ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រា​សាក់ សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​អគារ​​បណ្ណាល័យ​ថ្មី​មួយ​ខ្នង​នៅ​ស្រុក​ចន្ទ្រា ក្នុង​ខេត្តស្វាយរៀង

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តស្វាយរៀង ៖ ប្រា​សាក់ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា បាន​ដាក់​សម្ពោធ​អគារ​បណ្ណាល័យ​ថ្មី​មួយ​ខ្នង នៅ​សាលា​បឋម​សិក្សា​សំរោង ស្ថិត​ក្នុងភូមិ​ចេក ឃុំ​សំរោង ស្រុក​ច​ន្ទ្រា ខេត្តស្វាយរៀង…

ខេត្តស្វាយរៀង ៖ ប្រា​សាក់ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា បាន​ដាក់​សម្ពោធ​អគារ​បណ្ណាល័យ​ថ្មី​មួយ​ខ្នង នៅ​សាលា​បឋម​សិក្សា​សំរោង ស្ថិត​ក្នុងភូមិ​ចេក ឃុំ​សំរោង ស្រុក​ច​ន្ទ្រា ខេត្តស្វាយរៀង កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២០ ក្នុង​ការ​ចូលរួម​លើកកម្ពស់​វិស័យ​អប់រំ និង​បណ្ដុះ​វប្បធម៌​អាន​នៅ​កម្ពុជា ។ បណ្ណាល័យ​នេះ​កសាង​ឡើង​ដោយ​ប្រើប្រាស់​ថវិកា​របស់​ប្រា​សាក់ និង​មូលនិធិ CVC ។

ពិធី​នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​របស់​លោក ស៊ុន ប៊ុ​ណ្ណា ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍ​កម្មវិធី​សិក្សា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ថន ថា​វុ​ទ្ធា អភិបាល​នៃ​គណៈ​អភិបាលស្រុក​ច​ន្ទ្រា ជា​តំណាង​ឯកឧត្ដម​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង លោក ពិន ដា​រ៉ា អនុប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្តស្វាយរៀង និង​លោក អ៊ុំ សម​អឿ​ន អនុប្រធាន​នាយក​ប្រតិបត្តិ នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់ ។ កម្មវិធី​នេះ ក៏​មានការ​ចូលរួម​ផង​ដែរ​ពី​ព្រះសង្ឃ អាជ្ញាធរ​ដែនដី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ជា​ច្រើន​រយ​នាក់​នៅ​ក្នុង​សហគមន៍ ។

ថ្លែង​ក្នុង​ពិធី​នោះ លោក ថន ថា​វុ​ទ្ធា បាន​ឡើង​ថ្លែង​មតិ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​វត្តមាន​របស់​គណៈអធិបតី និង​ភ្ញៀវ​កិត្តិយស​ទាំងអស់​ដែល​បាន​ចូលរួម​ពិធី​នៅ​ថ្ងៃនេះ និង​បាន​ថ្លែងអំណរ គុណ​ចំពោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់ ដែល​បាន​ផ្ដល់​មូលនិធិ​សាងសង់​អគារ​បណ្ណាល័យ ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​អប់រំ និង​បណ្ដុះ​វប្បធម៌​អាន​នៅ​ក្នុង​ទឹកដី​ស្រុក​ច​ន្ទ្រា ខេត្តស្វាយ ​រៀង ។ នេះ​គឺជា​កាយវិការ​ដ៏​សប្បុរស​ដ៏​គួរ​ឱ្យ​កើត​សរសើរ​ក្រៃ​លែង​របស់ ប្រា​សាក់ នៅ​ក្នុង​កិច្ចការ​សង្គម ដែល​បាន​ផ្ដល់​នូវ​សមិទ្ធផល​ដែល​មិន​អាច​កាត់ថ្លៃ​បាន​នេះ ។

ចំណែក​លោក អ៊ុំ សម​អឿ​ន អនុប្រធាន​នាយក​ប្រតិបត្តិ​របស់ ប្រា​សាក់ បាន​មាន​ប្រសាសន៍​ថា ការ​សាងសង់​អគារ​បណ្ណាល័យ​នេះ គឺជា​ការងារ​ដែល ប្រា​សាក់ ធ្វើ​ឡើង​ដើម្បី​ផ្តល់​ជា​ប្រយោជន៍​ជូន​ដល់​សង្គម ដោយ​ចូលរួម​បណ្ដុះ​វប្បធម៌​អាន និង​លើកកម្ពស់​សមត្ថភាព​របស់​សិស្សានុសិស្ស​ដែល​ជា​កូន​ជា​ចៅ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​នានា​ដែល ប្រា​សាក់ បាន​ធ្វើ​ប្រតិបត្តិការ ដើម្បី​ជា​ការ​តបស្នង​ចំពោះ​ការ​គាំទ្រ និង​ប្រើប្រាស់​ផលិតផល​និង​សេវា​ប្រា​សាក់ ។

ជាក់ស្ដែង នៅ​ក្នុង​ខេត្តស្វាយរៀង ប្រា​សាក់ បាន​ផ្ដល់​ជា​អគារ​បណ្ណាល័យ​ចំនួន ២ ក្នុង​នោះ​បណ្ណា​ល័យ​មួយ​ខ្នង ស្ថិត​ក្នុង​សាលា​បឋម​សិក្សា​និង​អនុ​វិទ្យាល័យ ម្រាម ស្ថិត​ក្នុងភូមិ​ម្រាម​ខាងត្បូង ឃុំ​ម្រាម ស្រុក​រមាស​ហែក ត្រូវ​បាន​សាងសង់​រួច ប៉ុន្តែ​មិន​ទាន់​បំពាក់​សម្ភារៈ​នៅឡើយ ។ ចំណែកឯ​បណ្ណាល័យ​មួយទៀត គឺ​បណ្ណាល័យ​នៅ​សាលា​បឋម​សិក្សា សំរោង ដែល​កំពុង​សម្ពោធ​នា​ឱកាស​នេះ ។ លោក​បន្ត​ថា នៅ​ក្នុង​គម្រោង​បណ្ណាល័យ​សាលា​សំរោង​នេះ ប្រា​សាក់ និង​មូលនិធិ CVC បាន​ផ្ដល់​ជា​ថវិកា​ក្នុង​ការ​កសាង​ជា​អគារ​បណ្ណាល័យ ការ​បំពាក់​សៀវភៅ សម្ភារៈ បរិក្ខារ ការ​បណ្ដុះបណ្ដាល​បណ្ណារក្ស និង​ការ​គាំទ្រ​គម្រោង​រយៈពេល ៣ ឆ្នាំ ។

ជា​សំណូមពរ លោក​សង្ឃឹមថា គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​រួម​មាន​ប្រជាពលរដ្ឋ​ជា​អតិថិជន អាជ្ញាធរ​ដែនដី និង​ភាគី​ពាក់ព័ន្ធ​នឹង​បន្ត​ការ​គាំទ្រ ប្រា​សាក់ តទៅ​ទៀត​ក្នុង​ថ្ងៃ​អនាគត ដើម្បី ប្រា​សាក់ មាន​លទ្ធភាព​កាន់តែ​ច្រើន​ក្នុង​ការ​ជួយ​ដល់​សង្គម​ជាតិ ។

ថ្លែង​ក្នុង​ឱកាស​នេះ លោក ស៊ុន ប៊ុ​ណ្ណា ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍ​កម្មវិធី​សិក្សា និង​ជា​តំណាង​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សម្ដែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ និង​កោតសរសើរ​ចំពោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់ ដែល​បាន​ផ្ដល់​មូលនិធិ និង​សហការ​ជាមួយ​ក្រសួង​អប់រំ យុវ​ជន និង​កីឡា ក្នុង​គម្រោង​បណ្ណាល័យ ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​អប់រំ ស្រប​តាម​យុទ្ធ​សាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​សម្រេច​យក​វិស័យ​អប់​រំជា​អាទិភាព ។ ប្រា​សាក់ គឺជា​ដៃគូ​ដ៏​ល្អ ក្នុង​ការ​លើកកម្ពស់​វិស័យ​អប់រំ ។

លោក​បាន​សំណូមពរ​ឱ្យ​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ និង​មាតាបិតា​សិស្ស ជួយ​ថែរក្សា និង​ប្រើប្រាស់​បណ្ណាល័យ​នេះ​ឱ្យ​អស់ពី​លទ្ធភាព ដោយ​ជំរុញ​ឱ្យ​មានការ​អាន​ឱ្យ​បាន​ច្រើន​ផុសផុល ដើម្បី​បង្កើន​បំ​ណិ​ន​ជីវិត ចំណេះដឹង និង​សមត្ថភាព​ឱ្យ​បាន​ទូលំទូលាយ ។ លោក​បញ្ជាក់​​ថា ការ​អាន​សៀវភៅ​ធ្វើ​ឱ្យ​យើង​មានចំណេះ​ដឹង ដើម្បី​កសាង​ជីវភាព​បាន​ធូរធារ ចេះ​ថែរក្សា​សុខភាព និង​គិតគូរ​បាន​វែង​ឆ្ងាយ ។ អាស្រ័យ​ហេតុនេះ មាតាបិតា​សិស្ស​ត្រូវ​បញ្ជូន​កូន​ទៅ​រៀន​ឱ្យ​បាន​គ្រប់​គ្នា និង​ឱ្យ​បាន​រៀន​វែង​ឆ្ងាយ កុំ​បោះបង់​ចោលការ​សិក្សា និង​ការ​អាន​សៀវ​ភៅ ហើយ​ទាំងអស់​គ្នា​ត្រូវ​ជួយ​ថែរក្សា​បណ្ណាល័យ​នេះ​ឱ្យ​បាន​គង់វង្ស​យូរអង្វែង​រាប់​ជំនាន់​ទៅ​មុខ​ទៀត ។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ខែធ្នូ ឆ្នាំ ២០១៩ មកនេះ គម្រោង​បណ្ណាល័យ ប្រា​សាក់ ដាក់​ឱ្យ​ប្រើ​ប្រាស់ និង​កំពុង​សាងសង់​ចំនួន 41 អគារ​គ្របដណ្តប់​លើ​ភូមិ​ចំនួន 455 ភូមិ ដែល​មាន​ចំនួន​គ្រួសារ​សរុប 98,613 គ្រួសារ មាន​ប្រជាជន​សរុប​ចំនួន 404,559 នៅ​ក្នុង 13 ខេត្ត​រួម​មាន កំពង់ស្ពឺ កំពង់ចាម កណ្ដាល ព្រៃវែង កំពង់ធំ សៀមរាប តាកែវ ព្រះ​វិហារ បាត់ដំបង ស្វាយ​រៀង បន្ទាយ​មាន​ជ័យ កែប និង​ពោធិ៍សាត់ និង​មាន​សិស្សានុសិស្ស​ដែល​ទទួលផល​ផ្ទាល់​ពី​គម្រោង​បណ្ណាល័យ​នេះ​ចំនួន 110,120 នាក់ ។

អំពី​ប្រា​សាក់ និង​គម្រោង​បណ្ណាល័យ​ប្រា​សាក់ ៖
ប្រា​សាក់ ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​លំដាប់​ទី​មួយ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ និង​ជា​ស្ថាប័ន​មួយ​ក្នុង​ចំណោម​ធនាគារ​ធំ​ៗ​ទាំង 5 នៅ​កម្ពុជា ដោយ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ជូន​ដល់​អតិថិជន រួម​មាន ៖ សេវា​ឥណទាន ប្រាក់​បញ្ញើ​សន្សំ ទូទាត់​វិក្កយបត្រ​ទឹក ទូទាត់​វិក្កយបត្រ​ភ្លើង សេវា​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល ផ្ទេរ​ប្រាក់ ដក​ប្រាក់​តាម​ម៉ាស៊ីន​អេ​ធី​អឹ​ម​ប្រា​សាក់​ទោះជា​គ្មាន​ប័ណ្ណ​អេ​ធី​អឹ​ម ប្តូរ​ប្រាក់ ទិញ​កាត​ទូរស័ព្ទ បើកប្រាក់​បៀវត្ស សេវា​ទូទាត់​រហ័ស អេ​ធី​អឹ​ម សេវា​ធនាគារ​ចល័ត ម៉ាស៊ីន​ឆូត​កាត ម៉ាស៊ីន​ដាក់​ប្រាក់ សេវា​ខេ​ម​បូ​ឌា​ន​ស៊ែរ​ស្វ៊ី​ច (CSS) សេវា​ទូទាត់​ប្រព័ន្ធ​បាគង និង​សេវា​ហិរញ្ញវត្ថុ​ដទៃ​ផ្សេង​ៗ​ទៀត ជាមួយនឹង​បណ្តាញ​ការិយាល័យ​ជិត 200 ទីតាំង ព្រមទាំង​បុគ្គលិក​ជាង 9,000 នាក់ ។

ស្រប​តាម​ទស្សនវិស័យ និង​បេសកកម្ម​របស់​ខ្លួន ក៏​ដូច​ជា​ដើម្បី​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន​ដែល​បាន​គាំទ្រ និង​ប្រើប្រាស់​ផលិតផល​និង​សេវា​របស់​ប្រា​សាក់​នា​ពេល​កន្លង​មក ប្រា​សាក់​បាន​បង្កើត និង​ចូលរួម​កម្មវិធី​សង្គម​ជា​ច្រើន ដូច​ជា​កម្មវិធី​ជំនួយ​សង្គ្រោះ​បន្ទាន់​សម្រាប់​គាំពារ​អតិថិ​ជន​ដែល​ទទួល​រង​ផល​ប៉ះពាល់​ពី​គ្រោះ​មហន្តរាយ​ធម្មជាតិ​និង​គ្រោះថ្នាក់​ផ្សេង​ៗ កម្មវិធី​មនុស្ស​ធម៌ និង​ការ​ឧបត្ថម្ភ​សកម្មភាព​សង្គម​នានា ជា​ពិសេស​នោះ គឺ​ការ​ចូលរួម​ចំណែក​បណ្ដុះ​វប្បធម៌​អាន តាម​រយៈ «​គម្រោង​បណ្ណាល័យ​ប្រា​សាក់​» ។

សម្រាប់​អគារ​បណ្ណាល័យ​នៅ​សាលា​បឋម​សិក្សា សំរោង នេះ​ស្ថិត​ក្នុង​ចំណោម​អគារ​បណ្ណាល័យ​ទាំងអស់ 41 ខ្នង ដែល​ប្រា​សាក់​បាន​សាងសង់​ជូន​បណ្ដា​សាលារៀន​នានា​នៅ​ទូ​ទាំង​កម្ពុជា ។ ប្រា​សាក់ មិន​ត្រឹមតែ​ផ្ដល់​តួ​អគារ​បណ្ណាល័យ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ឧបត្ថម្ភ​ការ​បំពាក់​ធនធាន​សម្ភារៈ​ឯកសារ និង​ការ​បណ្ដុះបណ្ដាល​បណ្ណារក្ស​ថែម​ទៀត​ផង ដើម្បី​ឱ្យ​បណ្ណាល័យ​នេះ​ដំណើរ​ការ​បាន​ដោយ​រលូន ក្រោម​កិច្ចសហការ​ពី​នាយកដ្ឋាន​អភិវឌ្ឍ​កម្មវិធី​សិក្សា នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ។

អំពី​មូលនិធិ CVC ៖
CVC and the Community គឺជា​កម្មវិធី​មនុស្សធម៌​គ្របដណ្ដប់​បណ្ដាញ​ទាំងអស់​របស់ CVC ដែល​មាន​គោលបំណង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​រស់នៅ និង​លទ្ធភាព​របស់​កុមារ និង​យុវជន​នៅ​ក្នុង​សហគមន៍​មូលដ្ឋាន និង​បណ្ដា​អ្នក​ទាំងឡាយ​ដែល​ទទួល​ឥទ្ធិពល​ពី​បណ្ដាញ​ក្រុមហ៊ុន​ផល​ប័ត្រ​របស់ CVC​។ កម្មវិធី​នេះ ផ្តោត​លើ 4 ផ្នែក គឺ ការ​អប់រំ លទ្ធភាព​រក​ការងារ​ធ្វើ សហគ្រាស និង​ការ​វិនិយោគ​ដែល​មាន​គោលដៅ​មនុស្សធម៌ ដែល​ប្រាក់​ជំនួយ ជំនាញ និង​ចំណេះដឹង​របស់ CVC អាច​មាន​ឥទ្ធិពល​បំផុត ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ