រាជធានីភ្នំពេញ ៖ មន្ត្រីគណៈកម្មការរៀបចំការប្រកួតបាល់ទាត់កម្ពុជា(CNCC)នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលទទួលបន្ទុករៀបចំការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេច ហ៊ុន សែន (Hun Sen Cup) និងលីគកំពូលកម្ពុជាបានបង្ហើបឱ្យដឹងថា សហព័ន្ធមានគម្រោង បង្កើនប្រាក់រង្វាន់ដល់ម្ចាស់ជើងឯកទាំងពីរក្របខ័ណ្ឌសម្រាប់រដូវកាលថ្មីឆ្នាំ២០២០ដែលមានរហូតដល់ទៅ៨០លានរៀល ។
ក្រុមមន្ត្រីដដែលបានឱ្យដឹងទៀតថា ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចហ៊ុន សែនលើកទី១៥ និងការប្រកួតបាល់ទាត់ក្របខ័ណ្ឌមិត្តហ្វូនខេមបូឌានលីគ ឬលីគកំពូលកម្ពុជា សម្រាប់ម្ចាស់ជើងឯកនៃក្របខ័ណ្ឌទាំងពីរនឹងទទួលបានប្រាក់រង្វាន់ច្រើនជាងបណ្ដាឆ្នាំមុនៗ។
ការប្រកួតពានរង្វាន់សម្ដេចហ៊ុន សែនឆ្នាំនេះមានក្រុមចូលរួមចំនួន១៧ហើយក៏បានចាប់ផ្ដើមប្រកួតជាផ្លូវការកាលពីសប្ដាហ៍មុនស្ថិតក្នុងវគ្គជម្រុះតាមខេត្ត ។ ចំណែកការប្រកួតលីគកំពូលកម្ពុជាវិញមាន១៣ក្រុមចូលរួមដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ កុម្ភៈ សប្ដាហ៍ក្រោយនេះហើយ ។ មន្ត្រីដដែលបានបន្តថា ចំពោះប្រាក់រង្វាន់សម្រាប់ក្រុមម្ចាស់ជើងឯកទាំងពីរក្របខ័ណ្ឌនេះបានកំណត់រួចហើយដែលមានរហូតដល់ទៅ៨០លានរៀល ដែលចំនួននេះមានការកើនឡើងជាងបណ្ដាឆ្នាំមុនៗដែលមានត្រឹមតែ៦០លានរៀលប៉ុណ្ណោះ។
ប៉ុន្តែក្រុមលេខ២និងលេខ៣ទទួលប្រាក់រង្វាន់ដដែលសិនគឺ៤០លានរៀលនិង២០លានរៀលព្រោះមិនទាន់មានគោលការណ៍ដំឡើងនៅឡើយ ។ ក្រុមការងារនឹងធ្វើការបញ្ជាក់តាមក្រោយដោយសារនៅពិនិត្យទៅលើលទ្ធភាពជាក់ស្ដែងក៏ដូចជាថវិកាដែលទទួលបានពីម្ចាស់ឧបត្ថម្ភការប្រកួតទាំងពីរក្របខ័ណ្ឌ។
ចំពោះក្រុមចូលរួមប្រកួតពានរង្វាន់សម្ដេចហ៊ុន សែនលើកទី១៤ឆ្នាំ២០២០នេះមានការថយចុះជាងបណ្ដាឆ្នាំមុនៗដោយចុះពី២៣ក្រុមមកនៅត្រឹមតែ១៧ក្រុមប៉ុណ្ណោះ ។ ការប្រកួតមានការបែងចែកជាពីរគឺការប្រកួតជម្រុះថ្នាក់ខេត្តជាមុនសិនមុននឹងឈានមកប្រកួតថ្នាក់ជាតិ។
ការប្រកួតជម្រុះថ្នាក់ខេត្តមានការបែងចែកជា៥ពូលគឺ៖ ពូលAមានខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងកំពង់ឆ្នាំង ។ ពូលBមានខេត្តព្រះវិហារ កំពង់ធំ និងខេត្តស្វាយរៀង។ ពូលCមានខេត្តរតនគិរី ត្បូងឃ្មុំ និងព្រៃវែង ។ ពូលDមានខេត្តកណ្ដាល តាកែវ និងកំពង់ស្ពឺ និងពូលEមានខេត្តព្រះសីហនុ កំពត កោះកុង និងខេត្តកែប ។
ចំណែកការប្រកួតលីគកំពូលឆ្នាំ២០២០នេះក៏មានការកាត់បន្ថយក្រុមចូលរួមដែរ ដោយនៅសល់តែ១៣ក្រុមប៉ុណ្ណោះព្រោះក្រុមបាតតារាងខេត្តកំពង់ចាមកាលពីឆ្នាំ២០១៩បានដកខ្លួនចេញ ។ ដូច្នេះសម្រាប់ក្រុមដែលនៅសល់ទាំង១៣មានដូចជា ក្រុមព្រះខ័នរាជស្វាយរៀង ក្រុមវិសាខា ក្រុមបឹងកេត ក្រុមណាហ្គាវើលដ៍ ក្រុមភ្នំពេញក្រោន ក្រុមអង្គរថាយហ្គឺរ ក្រុមអាស៊ីអឺរ៉ុប ក្រុមក្រសួងការពារជាតិ ក្រុមសូទីឡូអង្គរ ក្រុមគីរីវង់សុខសែនជ័យ ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រុមអគ្គិសនីកម្ពុជា និងក្រុមសាលាបាល់ទាត់ជាតិបាទី៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ