វិធី​សាស្ត្រ​អ្វី​ទៅ​ដែល​ធ្វើ​ឱ្យ​ក្រុម​ល្ខោន​បាសាក់​​ ទទួល​ការ​គាំទ្រ​ជាង​មុន


រាជធានី​ភ្នំពេញ ៖​ប្រធាន​ក្រុម​សិល្បៈ​ល្ខោនបាសាក់​មហាជន​រាជធានី​ភ្នំពេញ​លោក អុល សំអាង បាន​​សម្តែង​ក្តី​រំភើប​រីករាយ​ ព្រោះ​លោក​បានឃើញ​មហាជន​ច្រើន​កុះករ​ចូលរួម​ទស្សនា​សិល្បៈ​ល្ខោន​បាសាក់ ក្នុង​ពេល​ដែល​សិល្បៈ​មួយ​នេះ​បាត់បង់​ប្រជាប្រិយភាព ។ លោក​បាន​ចាត់​ទុក​ការ​ចូល​រួម​គាំទ្រ និង​ទស្សនា​ពី​មហាជន គឺជា​ការ​ចូលរួម​លើក​ស្ទួយ​តម្លៃ​សិល្បៈ​មរតក​ជាតិ និង​ជា​ការ​លើកទឹកចិត្ត​ដល់​អ្នក​ប្រកប​អាជីព​សិល្បៈ​មួយ​នេះ​កាន់តែ​ខិតខំ​បន្ត​ការ​សម្តែង ដើម្បី​ថែរក្សា​សិល្បៈ​ល្ខោនបាសាក់​ឲ្យ​នៅ​មានជីវិត​បន្ត​ទៀត​។

លោក​អុល សំអាង បាន​អះអាង​ប្រាប់​កោះសន្តិភាព​នា​ពេល ថ្មី​ៗ​កន្លង​មក​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ​លោក​សង្កេត​ឃើញ​ពី​ភាព​ខុស​ប្លែក​នា​ពេល​កន្លង​មក ដោយសារ​ក្រុម​សិល្បៈ​ល្ខោនបាសាក់​របស់​លោក​ទទួល​បានការ​ចូលរួម​ទស្សនា​ច្រើន​ជា​មុន នៅ​តាម​បណ្តា​ខេត្ត​នានា​ដែល​ក្រុម​លោក​បាន​ទៅ​សម្តែង ។ កត្ដា​នេះ​បាន​ធ្វើ​ឲ្យ​រូប​លោក និង​ក្រុម​សម្តែង​ទាំងអស់​សប្បាយ​រីករាយ​ជាទី​បំផុត ដោយសារ​តែ​ការ​ខិតខំ ត្រូវ​បាន​មហាជន​ទទួលស្គាល់​ពី​ស្នាដៃ​សម្តែង និង​ការ​កែប្រែ​ចំណុច​​មួយ​ចំនួន ដើម្បី​ទាក់ទាញ​អ្នក​ទស្សនា ។

បើ​តាម​លោក​អុល សំអាង ចំណុច​ដែល​លោក​យល់​ថា អាច​ទាក់ទាញ​អ្នក​ទស្សនា​បាន​ច្រើន​នា​ពេល​នេះ «​គឺ​ដោយ​មានការ​ពង្រឹងសមត្ថភាព​ក្រុម ដោយ​កែសម្រួល​ទិដ្ឋភាព​រួម​នៃ​ការ​សម្តែង​ឲ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ ខណៈ​ពេល​ដែល​កត្តា​សំខាន់​មួយទៀត​គឺ​ការ​ផ្សព្វផ្សាយ ។ អ្វី​ដែល​ក្រុម​ខ្ញុំ​បាន​អ្នក​ទស្សនា​ច្រើន គឺ​ដោយសារ​តែ​ទទួលយក​សំណូមពរ​ពី​មហាជន ដោយ​ចាប់ផ្តើម​សម្តែង​ចាប់ពី​ក្បាល​ព្រលប់ ខុស​ពី​ពេល​កន្លង​មក​ដែល​សម្តែង​តែ​យប់​ជ្រៅ ធ្វើ​ឲ្យ​មហាជន​មានការ​ធុញទ្រាន់ ហើយ​មិន​នៅ​រង់ចាំ​ទស្សនា​ទេ ។

មួយទៀត​សម្រាប់​វង់​ខ្លះ​ដែល​តែងតែ​ដាក់​ការ​រាំ​បែប​សម័យ​មុន​ការ​សម្តែង​ល្ខោន​នោះ ក៏​មហាជន​ភាគច្រើន​មិន​ពេញចិត្ត​ដែរ ហើយ​មហាជន​ខ្លះ​អាច​ធុញ​ដោយសារ​តែ​យូរ​ទម្រាំ​ដល់​ការ​សម្តែង​ល្ខោន ដែល​ចំណុច​នេះ​ក្រុម​របស់ខ្ញុំ​មិន​មាន​ឡើយ ។

ក្រុម​របស់ខ្ញុំ​មុន​ការ​សម្តែង​មក​ដល់​គឺ​តែងតែ​ដាក់​របាំ​បុរាណ ផ្សេង​ៗ ហើយ​ការ​សម្តែង​ពី​ដំណើររឿង​នោះ​ទៀត​សោត​ធ្វើ​យ៉ាងណា​ឲ្យ​ចំ​ជា​លក្ខណៈ​បុរាណ​ដឹង​បុរាណ សម័យ​ចំ​សម័យ មិនមែន​សម្តែង​ឲ្យ​តែ​រួចពីដៃ​នោះ​ឡើយ »​។

ចំពោះ​អ្នក​ទស្សនា​លោក​អុល សំអាង ថា​គឺ​ចម្រុះ​ទាំង​វ័យចាស់ និង​យុវវ័យ ហើយ​ច្រើន ឬ​តិច​គឺ​តាម​តំបន់ ដោយ​តំបន់​ខ្លះ​មាន​អ្នក​ទស្សនា​ច្រើន ខ្លះ​ល្មម​ដោយសារ​កត្តា​មាន​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន ឬ​តិច ប៉ុន្តែ​ពួក​គាត់​នៅ​តែ​គាំទ្រ​ល្ខោនបាសាក់​របស់​លោក​មិន​មាន​ថមថយ​ឡើយ ។

លោក​អុល សំអាង ឲ្យ​ដឹង​ទៀត​ថា ចាប់ពី​ខែកុម្ភៈ​រហូត​ដល់​ឧសភា ក្រុម​របស់​លោក​បាន​ទទួល​ការ​កក់​សម្តែង​ជា​ច្រើន ដោយ​មាន​ពេល​ខ្លះ​ជាន់​យប់​នៃ​ការ​សម្តែង​ថែម​ទៀត​ផង ដែល​ជា​បញ្ជាក់​ពី​ភាព​ជោគជ័យ​សម្រាប់​ក្រុម​លោក ។

ភាព​ជោគជ័យ​នេះ​មិនមែន​សម្រាប់​ក្រុម​របស់​លោក​តែ​មួយ​នេះ​ទេ ពោល​គឺជា​ភាព​ជោគជ័យ​សម្រាប់​ទាំងអស់​គ្នា ដែល​បាន​ខិតខំ​រួម​គ្នា​ចូលរួម​ថែរក្សា និង​ឲ្យ​តម្លៃ​លើ​សិល្បៈ​បុរាណ​ដ៏​ចំណាស់​មួយ​នេះ ឲ្យ​ស្ថិត​ស្ថិរ​បន្ថែម​ទៀត ព្រោះ​បើ​ខ្មែរ​មាន​ល្ខោន​សម្តែង​ហើយ ហើយ​មិន​មាន​អ្នក​ទស្សនា​នោះ​គឺ​ក៏​គ្មាន​ន័យ​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ