រាជធានីភ្នំពេញ ៖ ក្រសួងបរិស្ថានថ្ងៃនៃក្តីស្រឡាញ់ ៖ យើងស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិ Valentine’s Prey Lang នៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់នៅថ្ងៃទី១៤ និងថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២០ តំណាងរាស្ត្រ មន្ត្រីក្រសួងបរិស្ថាន អាជ្ញាធរ សហគមន៍តំបន់ការពារធម្មជាតិ និងអ្នកស្រឡាញ់ធនធានធម្មជាតិ និងបរិស្ថានសរុបចំនួនប្រមាណ៥០០ នាក់នឹងចូលរួមកម្មវិធីបោះតង់នៅថ្ងៃទី១៤ និង១៥ ខែកុម្ភៈ ឆ្នាំ ២០២០ ខាងមុខនៅទីស្នាក់ការព្រះអាទិត្យនៃដែនជម្រកសត្វព្រៃព្រៃឡង់ភូមិសាស្ត្រខេត្តកំពង់ធំ។
រៀបចំឡើងដោយក្រសួងបរិស្ថាន កម្មវិធីបោះតង់នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់នេះធ្វើឡើងក្រោមប្រធានបទ «ថ្ងៃនៃក្តីស្រឡាញ់ ៖ យើងស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិ» ឬហៅថា Valentine’s Prey Lang ដើម្បីបង្កើនសេចក្តីស្រឡាញ់ និងការចូលរួមការពារ អភិរក្សធនធានធម្មជាតិ ជីវ:ចម្រុះ និងប្រព័ន្ធអេកូឡូស៊ី នៅកម្ពុជានិយាយជារួម និងជាពិសេសនៅតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់។ នេះជាការថ្លែងឱ្យដឹងរបស់លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នេះ។
លោកបន្តថា ៖ «ក្រសួងបរិស្ថាន សូមអញ្ជើញដៃគូអភិវឌ្ឍន៍ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល សហគមន៍មូលដ្ឋាននានាចូលរួមក្នុងកម្មវិធីនេះទាំងអស់គ្នា ដើម្បីរួមសាមគ្គីគ្នាក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ ដែលប្រទេសកម្ពុជាយើងមានឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត»។
លោករដ្ឋលេខាធិការក្រសួងបរិស្ថាន នៅក្នុងកម្មវិធីនោះ នឹងមានការបំបួសដើមឈើ និងការធ្វើបទបង្ហាញ និងផ្សព្វផ្សាយពីសក្តានុពលធនធានធម្មជាតិ ជីវ:ចម្រុះ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ីនៃតំបន់ព្រៃឡង់ដល់អ្នកចូលរួមផងដែរ។ គោលបំណងនៃការរៀបចំកម្មវិធីបោះតង់បរិស្ថាន ដើម្បីបណ្តុះស្មារតីស្រឡាញ់ធនធានធម្មជាតិ ជីវ:ចម្រុះ និងប្រព័ន្ធអេកូឡូស៊ីក្នុងចំណោមប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជន និងដើម្បីជំរុញឱ្យមានការចូលរួមកាន់តែសកម្មក្នុងការការពារនិងអភិរក្សធនធានធម្មជាតិដែលយើងមាន។
លោកថ្លែងថា ដោយសារតែកត្តាសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍបានអនុញ្ញាតឱ្យកម្ពុជាមានឱកាសគ្រប់គ្រាន់គិតគូរលើការការពារ និងអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ គិតគូរពីកិច្ចគាំពារបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព ដើម្បីកសាងសង្គមកម្ពុជាមួយ ប្រកបដោយបរិស្ថានល្អស្អាត ធនធានធម្មជាតិត្រូវបានការពារ និងមានផាសុកភាព សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ ហើយគុណភាពបរិស្ថាន និងនិរន្តរភាពបរិស្ថានត្រូវបានធានា។
គួរបញ្ជាក់ថា ព្រៃឡង់ត្រូវបានរាជរដ្ឋាភិបាលបង្កើតជាដែនជម្រកសត្វព្រៃព្រៃឡង់ នៅឆ្នាំ ២០១៦ស្ថិតនៅក្រោមសមត្ថកិច្ចគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន មានទំហំផ្ទៃដីសរុបជាង ៤៣ ម៉ឺនហិកតាស្ថិតនៅក្នុងភូមិសាស្ត្រខេត្ត ចំនួន ៤ គឺខេត្តស្ទឹងត្រែង ព្រះវិហារ កំពង់ធំ និងខេត្តក្រចេះ។ កាលពីឆ្នាំ២០១៩ ក្រសួងបរិស្ថានបានប្រកាសទទួលស្គាល់សហគមន៍តំបន់ការពារធម្មជាតិចំនួន ១៩ ដែលមានសិទ្ធិស្របច្បាប់ចូលរួមសកម្មភាពការពារនិងអភរិក្សធនធានធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃដ៏មានសារ:សំខាន់នេះ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ