​សាងសង់​អណ្តូងស្នប់​ក្នុង​ឃុំ​ចំនួន​២ ដើម្បីឆ្លើយតបតម្រូវការ​​​ចាំបាច់ប្រជា​ពលរដ្ឋ​


ខេត្តមណ្ឌលគិរី ៖ អណ្ដូងស្នប់​ចំនួន​១៣​ដែល​ជា​អំណោយ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ផ្ដល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់​នៅ​ក្នុង​ឃុំ​មេ​ម៉​ង់ ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ធ្វើ​ពិធី​បើក​ការដ្ឋាន​សាងសង់​នា​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២០​។

លោក ស្វាយ សំ​អ៊ា​ង ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត បាន​ឲ្យ​ដឹង​ថា​កាកបាទក្រហមកម្ពុជា ដែល​មាន​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ជា​ប្រធាន បាន​រួមចំណែក​យ៉ាងច្រើន​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ និង​ងាយ​រង​គ្រោះ​ដោយ​ប្រការ​ផ្សេង​ៗ ក៏​ដូច​ជា លើ​ផ្នែក​អនាម័យ​សុខភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​តាម​សហគមន៍ ជា​ពិសេស​ប្រភព​ទឹក​ស្អាត ជា​តម្រូវការ​ចាំបាច់​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​ប្រើប្រាស់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​។

កាកបាទក្រហមកម្ពុជា​បាន​ផ្តល់​អណ្តូងទឹក​ស្អាត​ចំនួន​១៣​អណ្តូង​បន្ថែម​ទៀត ជូន​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​មេ​ម៉​ង់ និង​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ចំនួន​២៦១​គ្រួសារ ស្មើនឹង​១.០១៦​នាក់ ហើយ​ការ​ចំណាយ​ថវិកា​ជួយ​សាងសង់​អណ្ដូងស្នប់​នៅ​ពេល​នេះ បាន​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដើម្បី​ចូលរួម​លើកកម្ពស់​អនាម័យ សុខភាព នៅ​ក្នុង​សហគមន៍ និង​ការ​កាត់​បន្ថយ​អា​ត្រា​ឈឺ​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​របស់​កុមារ​កម្ពុជា​ដែល​ឆ្លង​តាម​រយៈ​ទឹក ដូច​ជា​ជំងឺ​រាគ​ជាដើម ជា​ពិសេស ដើម្បី​ធ្វើ​អោយ​ប្រជាពលរដ្ឋ​គ្រប់​រូប​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់​គ្រប់​ៗ​គ្នា ដោយ​មិន​ប្រកាន់​ពណ៌​សម្បុរ ជាតិ​សាសន៍ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

ព្រឹត្តិការណ៍សង្គម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ