បុរស​ម្នាក់​ដាច់​ជើង​ម្ខាង​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​សំណូមពរ​ដល់​សមត្ថកិច្ច​ជួយ​អន្តរាគមន៍


ខេត្តកំពង់ឆ្នាំង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០ បុរស​ម្នាក់​ជា​ជន​រង​គ្រោះ​ដាច់​ជើង​ម្ខាង ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ បាន​អញ្ជើញ​ក្រុម​អ្នក​សារព័ត៌មាន​ដើម្បី​ជួយ​ផ្សព្វផ្សាយ​រក​យុត្តិធម៌​ជូន​គាត់​ផង ខណៈ​ដែល​អ្នកបើកបរ​រថយន្ត​បង្ក​ជា​មន្ត្រី​នគរបាល​ពាក់​សក្តិ​៣ ចង់​សង​សំណង​មិន​សមរម្យ​ទៅ​តាម​ការ​រង​គ្រោះ ​ព្រោះ​គាត់​ក្លាយជា​ជន​ពិការ​ជើង​ស្តាំ​មួយ​ចំហៀង​ទៅ​ហើយ មិន​ត្រឹម​ប៉ុណ្ណឹង​នៅ​បាន​ចោទ​គាត់​ថា​ជា​អ្នក​ខុស​ទៅ​វិញ ។

ស្ត្រី​​ម្នាក់​ឈ្មោះ ប៊ុត ចាន់​ថា ជា​បងស្រី​របស់​ជន​រង​គ្រោះ​មាន​ទីលំនៅ​ភូមិ​ក្នុង ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ បាន​រៀបរាប់​ថា ប្អូនប្រុស​របស់​គាត់​ជា​ជន​រង​គ្រោះ​ឈ្មោះ ប៊ុត សំ​ប៊ុ​ន អាយុ​៣៩​ឆ្នាំ និង​ជា​បុរស​ពោះម៉ាយ​មានកូន​មួយ ។ ក្រោយ​ពី​បែកបាក់​គ្នា​ជាមួយ​ប្រ​ព​ន្ឋ​រួច​មក ប្អូនប្រុស​របស់​គាត់​បាន​នាំ​កូនប្រុស​ម្នាក់​មក​សុំ​គាត់​ជ្រកកោន​ស្នាក់​នៅ​បណ្ដោះអាសន្ន ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា កាលពី​អំឡុង​ដើមខែ​កុម្ភៈ ឆ្នាំ​២០២០ ប្អូនប្រុស​របស់​គាត់​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​មុខ​វិទ្យាល័យ​ហ៊ុន​សែន​រលាប្អៀរ​ខាងជើង ដោយ​មាន​រថយន្ត​កាម​រី​មួយ​គ្រឿង​បុក​ប្អូនប្រុស​របស់​គាត់​បណ្ដាល​ឲ្យ​រង​របួស​ជា​ទម្ងន់ ហើយ​ត្រូវ​បាន​គ្រូពេទ្យ​កាត់​ជើង​ម្ខាង​ចេញ គឺ​ដាច់​ជើង​ខាងស្ដាំ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​កើតហេតុ ជន​បង្ក​បានឱយ​តំណាង​របស់​ខ្លួន​មក​ធ្វើការ​សម្របសម្រួល ក្រៅ​ប្រ​ព​ន្ឋ័​តុលាការ ដោយ​គេ​សុំ​សង​ចំនួន​២​លាន​រៀល ខណៈ​ដែល​រូប​គាត់​សុំ​ត្រឹមតែ​៦​លាន​រៀល​ប៉ុណ្ណោះ ព្រោះ​ប្អូនប្រុស​គាត់​បាន​ទៅ​ព្យាបាល​ដល់​មន្ទីរពេទ្យ​ខេត្តបាត់ដំបង​អស់ប្រាក់​ប្រមាណ​ជិត​៨​លាន​រៀល​ឬ​ស្មើនឹង​២​ពាន់​ដុល្លារ ហើយ​ពេល​នេះ​គ្មាន​ប្រាក់​ព្យាបាល​បន្ត គាត់​ក៏​សម្រេច​យក​ប្អូនប្រុស​មក​ផ្ទះ​វិញ ដោយ​យក​ទៅ​ពេទ្យ​ឯកជន​ក្នុងភូមិ​ជួយ​ព្យាបាល​បន្ត ។ ប៉ុន្តែ​ភាគី​ជន​បង្ក​មិន​ព្រម​សង​សំណង​តាម​ការ​ស្នើ​សុំ​ទេ គឺ​ចោទ​ប្អូនប្រុស​របស់​គាត់​ជា​អ្នក​ខុស​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា គាត់​មិន​ចង់​ប្រកែកប្រណាំង​នោះ​ទេ ប៉ុន្តែ​គាត់​សំណូមពរ​ដល់​ភាគី​អ្នក​បង្ក មេត្តា​សង​សំណង​ប្រាក់​ត្រឹមតែ​៦​លាន​ប៉ុណ្ណោះ តែ​ភាគី​អ្នក​បង្ក​មិន​ព្រម ហើយ​បាន​សុំ​ដំឡើង​សង​សំណង​ដល់​៤​លាន​រៀល តែ​គាត់​នៅ​មិន​ព្រម គឺ​សុំ​៦​លាន​រៀល ព្រោះ​នៅ​ព្យាបាល​បន្ត​ទៀត ។ រូប​គាត់ និង​ប្អូនប្រុស ដែល​ជា​ជន​រង​គ្រោះ សូម​សំណូម​ដល់​ភាគី​រថយន្ត មេត្តា​ជួយ​ដោះស្រាយ​សំណង​តាម​ការ​ស្នើ​សុំ​របស់​គ្រួសារ​គាត់​ជា​ជន​រង​គ្រោះ​ផង និង​សូម​ឱ្យ​សមត្ថកិច្ច​មេត្តា​ជួយ​អន្តរាគមន៍​ជួយ​គ្រួសារ​គាត់​ផង​។

លោក ពៅ ដា​រ៉ា នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ​បាន​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​វិទ្យា​ល័​ហ៊ុន ​សែន​រលាប្អៀរ​ជើង ដោយ​មាន​រថយន្ត​កាម​រី​១​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន បុក​ម៉ូតូ​របស់​ជន​រង​គ្រោះ ខណៈ​ឆ្លងថ្នល់​ជិត​ផុត​ទៅ​ហើយ ដោយ​បុក​អូស​ចំងាយ​ជាង​១៥​ម៉ែត្រ ។ ចំណែក​ចំណុច​កើតហេតុ នៅ​មុខ​សាលារៀន មាន​ស្លាក​សញ្ញា​បន្ថយល្បឿន (​រូប​កូនសិស្ស​កាន់​ដៃ​គ្នា​ឆ្លងផ្លូវ​) និង​ស្លាក​សញ្ញា​សត្វពាហនៈ​ឆ្លងកាត់​ផង​ដែរ ។

ដោយឡែក​ភាគី​ជន​បង្ក​យើង​មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​បាន​ទេ ប៉ុន្តែ​ទោះបីជា​យ៉ាងនេះ​ក្តី នេះ​ជា​ការ​សំណូមពរ​របស់​គ្រួសារ​ជន​រង​គ្រោះ​តែ​ប៉ុណ្ណោះ ដើម្បី​បញ្ចប់រឿង​ក្រៅ​ប្រព័ន្ធ​តុលាការ ព្រោះ​មិន​ចង់​វែង​ឆ្ងាយ​ទៅ​មុខ​ទៀត ហើយ​បើសិនជា​តាម​ផ្លូវច្បាប់ គឺ​ត្រូវ​គិត​ពី​ច្បាប់​ចរាចរ​ណ៌ ដោយ​យក​ស្លាក​សញ្ញា​បន្ថយល្បឿន​មុខ​សាលារៀន យក​ចំណុច​ដែល​ត្រូវ​បុក​មក​ធ្វើការ​កាត់ក្តី​ជា​ពុំខាន​ឡើយ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ