រាជធានីភ្នំពេញ ៖ ក្មេងស្រីដែលត្រូវបានក្រុមក្មេងស្រីមួយទៀតប្រើហិង្សាកាលពីខែមុននោះ ទទួលបានអាហារូបករណ៍១០០ភាគរយពីសាលារៀនវេសឡាញ រហូតដល់ថ្នាក់ទី១២ និងអាហារ១០០ភាគរយសម្រាប់ថ្នាក់ភាសាជាអង់គ្លេសផងដែរ ។
យោងតាមលោក ប៉ិច បូឡែន នាយកប្រតិបត្តិក្រុមហ៊ុន វេសឡាញអេឌ្យូខេសិនគ្រុប បានឱ្យដឹងថា មុននឹងលោកសម្រេចផ្ដល់អាហារូបករណ៍ជូនក្មេងស្រី ស្រ៊ុន កែវមរកត គឺលោកបានទទួលការស្នើសុំពីគណៈនាយកសាលា គ្រូបង្រៀន និងមិត្តភក្ដិមួយចំនួនដែលបានដឹងពីស្ថានភាពពិតរបស់នាងទាំងនៅផ្ទះ និងនៅសាលា ។ ពេលនោះលោកបានចាត់ឱ្យបុគ្គលិកផ្នែកសង្គមកិច្ច និងទំនាក់ទំនងសាធារណៈចុះស៊ើបអង្កេតសិក្សាស្ថានភាពពិតដល់ផ្ទះ គឺនាងមានអារម្មណ៍ភ័យខ្លាច លែងចង់ទៅសាលា ហើយចង់ដូរសាលារៀន ។
លោកបន្តថា ក្នុងនាមជាអ្នកអប់រំម្នាក់នៅកម្ពុជា លោកមិនចង់ឱ្យក្មេងស្រីដែលជាទំពាំងស្នងឫស្សីមួយនៅកម្ពុជា បាត់បង់ឱកាសសិក្សា ឬបន្តការសិក្សាដោយអារម្មណ៍ភ័យខ្លាចបែបនេះនោះទេ ទើបលោកសម្រេចផ្ដល់អាហារូបករណ៍១០០ភាគរយសម្រាប់ចំណេះដឹងទូទៅខ្មែរ។ សម្រាប់ថ្នាក់ភាសាអង់គ្លេសនាងក៏ទទួលបានអាហារូបករណ៍១០០ភាគរយផងដែរពីសាលារៀន និងសប្បុរសជនមួយរូប ។
លោកបញ្ជាក់ថា សាលាវេសឡាញ មិនមែនទើបតែធ្វើរឿងបែបនេះ ផ្ដល់អាហារូបករណ៍បែបនេះ ដល់ប្អូនស្រី ស្រ៊ុន កែវមរកត លើកទី១ទេ ពោលគឺសាលាបានផ្ដល់អាហារូបករណ៍ស្រដៀងៗគ្នានេះទៅដល់សិស្សជាច្រើនហើយ ។
ក្រៅពីសាលារៀនវេសឡាញ ក្មេងស្រី ស្រ៊ុន កែវមរកត ក៏ទទួលបានការសណ្ដោសប្រណី និងអាណិតមេត្តាពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាផងដែរ ដោយសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតបានផ្ដល់ថវិកាចំនួន២លានរៀល និងសម្ភារសិក្សាមួយចំនួនទៀតដើម្បីលើកទឹកចិត្ត និងផ្ដល់ភាពកក់ក្ដៅដល់ក្មេងស្រីរូបនេះបន្តការសិក្សាបន្តទៀត និងជំរុញឱ្យក្មេងស្រីរូបនេះឈប់មានការភ័យខ្លាចបន្តទៀត ។
គួរបញ្ជាក់ថា ក្មេងស្រី ស្រ៊ុន កែវមរកត ត្រូវបានក្មេងស្រីរៀននៅក្នុងសាលាជាមួយគ្នាក្នុងវិទ្យាល័យ ហ៊ុនសែនប៊ុនរ៉ានី ផ្សារដើមថ្កូវ និងក្មេងស្រីមកពីសាលារៀនផ្សេងមកព្រួតវាយធ្វើបាបយ៉ាងឃោរឃៅ ។ អំពើហិង្សានេះ ត្រូវបានដឹងដល់អាណាព្យាបាល និងអាជ្ញាធរតាមរយៈការបែកធ្លាយឃ្លីបវីដេអូនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ហើយក៏មានការថ្កោលទោសយ៉ាងខ្លាំងពីសំណាក់មហាជនទៅលើអំពើឃោរឃៅរបស់ក្មេងស្រីមួយហ្វូងដែលព្រួតវាយដំលើក្មេងស្រីតែម្នាក់ និងមិនមានការតដៃវិញនោះឡើយ ។ អំពើហិង្សាបែបនេះមិនគួរកើតមានក្នុងសង្គមកម្ពុជានោះឡើយ ជាពិសេសទិដ្ឋភាពដែលបង្កឡើងទៅលើនារីភេទតែម្ដង ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ