ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​រដូវ​សំបូរ​និង​ប្រមូល​ផល តែ​កសិករ​ថ្ងូរ​រឿង​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ កសិករ​ដែល​ដាំ​ដំណាំ​ស្វាយកែវ​ល្មៀត បាន​ត្អូញត្អែរ​យ៉ាង​ខ្លាំង​អំពី​តំលៃ​ទីផ្សារ ដែល​បច្ចុប្បន្ន​បាន​ធ្លាក់​ចុះ​ស្ទើរ​ពាក់កណ្ដាល បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំទៅ​មិញ ។ កសិករ​ខ្លះ​ចោទ​ថា «​ស្វាយ​ធ្លាក់​ថ្លៃ ដោយសារ​ឈ្មួញកណ្ដាល​ក្រឡុក​ទីផ្សារ​»…

ខេត្តបាត់ដំបង​ ៖ កសិករ​ដែល​ដាំ​ដំណាំ​ស្វាយកែវ​ល្មៀត បាន​ត្អូញត្អែរ​យ៉ាង​ខ្លាំង​អំពី​តំលៃ​ទីផ្សារ ដែល​បច្ចុប្បន្ន​បាន​ធ្លាក់​ចុះ​ស្ទើរ​ពាក់កណ្ដាល បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំទៅ​មិញ ។ កសិករ​ខ្លះ​ចោទ​ថា «​ស្វាយ​ធ្លាក់​ថ្លៃ ដោយសារ​ឈ្មួញកណ្ដាល​ក្រឡុក​ទីផ្សារ​» រីឯ​ឈ្មួញ​ឆ្លើយ​តប​វិញ​ថា «​តំលៃ​ស្វាយ​ធ្លាក់​ចុះ​ ដោយ​សារ​ពេល​នេះ ​ជា​រដូវ​ប្រមូល​ផល​ស្វាយ (​សំបូរ​ស្វាយ​) និងទៅ​តាម​ទីផ្សារ​ជាក់ស្ដែង​»​។

បើ​តាម​ការ​សង្កេត​ជាក់ស្ដែង​ក្នុង​ពេល​នេះ កសិករ​ដែល​មាន​ដំណាំ​ស្វាយកែវ​ល្មៀត ស្ទើរ​គ្រប់​ទីកន្លែង កំពុង​តែ​ត្អូញត្អែ​រ​ពី​តំលៃ​ស្វាយ​ធ្លាក់​ចុះ​នេះ ខណៈ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ម្នាក់​ៗ​បាន​បង្កើន​ការ​ដាំ​ដំណាំ​ស្វាយកែវ​ល្មៀត​នេះ​កាន់តែ​ច្រើន​ ។ កសិករ​នៅ​ស្រុក​បាណ​ន់ម្នាក់​ គឺ​លោក​កង ប៊ុ​ន បាន​និយាយ​ថា តំលៃ​ស្វាយកែវ​ល្មៀត​ក្នុង​ពេល​នេះ បាន​ដាំ​ក្បាល​ចុះ​យ៉ាង​កំ​ហុ​គ បើ​ធៀប​នឹង​ឆ្នាំ​មុន​។ កសិករ​វ័យ​៦០​ឆ្នាំ​ប្លាយ​រូប​នេះ បាន​និយាយ​យ៉ាង​ដូច្នេះ​ថា «​កាលពី​ឆ្នាំ​មុន​ក្នុង​ខែ​នេះ ខ្ញុំ​ប្រមូល​ផល​ស្វាយ​លក់​បាន​ថ្លៃ​គួរសម តែ​ដល់​ពេល​នេះ បែរជា​ផ្លែស្វាយ​ធ្លាក់​ថ្លៃ​ស្ទើរ​ពាក់កណ្ដាល​» ​។

លោក កង ប៊ុ​ន បាន​បញ្ជាក់​ថា ផ្លែស្វាយ​គាត់​ដែល​ប្រមូល​ផល​រាល់​រដូវ មាន​២​ប្រភេទ គឺ​ប្រភេទ​ស្វាយ​សម្រាប់​ឈ្មួញ​នាំ​ចេញ​ទៅ​រោងចក្រ​ក្រៅ​ស្រុក និងប្រភេទ​ស្វាយ​សម្រាប់​នាំ​ចេញ​ដែរ តែ​សម្រាប់​ដាក់​លក់​នៅ​តាម​ទីផ្សារ (​ស្វាយ​ច្រក​ថង់​នៅ​លើ​ដើម​) ​។ ឆ្នាំ​មុន​ស្វាយ​សម្រាប់​ចូល​រោងចក្រ គាត់​លក់​បាន​តំលៃ​ចន្លោះ​ពី​១០០០​រៀល ដល់១៤០០​រៀល ក្នុង​១​គីឡូក្រាម​។

រីឯ​ស្វាយ​ច្រក​កញ្ចប់​សម្រាប់​លក់​លើ​ទីផ្សារ លក់​បាន​តំលៃ​ចន្លោះ​ពី​១៨០០​រៀល ដល់២៣០០​រៀល ក្នុង​១​គីឡូក្រាម តែ​ពេល​នេះ​ស្វាយ​ទាំង​២​ប្រភេទ​នេះ គាត់​លក់​បាន​តំលៃ​ស្ទើរ​មិន​បាន​ពាក់កណ្ដាល​ឆ្នាំទៅ​មិញ​ផង ​។ គាត់​មិនដឹង​អំពី​មូលហេតុ នៃ​ការ​ធ្លាក់​ចុះ​តំលៃ​នេះ​ទេ តែបើ​តាម​ការ​ស្វែង​យក​ខ្លះ​ៗ និងម្ចាស់​ចំការ​ដទៃ​ទៀត​ដែល​និយាយ​ត​ៗ​គ្នា ទំនង​ដោយសារ​ក្រុម​ឈ្មួញកណ្ដាល​ក្រឡុក​ទីផ្សារ​តែ​ម្ដង​ ។ ដោយឡែក ​កសិករ​ដទៃ​ទៀត​ក៏​បាន​ត្អូញត្អែរ និង បាន​យល់​ឃើញ​ដូច្នេះ​ដែរ ចំពោះ​ទីផ្សារ​ផ្លែស្វាយ​ធ្លាក់​ចុះ​នេះ​។

ផ្ទុយ​ពី​ការ​យល់​ឃើញ​របស់​កសិករ​ខាងលើ​នេះ លោក ពឿ​ន ពុ​ច ឈ្មួញកណ្ដាល​ម្នាក់ នៅ​ឃុំ​ឈើទាល ស្រុក​​​បាណ​ន់ បាន​ផ្ដល់​បទ​សម្ភាស​ន៍​ជាមួយ​កោះសន្តិភាព​ថា តំលៃ​ស្វាយកែវ​ល្មៀត​នៅ​ពេល​នេះ ពិតជា​ធ្លាក់​ថ្លៃ​ស្ទើរ​ពាក់កណ្ដាល​មែន បើ​ប្រៀបធៀប​ទៅ​នឹង​ទីផ្សារ​កាលពី​ប៉ុន្មាន​ខែ​មុន​នេះ និងឆ្នាំទៅ​មិញ ​។ គាត់​បាន​ប្រាប់​ថា «​សព្វថ្ងៃ​ខ្ញុំ​ទិញ​តែ​ប្រភេទ​ស្វាយ​ដែល​នាំ​ចេញ​ទៅ​ប្រទេស​ថៃ សម្រាប់​ចូល​រោងចក្រ​តែ​ប៉ុណ្ណោះ​។ សព្វថ្ងៃ​ស្វាយ​ប្រភេទ​នេះ ខ្ញុំ​ទិញ​ពី​កសិករ​ដល់​ចំការ ក្នុង​តំលៃ​ចន្លោះ​ពី​៥០០​ទៅ​៦០០​រៀល ក្នុង​១​គីឡូក្រាម តែបើ​ឃើញ​ផ្លែ​ល្អ​និង​ធំ​ៗ​បន្តិច ខ្ញុំ​អាច​ទិញ​ក្នុង​តំលៃ​ដល់​៧០០​រៀល​ដែរ​»​។

លោក​ពឿ​ន ពុ​ច បាន​បកស្រាយ​អំពី​ការ​ធ្លាក់​ចុះ នៃ​ទីផ្សារ​យ៉ាង​ដូច្នេះ​ថា « ខ្ញុំ​ធ្លាប់​ឮ​ម្ចាស់​ចំការ​ត្អូញត្អែរ​អំពី​តំលៃ​ផ្លែស្វាយ​ធ្លាក់​ចុះ​នេះ​ដែរ​។ ពួក​គាត់​ខ្លះ​ចោទ​ថា បណ្ដាល​មក​ឈ្មួញ​ក្រឡុក​ទីផ្សារ មិនមែន​អ​ញ្ចឹ​ង​ទេ​..! គឺ​សព្វ​ថ្ងៃនេះ​តំលៃ​ស្វាយ​ធ្លាក់​ចុះ ដោយសារ​តែ​រដូវ​នេះ​សំបូរ​ស្វាយ​»​។ គាត់​បាន​ពន្យល់​ថា សព្វ​ថ្ងៃនេះ​កសិ​ករ​ចាប់ផ្ដើម​ប្រមូល​ផល ផ្លែស្វាយ​ធម្មតា​ផង (​ស្វាយ​ដែល​ផ្លែ​តាម​រដូវ​កាល មិន​ប្រើ​ថ្នាំ​បញ្ជា​) និង​ផ្លែស្វាយ​ដែល​ប្រើ​ថ្នាំ​បញ្ជា​ខុសរដូវ​ផង ទើប​សំបូរ​ស្វាយ​នៅ​លើ​ទីផ្សារ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក​បែប​នេះ ។ ប៉ុន្តែ​បើ​រដូវ​ណា ដែល​មាន​តែ​ស្វាយ​បញ្ជា​ផ្លែ​ខុសរដូវ គឺ​មាន​ទីផ្សារ​ខ្ពស់​ហើយ ព្រោះ​ពេល​នោះ​មិន​សូវ​សំបូរ​ស្វាយ​។ ដូច្នេះ ​តំលៃ​ស្វាយ​ធ្លាក់​ចុះ​នៅ​ពេល​នេះ មិនមែន​មក​ពី​ឈ្មួញ​ក្រឡុក​ទីផ្សារ​ទេ គឺ​ដោយ​សារ​ខែ​នេះ​សំបូរ​ស្វាយ និងទីផ្សារ​នៅ​ប្រទេស​ក្បែរ​ខាង​ធ្លាក់​ចុះ​ដែរ​។

ដោយឡែក​ ឈ្មួញកណ្ដាល​មួយ​រូប​ទៀត ក៏​បាន​លើក​ឡើង​ស្រ​ដៀង​គ្នានឹង​ការ​បកស្រាយ​របស់​លោក​ពឿ​ន ពុ​ច ដែរ​ អំពី​ទីផ្សារ​ស្វាយកែវ​ល្មៀត​ធ្លាក់​ចុះ​យ៉ាង​គំហុក​នេះ ​។ អ្នកស្រី ធួន នី ជា​ឈ្មួញកណ្ដាល​ទ​ទូល​ទិញ​ស្វាយកែវ​ល្មៀត​ប្រចាំ​ផ្សារ​ទំនើប ​«​ភូ​ពុ​យ​» ក្នុង​ក្រុង​បាត់ដំបង បាន​និយាយ​ថា កន្លង​មក​អ្នកស្រី​មិន​ធ្លាប់​ទ​ទូល​ទិញ​ប្រភេទ​ផ្លែស្វាយ​សម្រាប់​នាំ​ចេញ​ទៅ​កាន់​រោងចក្រ​ក្រៅប្រទេស​ទេ អ្នកស្រី​ទ​ទូល​ទិញ​តែ​ប្រភេទ​ផ្លែស្វាយ​ល្អ (​ស្វាយ​ច្រក​ថង់​លើ​ដើម​) តែ​ជា​ប្រភេទ​ស្វាយ​សម្រាប់​នាំ​ចេញ​ដែរ​។

អ្នកស្រី​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា «​រឿង​ទីផ្សារ​ស្វាយ​មិន​ទៀងទាត់​ទេ វា​អាស្រ័យ​លើ​ទីផ្សារ​នាំ​ចេញ និង ទៅ​តាម​រដូវ​កាល នៃ​ការ​ប្រមូល​ផល មិនមែន​មក​ពី​ឈ្មួញកណ្ដាល​ក្រឡុក​ទីផ្សារ ទើប​ធ្វើ​ឲ្យ​តំលៃ​ស្វាយ​ធ្លាក់​ចុះ​នោះ​ទេ​»​។ ឈ្មួញ​រូប​នេះ​បាន​បញ្ជាក់​ថា កាលពី​ជាង​១​ខែ​មុន​នេះ ផ្លែ​ស្វាយកែវ​ល្មៀត​សម្រាប់​នាំ​ចេញ​ដាក់​លក់​លើ​ទីផ្សារ​ធំ​ៗ ជា​ពិសេស​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម នៅ​មាន​តំលៃ​ខ្ពស់​នៅឡើយ គឺ​គាត់​ទ​ទូល​ទិញ​ក្នុង​តំលៃ​ចន្លោះ​ពី​១៨០០​រៀល ដល់២៣០០​រៀល ក្នុង​១​គីឡូក្រាម​។ ប៉ុន្តែ​សព្វ​ថ្ងៃនេះ ស្វាយ​ប្រភេទ​នេះ គាត់​ទ​ទូល​ទិញ​ចូល​ត្រិ​ម​តែ​តំលៃ​ចន្លោះ​ពី​៨០០​រៀល ដល់​១០០០​រៀល តែ​ប៉ុណ្ណោះ គឺ​ធ្លាក់​ចុះ​ស្ទើរ​ពាក់កណ្ដាល ។

គួរ​កត់សម្គាល់​ដែរ​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ សម្រាប់​ប្រជា​កសិករ​នៅ​ខេត្តបាត់ដំបង ហាក់​បង្កើន​សន្ទុះ​យ៉ាង​ខ្លាំង ក្នុង​ការ​ពង្រីក​ផ្ទៃដី​ដាំ​ដំណាំ​ស្វាយកែវ​ល្មៀត​នេះ ដោយសារ​តែ​ពួក​គេ​មើលឃើញ​ថា ស្វាយកែវ​ល្មៀត​នេះ​មាន​ទីផ្សារ​ល្អ ទាំង​នៅ​ក្នុងស្រុក និងការ​នាំ​ចេញ​។ ព្រោះតែ​មើល​បែប​នេះ​ហើយ ទើប​កសិករ​មួយ​ចំនួន​បាន​សម្រេច​បង្កើន​ការ​ដាំ​ដុះ​ដំណាំ​ស្វាយ​នេះ ស្ទើរ​គ្រប់​ទីកន្លែង​។ ប៉ុន្តែ​មិន​ដូច​ការ​រំពឹង​ទុក​ទេ​សម្រាប់​ទីផ្សារ​ស្វាយកែវ​ល្មៀត​នេះ ​។ ព្រោះ​តំលៃ​ឡើង​ចុះ​ដូច​ទឹកជំនន់​ដែរ ដែល​នាំ​ឲ្យ​កសិករ​ដេក​មិន​លក់​បក់​មិន​ល្ហើយ ដោយសារ​តែ​ទីផ្សារ​ត្រូវ​ពឹង​លើ​ប្រទេស​ជិតខាង​ស្ទើរ​ទាំងស្រុង​។

ពាក់ព័ន្ធ​នឹង​សន្ទុះ នៃ​ការ​កើនឡើង​របស់​កសិករ​ដាំ​ដំណាំ​ស្វាយកែវ​ល្មៀត​នេះ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ​ខេត្តបាត់ដំបង លោក ឈឹ​ម វ​ជិ​រា ធ្លាប់​បាន​ប្រាប់​កោះសន្តិភាព ដោយ​ទ​ទូល​ស្គាល់​ថា បច្ចុប្បន្ន​ប្រជា​កសិករ​នៅ​ក្នុង​ខេត្តបាត់ដំបង ពិតជា​កំពុង​ផ្ដោត​ខ្លាំង​ទៅ​លើ​ដំណាំ​ស្វាយកែវ​ល្មៀត​នេះ​មែន ព្រោះតែ​ពួក​គាត់​សំឡឹង​ឃើញ​ទីផ្សារ​ល្អ​ទៅ​អនាគត់​ ។ ប៉ុន្តែ​យ៉ាងណា លោក​បាន​បញ្ជាក់​ដែរ​ថា តំលៃ​ទី​ផ្សារ​ដំណាំ​កសិកម្ម មិន​ទៀត​ទាត់​ទេ គឺ​វា​អាស្រ័យ​ទៅ​លើ​ទីផ្សារ​ជាក់ស្ដែង និង ទៅ​តាម​រដូវ​កាល នៃ​ការ​ប្រមូល​ផល ​៕

អត្ថបទសរសេរ ដោយ