ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាព​វិនិយោគ​ និង​អាជីវកម្ម​ក្នុង​ក្រុង​បា​វិត​ស្ងប់ស្ងាត់​ក្រោយ​ការចេញ​របស់​ចិន​ និង​​ផ្ទុះ​វីរុស​កូ​រ៉ូ​ណា

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តស្វាយ​រៀង ៖ បា​វិត​ជាទី​ក្រុង​មួយ​ដែល​ធ្លាប់តែ​អ៊ូរ​អរ និង​មាន​សកម្មភាព​វិនិយោគ​ខ្លាំង​លើ​វិស័យ​សំណង់ ដូច​ជា​សណ្ឋាគារ​កាស៊ីណូ ភោជនីយដ្ឋាន​និង​មជ្ឈមណ្ឌល​កម្សាន្ត​នានា​បែរជា​ស្ងប់ស្ងាត់​ក្រោយ​មានការ​ចាកចេញ​របស់​ជនជាតិ​ចិន​ពី​កម្ពុជា ហើយ​ថ្មី​ៗ​នេះ ក្រោយ​មានការ​ផ្ទុះ​ជំងឺ​បង្ក​ដោយ​វីរុស​កូ​រ៉ូ​ណា​ក៏​បាន​ធ្វើ​អោយ​ស្ថានភាព​ក្នុង​ទីក្រុង​មួយ​នេះ កាន់តែ​ស្ងប់​ថែម​ទៀត ។…

ខេត្តស្វាយ​រៀង ៖ បា​វិត​ជាទី​ក្រុង​មួយ​ដែល​ធ្លាប់តែ​អ៊ូរ​អរ និង​មាន​សកម្មភាព​វិនិយោគ​ខ្លាំង​លើ​វិស័យ​សំណង់ ដូច​ជា​សណ្ឋាគារ​កាស៊ីណូ ភោជនីយដ្ឋាន​និង​មជ្ឈមណ្ឌល​កម្សាន្ត​នានា​បែរជា​ស្ងប់ស្ងាត់​ក្រោយ​មានការ​ចាកចេញ​របស់​ជនជាតិ​ចិន​ពី​កម្ពុជា ហើយ​ថ្មី​ៗ​នេះ ក្រោយ​មានការ​ផ្ទុះ​ជំងឺ​បង្ក​ដោយ​វីរុស​កូ​រ៉ូ​ណា​ក៏​បាន​ធ្វើ​អោយ​ស្ថានភាព​ក្នុង​ទីក្រុង​មួយ​នេះ កាន់តែ​ស្ងប់​ថែម​ទៀត ។

បើ​តាម​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​បា​វិត នៃ​ទឹកដី​ខេត្តស្វាយរៀង​បាន​បញ្ជាក់អោយ​ដឹង​ថា កាលពី​ពេល​មុន គឺ​ចិន​មក​កាន់​ខេត្តស្វាយរៀង​ច្រើន ជា​ពិសេស​នៅ​ក្រុង​បា​វិត​ច្រើន​ជាងគេ​បាន​ធ្វើ​អោយ​ពលរដ្ឋ​ក្នុង​តំបន់​នោះ​ទទួល​បាន​ផល​យ៉ាងច្រើន​ពី​ការ​លក់​និង​ជួល​អចលនទ្រព្យ​ទៅ​កាន់​ជនជាតិ​ចិន​ទាំងនោះ ដូច​ជា​ការ​ជួល​ផ្ទះ ជួល​អគារ ជួល​ដី ដើម្បី​អភិវឌ្ឍន៍​ជា​កាស៊ីណូ សណ្ឋាគារ​និង​ផ្ទះសំណាក់​ជាដើម ។ ​ក៏​ប៉ុន្តែ​គ្រប់យ៉ាង​បាន​ប្រែប្រួល​នឹក​ស្មាន​មិន​ដល់ ដោយ​ផលប្រយោជន៍​នានា​ត្រូវ​បាន​បាត់បង់ បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​បិទ​ល្បែង​អន​ឡាញ ធ្វើ​អោយ​ជនជាតិ​ចិន​ចាក​ចេញពី​ខេត្តស្វាយរៀង​ជា​បណ្ដើរ​ៗ ។

ជាមួយនឹង​ទស្សនៈ​វិជ្ជមាន ពលរដ្ឋ​កម្ពុជា​រស់នៅ​ក្រុង​បា​វិត​បាន​រំពឹង​ថា​ក្រោយ​ចូល​ឆ្នាំ​ចិន​នា​ចុង​ខែមករា​កន្លង​ទៅ​រួចរាល់​នោះ​ជនជាតិ​ចិន​នឹង​ត្រលប់​មក​កាន់​កម្ពុជា​និង​បន្ត​ការ​អភិវឌ្ឍ​បន្ថែម​ទៀត ។ ក៏​ប៉ុន្តែ​ស្រាប់តែ​មាន​ករណី​ផ្ទុះ​ជំងឺ​រលាក​សួត​ថ្មី​បង្ក​ឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា នៅ​ទីក្រុង​វូ​ហាន នៅ​ប្រទេស​ចិន និង​បាន​នឹង​កំពុង​រីក​ឆ្លង​រាលដាល​ដល់​បណ្តា​ប្រទេស​ជា​ច្រើន​ទៀត​លើ​ពិភពលោក ធ្វើ​អោយ​ជនជាតិ​ចិន​មក​បាន​ចាក​ចេញពី​ប្រទេស​ទៅ​ប្រទេស​ផ្សេង​ទៀត​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​ដ៏​សាហាវ​នេះ​។ កត្តា​នេះ​បាន​ជំរុញ​អោយ​ក្រុង​បា​វិត​កាន់តែ​ស្ងាប់​បន្ថែម​ទៀត សូ​ម្បី​តែ​ភ្ញៀវ​ទេសចរ​ដែល​ត្រូវ​ចូល​មក​លេងកម្ពុជា តាម​ច្រក​បា​វិត​ក៏​ស្ងាត់​ដែរ ។

យោង​តាម​សម្ដី​របស់​លក់​កាហ្វេ​មួយ​កន្លែង​នៅ​ក្រុង​បា​វិត​បានអោយ​ដឹង​ថា ក្នុងអំឡុងពេល​ជនជាតិ​ចិន​មក​កាន់​ក្រុង​បា​វិត​ច្រើន បាន​ទាក់ទាញ​អាជីវករ​មក​ពី​បណ្ដា​ខេត្ត​នានា​មក​រកស៊ី​និង​ធ្វើ​អាជីវកម្ម​នៅ​បា​វិត ដូច​ជា​លក់ដូរ និង​រត់​កង់​បី ម៉ូតូឌុប​ជាដើម ។ ប៉ុន្តែ​នៅ​ពេល​ចិន​ចាកចេញ​ទៅ​វិញ ពួក​គាត់​ក៏​រក​លែង​បាន ហើយ​ក៏​ត្រលប់​ទៅ​កាន់​ស្រុក​កំណើត​វិញ​ឬ​ទៅ​តំបន់​ផ្សេង​អោយ​ផ្ដល់​អំណោយផល​ដល់​ពួក​គេ​សម្រាប់​រក​ចំណូល​បន្ថែម ទើប​ធ្វើ​អោយ​ទីក្រុង​បា​វិត​កាន់តែ​ស្ងប់ស្ងាត់ ។

អាជីវករ​កាហ្វេ​ដែល​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ​បានអោយ​ដឹង​ទៀត​ថា សកម្មភាព​វិនិយោគ​នានា​មួយ​ចំនួន​ធំ ត្រូវ​បាន​ផ្អាក​ឬ​បិទ​ចោល​តែ​ម្ដង ដោយសារ​តែ​ស្ងាត់​ភ្ញៀវ​ដូច​ជា​ភោជនីយដ្ឋាន កន្លែង​កម្សាន្ត ហើយ​សម្រាប់​សំណង់​មួយ​ចំនួន​ទៀត ដូច​ជា​សំណង់​សណ្ឋាគារ​កាស៊ីណូ និង​មជ្ឈមណ្ឌល​កម្សាន្ត​មួយ​ចំនួន​ទៀត​ក៏​ត្រូវ​ផ្អាក​ដែរ អត់​មាន​កម្មករ​ធ្វើ​បន្ត​ដូច​មុន​ទៀត​ទេ ។

​មន្ត្រី​ប្រចាំ​ច្រកព្រំដែន​បា​វិត​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ក៏​បានអោយ​ដឹង​ថា ពេល​នេះ​មិនមែន​តែ​ជនជាតិ​ចិន​ទេ​ដែល​ចាក​ចេញពី​បា​វិត​សូ​ម្បី​តែ​ភ្ញៀវ​ទេសចរ​ដែល​ចូល​តាម​ច្រក​បា​វិត​ក៏​បាន​ធ្លាក់​ចុះ​ដែរ ហើយ​អត្រា​នៃ​ការ​ធ្លាក់​ចុះ​នេះ​ជាង​៦០​ភាគរយ​ឯណោះ ដែល​ជា​កត្តា​មួយ​គួរ​អោយ​ព្រួយបារម្ភ តែ​សម្រាប់​ទំនិញ​ចេញចូល​តាម​ច្រក​នេះ​វិញ​មិន​មានការ​ថយ​ម​ថយ​ទេ គឺ​នៅ​តែ​មាន​សកម្មភាព​ដដែល គឺ​ធ្លាក់​តែ​ភ្ញៀវ​ចេញចូល ។

ពាក់ព័ន្ធ​នឹង​វីរុស​កូ​រ៉ូ​ណា​នេះ​ដែរ មន្ត្រី​ប្រចាំ​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​ក៏​បាន​យក​ម៉ាស៊ីន​ស្កែ​ន មក​ដាក់​ប្រចាំ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​មួយ​នេះ សម្រាប់​វាស់​កំ​ដៅ​ភ្ញៀវ​ទេសចរ​ចូល​កម្ពុជា ។​បើសិនជា​រក​ឃើញ​ថា​មាន​ភ្ញៀវ​ណា​កំ​ដៅ​ឡើង​ខុស​ពី​ធម្មតា​នឹង​ត្រូវ​រក​រក្សា​ម្ដុំ​និង​តាមដាន​បន្ត​ទៀត ទាល់តែ​ឃើញ​មានកំ​ដៅ​មក​ធម្មតា​វិញ ទើប​អនុញ្ញាត​អោយ​ចូល​កម្ពុជា ។

​បើ​តាម​អ្នកជំនាញ​វិស័យ​អចលនទ្រព្យ​បានអោយ​ដឹង​ថា ចិន​ដែល​ចាកចេញ​ជា​ចិន​លេងល្បែង តែ​សម្រាប់​អ្នក​វិនិយោគ​ពិត​មិន​ចេញ​ទេ ។ នៅ​ពេល​ដែល​ស្ថានភាព​វីរុស​កូ​រ៉ូ​ណា​ប្រសើរ​វិញ វិនិយោគិន​ចិន​នឹង​ចូល​មក​កម្ពុជា​បន្ត​ដាក់​ទុន នូវ​គម្រោង​របស់​ខ្លួន​បន្ត​ទៀត ហើយ​ជា​គម្រោង​វិនិយោគ​យូរអង្វែង​ដោយ​មិនមែន​ជា​ការ​វិនិយោគ​ល្បែង​នោះឡើយ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ