនាញ​ខ្ពស់​នៅ​ឆ្នាំ​២០២៥ ។ ចំពោះ​ក្រសួងពាណិជ្ជកម្ម​ផ្ទាល់ ក៏​មាន​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា ២០១៩-២០២៣ ដែល​សង្កត់ធ្ងន់​លើ​ការ​ពង្រឹង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា និង​ទាញ​យក​ប្រយោជន៍​ពី​ប្រភព​នៃ​កំណើន​ថ្មី​រួម​ទាំង​បដិវត្ត​ឧស្សាហកម្ម​ទី​៤ ជាដើម » ។

លោក​ប៉ាន សូរ​ស័ក្តិ បាន​ស្នើ​និង​អំពាវនាវ​ឲ្យ​ធុរជន​ថៃ​ពិនិត្យ និង​មក​ធ្វើ​វិនិយោគ​ឲ្យ​បាន​កាន់តែ​ច្រើន​ឡើង​នៅ​ប្រទេស​កម្ពុជា ។ សម្រាប់​គោលដៅ​វិនិយោគ​នៅ​កម្ពុជា វិស័យ​មាន​សក្ដានុពល​រួម​មា​នក​សិ​-​ឧស្សាហកម្ម កែ​ច្នៃ កម្មន្ដសាល ទេសចរណ៍ បដិសណ្ឋារកិច្ច និង​វិស័យ​មួយ​ចំនួន​ទៀត ដែល​ក្រុមហ៊ុន​ថៃ​មានបទពិសោធន៍ និង​ជំនាញ​ខ្ពស់ ។

ជុំ​រិ​ន ឡាក់​សៈណាក់ វិ​ហ្ស៊ី​ត រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថៃ កន្លង​មក​បាន​បញ្ជាក់​ថា ភាគី​ថៃ​នឹង​ជំរុញ​អោយ​វិនិយោគិន​មក​ពី​ថៃ មក​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​ទៀត និង​ជំរុញ​អោយ​មានការ​ចរាចរ​ទំនិញ​រវាង​កម្ពុជា និង​ថៃ​ប​ន្ថេ​ម​ទៀត ដើម្បី​សម្រេច​នូវ​គោលដៅ​របស់​ប្រទេស​ទាំង​ពីរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ