ខេត្តស្ទឹងត្រែង ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ទំនិញជាង២.០០០កញ្ចប់ត្រូវមន្ត្រីសាខាកាំកុងត្រូល ដកហូត ក្រោយចុះត្រួតពិនិត្យឃើញមានមុនទំនិញច្រើនប្រភេទខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់។ ស្របពេលមន្ត្រីសាខាកាំកុងត្រូលក៏បានអំពាវនាវចំពោះអាជីវករលក់ដូរទំនិញគ្រប់ប្រភេទឲ្យអនុវត្តតាមគោលការណ៍ណែនាំដើម្បីលើកកម្ពស់សុវត្ថិភាពចំណីអាហារ និងរួមគ្នាថែរក្សាសុខភាពទាំងអស់គ្នា នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ។
សេចក្តីរាយការណ៍បន្តថា ក្នុងប្រតិបត្តិការណ៍ចុះពិនិត្យចំណីអាហារនៅតាមបណ្តាហាងលក់ទំនិញនានានៅខេត្តស្ទឹងត្រែង នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក យូ ចំរើន មន្ត្រីសាខាកាំកុងត្រូលខេត្ត បានបញ្ជាក់ថា មន្ត្រីជំនាញបានដកហូតទឹកក្រូចដបជ័រចំនួន២៩៨ដប, នំបញ្ចប់គ្រប់ប្រភេទជាង២.០០០កញ្ចប់, មីកំប៉ុង៩៤កំប៉ុងយកមកបំផ្លាញចាលដើម្បីបញ្ចៀសផលប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋនៅពេលដែលទិញប៉ះទៅលើចំណីអាហារបែបនេះ។
លោកបន្តថា ករណីនេះ សមត្ថកិច្ចជំនាញបានពន្យល់ណែនាំជារឿយៗរួចមកហើយ ចំពោះចំណីអាហារណាដែលហួសកាលបរិច្ឆេទប្រើប្រាស់ គឺត្រូវតែដកហូតយកទៅបំផ្លាញចោល ទោះបីមានចំនួនតិច ឬច្រើនយ៉ាងណាក្តី។ ពាក់ព័ន្ធករណីនេះ លោកបានព្រមានថា ក្រោយពីធ្វើកិច្ចសន្យានេះហើយ លើកក្រោយបើសិនជាពិនិត្យឃើញបែបនេះទៀត មន្ត្រីជំនាញនឹងផាកពិន័យទៅតាមច្បាប់ស្តីពីចំណីអាហារ។
លោក មូ សុគា មន្ត្រីជំនាំញផ្នែកចំណីអាហារនៃមន្ទីរពាណិជ្ជកម្មខេត្ត បានពន្យល់ថា បងប្អូនអាជីវករមុនពេលនាំទំនិញចូល ត្រូវមើលស្លាកសញ្ញាទំនិញ ឈ្មោះក្រុមហ៊ុនផលិតឱ្យបានត្រឹមត្រួវ ហើយការដាក់លក់ត្រូវដាក់ដាច់ដោយឡែកពីគ្នា។ លោកស្នើឱ្យបងប្អូនអាជីវករទាំងអស់បង្កើនការយកចិត្តទុកដាក់ខ្ពស់ ដោយអនុវត្តតាមការណែនាំរបស់មន្ត្រីជំនាញ ដើម្បីយើងបានប្រុងប្រយ័ត្នកុំឱ្យប្រជាពលរដ្ឋណាម្នាក់បរិភោគចំណីមានផលប៉ះណាល់ផ្នែកសុខភាព។
បើតាមស្រី្តឈ្មោះ ស៊ាង ចន្ទី អាជីវករលក់ទំនិញនៅក្រុងស្ទឹងត្រែង បានទទួលយកការណែនាំនេះ ហើយលោកស្រីបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត និងនាំចូលតែទំនិញណាមានគុណភាពល្អមកលក់នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែយើងនេះ។ ស្របពេលនោះ ស្រី្ត ចាន់ ណាវី ក៏ស្នើឱ្យមន្ត្រីជំនាញទៅពិនិត្យកន្លែងលក់ដូរនៅតាមសាលារៀនផង ព្រោះអ្នកលក់ទិញទៅយូរ ក៏មានហួសកាលបរិច្ឆេទប្រើប្រាស់ដែរ មួយវិញទៀតមានទំនិញនាំចូលពីប្រទេសជិតខាងច្រើន ហើយទំនិញខ្លះមិនមានបិទស្លាកសញ្ញាអ្វីឡើយ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ