ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង​ធ្លាយ​ពោះ ប្អូន​ជាប់​ខ្នោះ ព្រោះ​រឿង​សាច់​ក្លែម​ជ្រុះ​ចូល​ទឹកកក

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ធ្លាយ​ពោះ​រង​របួសធ្ងន់ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ បន្ទាប់​ពី​ជន​រង​គ្រោះ​ត្រូវ​ជនសង្ស័យ​ជា​ប្អូនប្រុស​បង្កើត​យក​កាំបិត​ស្នៀត​ចាក់​ក្នុង​ទំនាស់​ពាក្យ​សំដី​ពេល​កំពុង​ផឹកស៊ី​រឿង​សាច់​ក្លែម​ជ្រុះ​ចូល​ទឹកកក​។ ពាក់ព័ន្ធ​នឹង​ករណី​នេះ ដំបូង​ឡើយ​ក្រុម​គ្រួ​សារបាន​រាយការណ៍​ឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ ចាត់ការ​តាម​ផ្លូវច្បាប់ តែ​ក្រោយមក​ក៏​ស្នើ​សុំ​ឲ្យ​សមត្ថកិច្ច​ដោះ​លែង​ជនសង្ស័យ​វិញ ព្រោះ​ពួក​គាត់​យល់​ឃើញ​ថា…

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ធ្លាយ​ពោះ​រង​របួសធ្ងន់ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ បន្ទាប់​ពី​ជន​រង​គ្រោះ​ត្រូវ​ជនសង្ស័យ​ជា​ប្អូនប្រុស​បង្កើត​យក​កាំបិត​ស្នៀត​ចាក់​ក្នុង​ទំនាស់​ពាក្យ​សំដី​ពេល​កំពុង​ផឹកស៊ី​រឿង​សាច់​ក្លែម​ជ្រុះ​ចូល​ទឹកកក​។ ពាក់ព័ន្ធ​នឹង​ករណី​នេះ ដំបូង​ឡើយ​ក្រុម​គ្រួ​សារបាន​រាយការណ៍​ឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ ចាត់ការ​តាម​ផ្លូវច្បាប់ តែ​ក្រោយមក​ក៏​ស្នើ​សុំ​ឲ្យ​សមត្ថកិច្ច​ដោះ​លែង​ជនសង្ស័យ​វិញ ព្រោះ​ពួក​គាត់​យល់​ឃើញ​ថា មិន​ចង់​ឲ្យ​កូន​ម្នាក់​ជាប់​ពន្ធនាគារ ហើយ​កូន​ម្នាក់​ទៀត​ដេកពេទ្យ​នោះ​ទេ​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ព្រៃ​ដងទឹក ឃុំ​ព្រះ​និព្វាន ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

ជន​ដៃដល់​ជា​ប្អូន​ឈ្មោះ​ជួន ណា​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ចំណែក​ជន​រង​គ្រោះជា​បង ឈ្មោះ​ឈួ​ន យ៉ា​ណា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ។ អ្នក​ទាំង​២​ជា​បងប្អូន​បង្កើត​នឹង​គ្នា​រស់នៅ​កន្លែង​កើតហេតុ​ខាងលើ​។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ បងប្អូន​ទាំង​ពីរ​នាក់ រួម​ទាំង​មិត្ត​ក្តិ​ផ្សេង​ៗ​ទៀត​បាន​នាំ​គ្នា​ទៅ​ផឹកស្រា​បៀរ​អស់​ជា​ច្រើន​កេសរ​ហូត​ស្រវឹង​រៀង​ៗ​ខ្លួន ពេល​នោះ​មិត្តភក្តិ​ផ្សេង​ៗ​ទៀត​នៅ​ក្នុងភូមិ​ដែល​ផឹក​ជាមួយ​ក៏​បាន​ត្រឡប់​ទៅ​ផ្ទះ​អស់ ដោយនៅ​សល់​តែ​ជន​រង​គ្រោះ​និង​ជន​ដៃដល់​នៅ​បន្ត​ផឹក​ជាមួយ​គ្នា​រហូត​ស្រវឹង​និយាយ​ស្ដាប់​គ្នា​លែង​បាន​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា នៅ​ពេល​ដែល​ស្រវឹង ជន​ដៃដល់​និង​ជន​រង​គ្រោះ​ក៏​បាន​ទាស់​ពាក្យ​សំដី​គ្នា​រឿង​ជ្រុះ​សាច់​ក្លែម​ចូល​ទឹកកក ដោយសារ​តែ​រឿង​នេះ​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ស្ដីបន្ទោស​ទៅ​លើ​ជន​ដៃដល់​ថា​ជា​មនុស្ស​អត់​គំនិត ធ្វើ​ការងារ​ធ្វេសប្រហែស មិន​ចេះ​ប្រុង​ប្រយ័ត្ន ។ ក្រោយ​ពី​ត្រូវ​រង​ការ​ស្ដីបន្ទោស​បែប​នេះ​រួច​មក ធ្វើ​ឲ្យ​ជន​ដៃដល់​មានការ​ខឹងសម្បា​ក៏​រត់ឡើង​ទៅ​លើ​ផ្ទះ​យក​កាំបិត​ស្នៀត ហើយ​ចុះ​មក​ដី​វិញ ស្រប​ពេល​នោះ​ដែរ ​ជន​រង​គ្រោះ​ក៏​រត់​ទៅ​តាម​រួច​ក៏​មានការ​ប្រតាយប្រតប់​គ្នា​នៅ​លើ​កាំជណ្ដើរ ពេល​នោះ​ជន​រង​គ្រោះ​បាន​ច្រាន​ជន​ដៃដល់​ទម្លាក់​ពីលើ​កាំជណ្ដើរ តែ​សំណាងល្អ​បាន​សាច់ញាតិ​ជួយ​ទ្រ​និង​ទប់​ជាប់ កុំ​អី​ជន​ដៃដល់​អាច​នឹង​ត្រូវ​បោក​ក្បាល​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ក៏​ថា​បាន​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​មក អ្នក​ទាំង​ពីរ​មិន​បាន​បញ្ឈប់​សកម្មភាព​ឈ្លោះ​ទាស់ទែង​គ្នា​នោះ​ទេ ក៏​មានការ​ប្រវាយប្រតប់​គ្នា​សា​ជា​ថ្មី​ម្ដងទៀត រហូត​មានការ​ចាប់​ចេញ រៀង​ៗ​ខ្លួន ទើប​គេ​ឃើញ​ជន​រង​គ្រោះ​ធ្លាយ​ពោះវៀន​ចេញ​ក្រៅ និង​ហូរ​ឈាម​ពេញ​ខ្លួន​ចំណែក​ជន​ដៃដល់​ក៏​បាន​រត់គេច​ខ្លួន​បាត់​ទៅ​។

តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់​ថា ដំបូង​ឡើយ ក្រុម​គ្រួសារ​មិន​ចង់​ឲ្យ​មានការ​ឃាត់ខ្លួន​ជន​ដៃដល់​នោះ​ទេ ព្រោះ​យល់​ឃើញ​ថា កូន​ម្នាក់​មាន​ស្នាម​របួស​រហូត​ធ្លាយ​ពោះវៀន​ចេញ​មក​ក្រៅ​ហើយ​នោះ​ក៏​សម្រេចចិត្ត​​ប្តឹង​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ចាត់ការ​តាម​ច្បាប់ លុះ​នៅ​ពេល​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ជន​ដៃដល់​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ថ្នាក់លើ ស្រាប់តែ​ក្រុម​គ្រួសារ​ឪពុក​ម្ដាយ​បាន​តាម​មក​ស្នើ​សុំ​កុំ​ឲ្យ​មានការ​បន្ត​​សំណុំរឿង​យក​កូន​របស់​ពួក​គាត់​ទៅ​ដាក់​ពន្ធនាគារ ព្រោះ​ពួក​គាត់​យល់​ថា កូន​ម្នាក់​បាន​ដេកពេទ្យ​ទៅ​ហើយ មិន​ចង់ឱ្យ​កូន​ម្នាក់​ទៀត​ជាប់​ពន្ធនាគារ​នោះ​ទេ​។

ទោះបីជា​យ៉ាងណា ករណី​ខាងលើ​នេះ​សមត្ថកិច្ច​មិន​អាច​បញ្ចប់​សំណុំរឿង​ត្រឹម​ការ​ស្នើ​សុំ​របស់​ពួក​គាត់​នោះ​ទេ ដោយ​ខាង​សមត្ថកិច្ច​បាន​បញ្ជាក់​ប្រាប់​ថា ករណី​ខាងលើ​នេះ​ត្រូវ​បាន​បំពេញ​នីតិវិធី​រួចរាល់​អស់ហើយ ដូច្នេះ​មាន​តែ​បញ្ជូន​ជន​ដៃដល់​ទៅ​កាន់​អយ្យការ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕ (​កែ​សម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ