បច្ចុប្បន្ននេះ លោកមហាសេដ្ឋី ជេហ្វ បេសូស (Jeff Bezos) មានទ្រព្យសម្បត្តិសរុបប្រមាណ ១២៦ប៊ីលានដុល្លារដែលបានធ្វើឲ្យលោកក្លាយជាបុរសដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភជាងគេលើលោក ប៉ុន្តែលោកមិនមែនជាមនុស្សដែលពូកែជាងគេរហូតក្នុងគ្រប់កាលៈទេសៈទេ ។
មុនពេលលោកចាប់ផ្តើមអាជីវកម្មរបស់លោក លោកជានិស្សិតផ្នែករូបវិទ្យាមួយរូបនៅសាកលវិទ្យាល័យ Princeton University ប៉ុន្តែលោកមិនដែលគិតថាលោកឆ្លាតវៃដូចអ្នកដទៃគ្រប់គ្រាន់ក្នុងការក្លាយជាសិស្សដ៏លេចធ្លោទេ ។
ដូច្នេះលោកបានសម្រេចចិត្តប្តូរទៅសិក្សាមុខជំនាញវិស្វកម្មអគ្គិសនី និងវិទ្យាសាស្ត្រកុំព្យូទ័រវិញ ។ លោកបាននិយាយក្នុងបទសម្ភាសន៍មួយកាលពីឆ្នាំ ១៩៩៩ ថា «ខ្ញុំមើលជុំវិញបន្ទប់ ហើយវាច្បាស់សម្រាប់ខ្ញុំថាមានមនុស្សបីនាក់ដែលពូកែផ្នែករូបវិទ្យាជាងខ្ញុំ» បន្ទាប់ពីជួបប្រទះការលំបាកក្នុងការដោះស្រាយលំហាត់គណិតវិទ្យាមួយអស់រយៈពេលជាច្រើនម៉ោង លោក បេសូស បានគិតឃើញអ្វីមួយដែលបានផ្លាស់ប្តូរជីវិតរបស់លោក ។
ពេលនោះលោកព្យាយាមដោះស្រាយលំហាត់ជាមួយនឹងមិត្តរួមថ្នាក់ តែអ្នកទាំងពីរមិនអាចដោះស្រាយចេញទេ ។ ដោយហេតុដូច្នេះ ពួកគេបានសម្រេចចិត្តទៅរកមិត្តភក្តិម្នាក់ទៀតឲ្យជួយ ។ មិត្តម្នាក់នោះមើលលំហាត់មួយសន្ទុះរួចសរសេររូបមន្តពិជគណិតដល់ទៅ ៣ទំព័ររហូតដល់ឃើញចម្លើយ ។
ពេលនោះលោក បេសូស បានសួរមិត្តរបស់ខ្លួនថា គេបានដោះស្រាយលំហាត់ក្នុងខួរក្បាលមែនទេ? តែមិត្តម្នាក់នោះបាននិយាយថាទេ តែខ្លួនធ្លាប់បានដោះស្រាយបញ្ហាស្រដៀងគ្នាកាលពី ៣ឆ្នាំមុនហើយយកវិធីដែលដោះស្រាយលំហាត់មុនមកដោះស្រាយលំហាត់របស់លោក បេសូស ។ ពេលនោះហើយជាពេលដែលលោក បេសូស ដឹងខ្លួនថាផ្លូវដើរនេះមិនមែនជាផ្លូវដើរដ៏ស័ក្កិសមសម្រាប់លោកឡើយ ។ បន្ទាប់មកលោកក៏បានផ្លាស់ប្តូរមុខជំនាញនិងប្តេជ្ញាក្នុងការចាប់ផ្តើមអាជីវកម្មមួយដោយខ្លួនឯង ។
បន្ទាប់ពីលោករៀនចប់នៅឆ្នាំ ១៩៨៦ ជាមួយនឹងសញ្ញាប័ត្រផ្នែកវិស្វកម្មអគ្គិសនី និងវិទ្យាសាស្ត្រកុំព្យូទ័រ ។ នៅឆ្នាំ ១៩៩៥ លោកបានចាប់ផ្តើមហាងលក់សៀវភៅអនឡាញមួយដែលបច្ចុប្បន្ននេះបានក្លាយជាហាងលក់អ្វីគ្រប់យ៉ាងឈ្មោះថា Amazon ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ