ខេត្តស្ទឹងត្រែង ៖ រដូវកាលប្រមូលផលគ្រាប់ស្វាយចន្ទីនៅឆ្នាំ២០២០ ប្រជាកសិករហាក់មានក្តីសង្ឃឹមនឹងទទួលផលច្រើនជាងឆ្នាំមុនៗ ដោយសារតែការថែទាំ និងការដាំដុះទៅតាមបច្ចេកទេសមួយចំនួនពាក់កណ្តាលស្តង់ដារកសិកម្ម ។
លោក សាន វិសាល កសិករដាំស្វាយចន្ទី នៅក្រុងខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ផលដំណាំផ្នែកឧស្សាហកម្មមួយនេះ ពីមួយឆ្នាំទៅមួយឆ្នាំ មានបរិមាណកើនឡើងជាហូរហែ ទៅតាមទំហំនៃផ្ទៃដីដែលកសិករមានលទ្ធភាព ។ លោកបន្តថា កាលពីដើមខែមករា២០២០ ផលគ្រាប់ស្វាយចន្ទីសើមលក់បានក្នុងតម្លៃជាង៦៥ពាន់រៀលក្នុងមួយគីឡូក្រាម ចំណែកគ្រាប់ហាលស្ងួតបានរហូតដល់ទៅ៧០០០ពាន់រៀល តែបច្ចុប្បន្នឈ្មួញទម្លាក់ថ្លៃនៅតែ៤៥០០រៀលឬ៥០០០រៀលប៉ុណ្ណោះ។
លោកបន្ថែមថា តំណាងអោយកសិករទូទាំងខេត្តស្នើអោយស្ថាប័នពាក់ព័ន្ធជួយគៀងគរអ្នកបញ្ជាទិញមកកាន់តែច្រើន ដើម្បីអោយមានទីផ្សាប្រកួតប្រជែងគ្នា នោះកសិផលរបស់កសិករនឹងមានតម្លៃសមរម្យ អាចផ្តល់លទ្ធភាពឱ្យកសិករប្រឹងប្រែងក្នុងការប្រកបរបកសិកម្ម ផុលផុស ក្នុងពេលដែលរាជរដ្ឋភិបាលកំពុងជំរុញលើកកម្ពស់ទៅលើវិស័យនេះ។
ប្រធានមន្ទីរពាណិជ្ជកម្មខេត្តស្ទឹងត្រែង លោក អ៊ុន សុខា បានបញ្ជាក់ថា ចំពោះផ្នែកទីផ្សាដែលបងប្អូនកសិករស្នើសុំអោយជួយអន្តរាគមន៍នោះ មន្ទីរពាណិជ្ជកម្ម និងហៅម្ចាស់ក្រុមហ៊ុនដែលកំពុងបោះទីតាំងទិញនៅក្នុងខេត្តស្ទឹងត្រែងមកធ្វើការពិគ្រោះយោបល់គ្នាដើម្បីស្វែងរកដំណោះស្រាយរួមមួយ ធ្វើយ៉ាងណាឱ្យទីផ្សានេះទទួលយកបានទាំងអស់គ្នា។
លោកអះអាងថា បញ្ហានេះគួរតែកសិករយើងគិតពីគុណភាពផលិតផលខ្លះដែរ ដើម្បីធ្វើអោយមានការប្រកួតប្រជែងទៅលើទីផ្សារ ជាពិសេសពេលដាំត្រូវជ្រើសរើសពូជល្អៗយកទៅដាំដុះដើម្បីទទួលបានផលមានគុណភាពលក់បានតម្លៃខ្ពស់។ សូមបញ្ជាក់ថា ទីតាំងទិញផលស្វាយចន្ទីនៅក្នុងក្រុងស្ទឹងត្រែងបច្ចុប្បមានចំនួន៣កន្លែង ក្នុងនោះមានក្រុមហ៊ុនវៀតណាម២កន្លែងនឹងខ្មែរមួយកន្លែងដែលមានមុខព្រួញនាំចេញពីខេត្តស្ទឹងត្រែងទៅប្រទេសវៀតណាមតែមួយប៉ុណ្ណោះ ។
ចែករំលែកព័តមាននេះ