ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងទេសចរណ៍​បង្ហាញ​ដំណោះស្រាយ​ចំពោះ​ការ​ធ្លាក់​ចុះ​នៃ​ភ្ញៀវ​ទេសចរ​បរទេស

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តសៀមរាប ៖ ស្ថានភាព​នៃ​ការ​ផ្ទុះ​ឡើង​នូវ​វី​រូស​កូ​រ៉ូ​ណា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​នៅ​គ្រប់​ប្រទេស​លើ​ពិភពលោក ខណៈ​ដែល​ប្រទេស​ចិន​ជាទី​ផ្សារ​ទេសចរណ៍​ដ៏​ធំ​ថែម​ទៀត ។ ដូច្នេះ​ដើម្បី​ដោះស្រាយ​នូវ​ផល់​ប៉ះពាល់​ចំពោះ​មុខ ក្រសួងទេសចរណ៍​បាន​ប្រកាស​គាំទ្រ​លើកទឹកចិត្ត​ដល់​ភាគី​ពាក់ព័ន្ធ ទាំង​វិស័យ​រដ្ឋ​និង​ឯកជន​រួម​គ្នា​បង្កើត​ព្រឹត្តិការណ៍​កម្សាន្ត​ឱ្យ​បាន​ច្រើន​នៅ​តាម​គោលដៅ​ទេសចរណ៍​នានា ដើម្បី​ជំរុញ​ចលនា​ទេសចរ​ផ្នៃ​ក្នុង​ឱ្យ​កាន់តែ​ផុសផុល សំដៅ​លើកកម្ពស់​វិស័យ​ទេសចរណ៍​ជាតិ…

ខេត្តសៀមរាប ៖ ស្ថានភាព​នៃ​ការ​ផ្ទុះ​ឡើង​នូវ​វី​រូស​កូ​រ៉ូ​ណា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​នៅ​គ្រប់​ប្រទេស​លើ​ពិភពលោក ខណៈ​ដែល​ប្រទេស​ចិន​ជាទី​ផ្សារ​ទេសចរណ៍​ដ៏​ធំ​ថែម​ទៀត ។ ដូច្នេះ​ដើម្បី​ដោះស្រាយ​នូវ​ផល់​ប៉ះពាល់​ចំពោះ​មុខ ក្រសួងទេសចរណ៍​បាន​ប្រកាស​គាំទ្រ​លើកទឹកចិត្ត​ដល់​ភាគី​ពាក់ព័ន្ធ ទាំង​វិស័យ​រដ្ឋ​និង​ឯកជន​រួម​គ្នា​បង្កើត​ព្រឹត្តិការណ៍​កម្សាន្ត​ឱ្យ​បាន​ច្រើន​នៅ​តាម​គោលដៅ​ទេសចរណ៍​នានា ដើម្បី​ជំរុញ​ចលនា​ទេសចរ​ផ្នៃ​ក្នុង​ឱ្យ​កាន់តែ​ផុសផុល សំដៅ​លើកកម្ពស់​វិស័យ​ទេសចរណ៍​ជាតិ ក្នុង​ដំណាក់កាល​ផ្ទុះ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​នេះ​។

លោក ទិ​ត ច​ន្ថា រដ្ឋមន្ត្រី​ស្តីទី​ក្រសួងទេសចរណ៍​បាន​ប្រកាស​នូវ​ការ​លើកទឹកចិត្ត​នោះ​នៅ​ក្នុង​កិច្ចប្រជុំ​ការងារ​ទេសចរណ៍ ជាមួយ​ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍ ជាមួយ​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប ព្រមទាំង​ប្រតិបត្តិ​ករ​ទេសចរណ៍ វិស័យ​ឯកជន តំណាង​មន្ទីរ ស្ថាប័ន អង្គភាព ពាក់ព័ន្ធ​ប្រមាណ​១៥០​នាក់​នៅ​សាលាខេត្ត​សៀមរាប កាលពី​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២០ កន្លង​ទៅ​នេះ ។

លោក ទិ​ត ច​ន្ថា បាន​បញ្ជាក់​ថា កម្ពុជា​នៅ​តែ​មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា ប៉ុន្តែ​មានការ​ថមថយ​ខ្លះ ពិសេស​គឺ​ភ្ញៀវ​ទេសចរ​ចិន​ដោយសារ​បញ្ហា​ផ្ទុះ​ការ​រីក​រាលដាល​វីរុស​កូ​រ៉ូ​ណា​។ លោក​អះអាង​បន្ថែម​ថា កម្ពុជា​គ្មាន​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ទៀត​នោះ​ទេ​។ លោក​បញ្ជាក់​បន្ថែម​ទៀត​ថា ខណៈ​នៅ​សៀមរាប​-​អង្គរ សកម្មភាព​ទេសចរ​នៅ​តែ​មាន​សកម្ម ភាព​រស់​រវើក ជា​ពិសេស​ភ្ញៀវ​ទេសចរ​អឺរ៉ុប​នៅ​តែ​មាន​ច្រើន តែ​មានការ​ថមថយ​ខ្លះ ពិសេស ភ្ញៀវ​ចិន​មានការ​ថមថយ ដោយសារ​ប្រភព​កំណើត​របស់​គាត់​មាន​បញ្ហា​វីរុស​កូ​រ៉ូ​ណា ។

លោក​បាន​បញ្ជាក់​បន្ត​ថា ប៉ុន្តែ​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ដំណោះស្រាយ​ជាក់លាក់​ណាមួយ សម្រាប់​បញ្ហា​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ ក្នុង​ដំណាក់កាល​ផ្ទុះ​ការ​រីក​រាលដាល​វីរុស​កូ​រ៉ូ​ណា​នេះ​នៅឡើយ​ទេ ដោយ លោក​អះអាង​ថា បញ្ហា​នេះ​ក្រសួងទេសចរណ៍​មិន​អាច​ធ្វើ​តែឯង​បាន​ទេ គឺ​មានការ​ពាក់ព័ន្ធ​នឹង​ក្រសួង​-​ស្ថាប័ន ពាក់ព័ន្ធ​នឹង​វិស័យ​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍​នេះ​ទៀត​ដែរ​។ ទោះបីជា​យ៉ាងណា លោក​រដ្ឋមន្ត្រី​ស្តីទី​បាន​ឲ្យ​ដឹង​ថា ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដែល​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល នឹង​ស្នើ​សុំ​ទៅ​កាន់​រាជរដ្ឋាភិបាល ដើម្បី​ទទួល​បាន​ដំណោះ ស្រាយ​ជាក់លាក់​ណាមួយ​ក្នុង​ដំណាក់កាល​លំបាក​នេះ​។

លោក ទិ​ត ច​ន្ថា បាន​លើក​ឡើង​ថា មាន​បញ្ហា​មួយ​ចំនួន​ដែល​តម្រូវ​ឱ្យ​ភាគី​ពាក់ព័ន្ធ​រួម​គ្នា ដោះស្រាយ ដូច​ជា​បញ្ហា​ពន្ធដារ អគ្គិសនី ការ​ប្រាក់​នៅ​ធនាគារ​ជាដើម សំដៅ​សម្រួល​ម​ធ្យោ បាយ​ជូន​ក្រុមហ៊ុន ទីភ្នាក់ងារ​ទេសចរណ៍ មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍ ប្រតិបត្តិ​ករ ទេសចរណ៍​ជាដើម ដែល​ពួក​គេ​កំពុង​ជួប​បញ្ហា​ក្នុង​ការ​ចំណាយ​ច្រើន ខណៈ​ចំណូល​ដែល​ផ្អែក លើ​ការ​មក​ទស្សនា ការ​មក​ស្នាក់​នៅ ឬ​ការ​ប្រើប្រាស់​សេវាកម្ម​របស់​ភ្ញៀវ​ទេសចរណ៍​មានការ​ធ្លាក់​ចុះ ។

បន្ថែម​លើ​នោះ​លោក​ក៏​បាន​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំង​រដ្ឋ និង​ឯកជន​ត្រូវ​រួម​គ្នា​បង្កើត​ព្រឹត្តិការណ៍​ទេសចរណ៍​នៅ​តាម​គោលដៅ​ទេសចរណ៍​ឱ្យ​បាន​ច្រើន ជំរុញ​ចលនា​ទេសចរ​ផ្ទៃក្នុង ទាំង​ប្រជាពលរដ្ឋ និង​ភ្ញៀវ​អន្តរជាតិ​ដែល​កំពុង​ស្ថិត​នៅ​កម្ពុជា គឺ​ត្រូវ​ដើរ​ចេញ​ទស្សនា​ឱ្យ​បាន​ច្រើន​។ ប៉ុន្តែ​ផ្នែក​ឯកជន​ក៏​ត្រូវ​សម្រួល ឬ​បញ្ចុះតម្លៃ​លក់​កញ្ចប់​ទស្សនកិច្ច​ដល់​ភ្ញៀវ ក៏​ដូច​ជា​ការ​បញ្ចុះ តម្លៃ​ស្នាក់​នៅ​សណ្ឋាគារ អាហារ​ហូប​ចុក ការ​ដឹក​ជញ្ជូន សេវាកម្ម​នានា​ជាដើម ដើម្បី​លើក​ទឹក ចិត្ត​ឱ្យ​មានការ​ធ្វើ​ដំណើរ​ទេសចរណ៍​ផ្ទៃក្នុង ព្រោះ​កាលណា​មាន​សកម្មភាព​ទេសចរណ៍​ច្រើន វា​ជួយ​សម្រាល​ការ​ចំណាយ​នៅ​តាម មូលដ្ឋាន អាជីវកម្ម​ទេសចរណ៍ ហើយ​ជា​សារ​សម្រាប់​ផ្សព្វផ្សាយ​ទៅ​កាន់​ទេសចរ​ក្រៅប្រទេស ដែល​ជា​ការ​ទាក់ទាញ​ភ្ញៀវ​ពី​ក្រៅប្រទេស​ឱ្យមក​ទស្សនា​កម្ពុជា​បន្ថែម​ទៀត​។

លោក​រដ្ឋមន្ត្រី​ស្ដីទី​ក្រសួងទេសចរណ៍​បាន​សង្កត់ធ្ងន់​ថា កម្ពុជា​នៅ​តែ​ស្វាគមន៍​វត្តមាន​ទេស ចរ​អន្តរជាតិ​គ្រប់​គ្នា ដោយ​មិន​មានការ​រើសអើង​អ្វី​ទាំងអស់ ប៉ុន្តែ​នៅ​តែ​មានការ​ត្រួតពិនិត្យ​តាម​បច្ចេកទេស​វេជ្ជសាស្ត្រ​សុខាភិបាល និង​សូម​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា​។ លោក​ក៏​បាន​រំលេច​សារ​អំពាវនាវ​មួយ​ឃ្លា​ថា «​អង្គរ​ឈរ​ជាង​មួយ​ពាន់​ឆ្នាំ រង់ចាំ​ភ្ញៀវ​មក​ទស្សនា មិន​ភ័យ​រឿង​កូ​រ៉ូ​ណា​» ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ