ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នករាយការណ៍​ឱ្យ​ចាប់ចោរ បែរជា​ជាប់​គុក ឱ​! ម្ចាស់​មហាថ្លៃ​អើយ

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ យោង​តាម​ប្រភព​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​អ្នក​រកស៊ី​ទិញ​លក់​ម៉ូតូ​មួយ​កន្លែង​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ​ថា សមាជិកគ្រួសារ​គាត់ ព្រោះតែ​ចង់​ធ្វើការ​សហការ​ជាមួយ​សមត្ថកិច្ច បែរជា​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ទៅ​វិញ​។ ប្រភព​បានឱ្យ​ដឹង​ថា ការ​ចាប់ខ្លួន​នេះ…

ខេត្តកំពង់ស្ពឺ ៖ យោង​តាម​ប្រភព​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​អ្នក​រកស៊ី​ទិញ​លក់​ម៉ូតូ​មួយ​កន្លែង​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ​ថា សមាជិកគ្រួសារ​គាត់ ព្រោះតែ​ចង់​ធ្វើការ​សហការ​ជាមួយ​សមត្ថកិច្ច បែរជា​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ទៅ​វិញ​។

ប្រភព​បានឱ្យ​ដឹង​ថា ការ​ចាប់ខ្លួន​នេះ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី 6 ខែកុម្ភៈ ឆ្នាំ​2020 នៅ​ភូមិ​ពាណិជ្ជកម្ម សង្កាត់​រការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។

ប្រភព​បានឱ្យ​ដឹង​ថា អ្នក​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​អ្នក​រកស៊ី​ទិញ​លក់​ម៉ូតូ​មួយ​កន្លែង​យីហោ «​យឿ​ន វ៉ា​ន់​ដេ​ត​» មុខរបរ​រកស៊ី​ទិញ​លក់​ម៉ូតូ គាត់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ចោទប្រកាន់​ពី​បទ​ទទួលផល​ចោរកម្ម​។

ប្រភព​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កាលពី​ម៉ោង​9​ព្រឹក​ថ្ងៃ​ទី​6 ខែកុម្ភៈ ឆ្នាំ​2020 មាន​ជន​សង្ស័យ​​មួយ​រូប បាន​យក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា សេ​125 ស៊េរី​ឆ្នាំ​2018 ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1i 3378 ដោយ​មិន​មាន​ឯកសារ​អ្វី​ទាំងអស់ មក​បញ្ចាំ​នៅ​កន្លែង​ទិញ​លក់​ម៉ូតូ​របស់​គាត់ ។ ដោយ​មានការ​សង្ស័យ​រូប​គាត់ យឿ​ន វ៉ា​ន់​ដេ​ត ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល​ក្រុង​ច្បារមន ឲ្យ​ចុះ​មក​ត្រួតពិនិត្យ​។

ក្រោយ​ពី​សមត្ថកិច្ច​ទទួល​សេចក្តីរាយការណ៍​ពី​ម្ចាស់ផ្ទះ​ទីតាំង​លក់​ម៉ូតូ​រួច​មក សមត្ថកិច្ច​នគរ​បាល​ក្រុង​ច្បារមន ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​មួយ​រូប​ឈ្មោះ ហេង ហុង ភេទ​ប្រុស អាយុ​35​ឆ្នាំ ហើយ​ជនសង្ស័យ​ក៏​បាន​ឆ្លើយ​សារភាព​ផង​ដែរ​ថា ម៉ូតូ​ខាងលើ​រូបគេ​បាន​លួច​កាច់​.​ក​ពី​ខាង​មុខ​គ្លីនិក​ពេទ្យ​ឯកជន​មួយ​កន្លែង ខាងត្បូង​ផ្សារ​កំពង់ស្ពឺ ពិតប្រាកដ​មែន​។

ដោយឡែក​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​6 កុម្ភៈ ឆ្នាំ​2020 មាន​ករណី​បាត់​ម៉ូតូ​មួយ​គ្រឿង ស៊េរី​ឆ្នាំ 2018 ពាក់​ផ្លា​ក​លេខ​កំពង់ស្ពឺ 1i 3378 ពិតប្រាកដ​មែន ដោយ​មាន​ម្ចាស់​ឈ្មោះ វុ​ធ ស្រី ភេទ​ស្រី អាយុ​23​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រឿង​ពើង ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ មានមុខរ​បរជា​កម្មការិនី​រោងចក្រ​។

សមត្ថកិច្ច​បន្ត​ថា មុន​ពេល​កើតហេតុ ម្ចាស់​ម៉ូតូ និង​ប្ដី​បាន​ជិះ​ម៉ូតូ​យក​កូន​ទៅ​ពិនិត្យ​ឈាម​នៅ​គ្លីនិក​ឯកជន​ខាងត្បូង​ផ្សារ​កំពង់ស្ពឺ ក្នុងភូមិ​ពាណិជ្ជកម្ម សង្កាត់​រកា​ធំ ក្រុង​ច្បារមន​ក្រោយ​ទទួល​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ​រួច​មក សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​ដោយ​មានការ​សហការ​ពី​ម្ចាស់​ទីតាំង​លក់​ម៉ូតូ យឿ​ន វ៉ា​ន់​ដេ​ត និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​មួយ​រូប​ឈ្មោះ ហេង ហុង ភេទ​ប្រុស អាយុ​35​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បឹង​ទន្លាប់ ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង​។ បន្ទាប់​ពី​ឃាត់​ខ្លួន​ជនសង្ស័យ​ក៏​បាន​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ដែល​មាន​ភិនភាគ​ដូច​ខាងលើ​ពិតប្រាកដ​មែន ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ក៏​ឃាត់ខ្លួន ពេល​យក​ម៉ូតូ​នេះ​ទៅ​បញ្ចាំ​ដោយ​គ្មាន​ឯកសារ​សម្គាល់​។

បើ​តាម​ប្រភព​ពី​សាច់ញាតិ​របស់​ម្ចាស់​ទីតាំង​ទិញ​លក់​ម៉ូតូ​យីហោ «​យឿ​ន វ៉ា​ន់​ដេ​ត​» បាន​ប្រាប់​ថា ម្ចាស់ផ្ទះ​ជា​អ្នករាយការណ៍​ទៅ​ឲ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ តែ​ចុង​ក្រោយ​ម្ចាស់ផ្ទះ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដោយនៅ​យប់​នោះ គេ​បាន​ទារប្រាក់​ចំនួន 7000 ដុល្លារ​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​មក​វិញ តែ​ដោយ​សាច់ញាតិ​របស់​ម្ចាស់​ទីតាំង​ទិញ​លក់​ម៉ូតូ​យីហោ «​យឿ​ន វ៉ា​ន់​ដេ​ត​» មើលឃើញ​ពី​ភាព​មិន​ប្រក្រតី​នេះ សាច់ញាតិ​មួយ​រូប​ក៏​បាន​រាយការណ៍​ទៅ​ថ្នាក់លើ​នៅ​អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​ចង់​ដឹង​ថា តើ​សមត​កិច្ច​ធ្វើ​នេះ​ត្រូវ ឬ​ខុស?

ដោយ​បែក​រឿង​ដឹង​ដល់​ថ្នាក់លើ ពេល​នោះ​ខាង​សមត្ថកិច្ច​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដែល​មាន​លោក​ឧត្ត​សេនីយ៍​ទោ សម សា​មួន ជា​ស្នងការ​ក៏​បាន​ប្រគល់​លុយ​មួយ​ចំនួន​មក​ឱ្យ​ក្រុម​គ្រួសារ​របស់​ម្ចាស់​ទីតាំង​ទិញ​លក់​ម៉ូតូ​វិញ​តែ​មិន​គ្រប់​ចំ​ច​នួន​ឡើយ​។ ចំពោះ​អ្នក​យក​លុយ​ត្រូវ​បានដឹង​ថា ឈ្មោះ​សម្រេច នៅ​ការិយាល័យ​សេដ្ឋកិច្ច​ខេត្ត​។

បើ​តាម​មន្ត្រី​នគរបាល​មួយ​រូប​បាន​ប្រាប់​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា នគរបាល​មិន​បាន​ទារ​លុយ​ពី​ក្រុម​គ្រួសារ​អ្នកទិញ​លក់​ម៉ូតូ​យីហោ «​យឿ​ន វ៉ា​ន់​ដេ​ត​» ដូច​ការ​លើក​ឡើង​នោះ​ទេ រឿង​នេះ​អាច​ជា​ការ​យល់​ច្រឡំ​របស់​សាច់ញាតិ​របស់​គាត់​។

យ៉ាងណាមិញ​មជ្ឈដ្ឋាន​មហាជន​ឆ្ងល់​ថា បន្ទាប់​ពី​រឿង​បែកធ្លាយ​ដល់​ថ្នាក់លើ​រួច​មក ម្ចាស់​ទីតាំង​យីហោ «​យឿ​ន វ៉ា​ន់​» ក៏​ស្រាប់​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលា​ដំបូង​​ខេត្ត ជាមួយ​ជនសង្ស័យ​ជា​អ្នក​លួច ដោយ​ចោទប្រកាន់​ពី​បទ​ទទួលផល​ចោរកម្ម ខណៈ​រូប​គាត់​ជា​អ្នករាយការណ៍​ទៅ​សមត្ថកិច្ច​ឱ្យ​ចុះ​មក​ឃាត់ខ្លួន​ជនសង្ស័យ​។

ទោះជា​យ៉ាងណា​នេះ​ជា​ការ​រៀបរាប់​របស់​សាច់ញាតិ​ភាគី​ថៅកែ​ទិញ​ម៉ូតូ​តែ​ម្ខាង មិន​អាច​សុំ​ការ​ពន្យល់​ជាក់លាក់​ណាមួយ​ពី​សមត្ថកិច្ច​ជំនាញ​បាន​ឡើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ