ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ទឹកធ្លាក់​ស្រែ​អំពិល​» សម្រស់​ធម្មជាតិ ខ្យល់​​បរិសុទ្ធ ជាប់​ចំណាត់ថ្នាក់​លេខ​១​ទូ​ទាំង​​ប្រទេស (​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រមណីយដ្ឋាន​ទឹកធ្លាក់​ស្រែ​អំពិល គឺជា​រមណីយដ្ឋាន​ថ្មី​មួយ​ដែល​ទើបនឹង​រៀបចំ​ឡើង​ដោយ​សហគមន៍ និង​អាជ្ញាធរ​មូលដ្ឋាន រួម​ទាំង​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង​ផង​ដែរ បាន​ធ្វើ​ឲ្យ​តំបន់​ទេសចរណ៍​មួយ​នេះ ប្រែក្លាយ​ពី​គ្មាន​មនុស្ស​ទៅ​ជា​តំបន់​មាន​មនុស្ស​ទៅ​លេង​កម្សាន្ត​យ៉ាងច្រើន​កុះករ ។ ហើយ​ទីតាំង​រមណីយដ្ឋាន​មួយ​នេះ…

ខេត្តកំពង់ឆ្នាំង ៖ រមណីយដ្ឋាន​ទឹកធ្លាក់​ស្រែ​អំពិល គឺជា​រមណីយដ្ឋាន​ថ្មី​មួយ​ដែល​ទើបនឹង​រៀបចំ​ឡើង​ដោយ​សហគមន៍ និង​អាជ្ញាធរ​មូលដ្ឋាន រួម​ទាំង​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង​ផង​ដែរ បាន​ធ្វើ​ឲ្យ​តំបន់​ទេសចរណ៍​មួយ​នេះ ប្រែក្លាយ​ពី​គ្មាន​មនុស្ស​ទៅ​ជា​តំបន់​មាន​មនុស្ស​ទៅ​លេង​កម្សាន្ត​យ៉ាងច្រើន​កុះករ ។ ហើយ​ទីតាំង​រមណីយដ្ឋាន​មួយ​នេះ ស្ថិត​នៅ​ក្នុងភូមិ​ក្តុល ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ។

បើ​តាម​មេឃុំ​ក្តុល​សែន​ជ័យ លោក ម៉ឹង វិសាល​សុខ បាន​ប្រាប់​ឱ្យ​ដឹង​ថា បើ​គិត​មក​ដល់​ពេល​នេះ រមណីយដ្ឋាន​ទឹកធ្លាក់​ស្រែ​អំពិល បាន​រៀបចំ​កសាង​ផ្លូវ​រថយន្ដ​ចូល​ទៅ​ដល់​ទឹកធ្លាក់​តែ​ម្ដង ហើយ​ក៏​បាន​កសាង​ផ្លូវ​ធ្វើ​ដំណើរ​ថ្មើរជើង​តាម​មាត់​អូរ សម្រាប់​ភ្ញៀវ​ជ្រើសរើស​ទីតាំង ឬ​ខ្យូ​ស​សម្រាប់​អង្គុយ​លេង​តាម​មាត់​អូរ​ផង​ដែរ ។ សហគមន៍​ក៏​បាន​កសាង​ខ្យូ​ស​សម្រាប់​អង្គុយ​លេង​តូច​-​ធំ​ចំនួន​ជាង​៣០​កន្លែង (​កំពុង​ធ្វើ​បន្ត​ទៀត​) ដែល​ខ្យូ​ស​ទាំងនោះ គឺ​មួយ​ចំនួន​បាន​ពី​ការ​ឧបត្ថម្ភ​របស់​សប្បុរសជន ដែល​បាន​អំពាវនាវ​ពី​សហគមន៍​ទេសចរណ៍​ទឹកធ្លាក់​ស្រែ​អំពិល សម្រាប់​ទទួល​ភ្ញៀវ​ទេសចរណ៍​ទៅ​កំសាន្ត​បាន​យ៉ាងច្រើន​ទៀត​ផង ។

លោក​ម៉ឹង វិសាល​សុខ បាន​បញ្ជាក់​ថា រមណីយដ្ឋាន​ទឹកធ្លាក់​ស្រែ​អំពិល​នេះ គឺ​មាន​អំណោយ​ផល​ល្អ​ណាស់ ទាំង​ខ្យល់អាកាស​បរិសុទ្ធ ទឹកធ្លាក់​ស្រស់​ស្អាត រួម​ផ្សំ​នឹង​ដើមឈើ​ខ្ពស់​ទៀត​ផង ដែល​ញ៉ាំង​ឲ្យ​តំបន់​មួយ​នេះ​ក្លាយទៅជា​ទីតាំង​ទេសចរណ៍​ដ៏​ទាក់ទាញ ។ ហើយ​បច្ចុប្បន្ន នៅ​ថ្ងៃ​បុណ្យ​ជាតិ​ដែល​មាន​ភ្ញៀវ​ទៅ​កម្សាន្ត​យ៉ាងច្រើន​កុះករ អាច​ពី​ជាង​១​ពាន់​ទៅ​៣​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ គឺ​នៅ​មាន​ថ្ងៃ​សៅរ៍ អាទិត្យ ក៏​នៅ​មាន​ភ្ញៀវ​ទេសចរ​ទៅ​លេង​កម្សាន្ត​ផង​ដែរ អាច​ត្រឹម​ពី​២០​ទៅ​៣០​រថយន្ត​ប៉ុណ្ណោះ​ក្នុង​១​ថ្ងៃ គឺ​មិន​ច្រើន​ដូច​ថ្ងៃ​បុណ្យ​ជាតិ​ឡើយ ។ លោក​បញ្ជាក់​ថា រមណី​ដ្ឋា​ន​ទឹកធ្លាក់​ស្រែ​អំពិល បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ ឆ្នាំ​២០១៩ លើ​ផ្នែក​បរិស្ថាន ទឹកធ្លាក់ និង​ខ្យល់អាកាស ។

សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​ចង់ទៅ​កម្សាន្ត​នៅ​ទឹកធ្លាក់​ស្រែ​អំពិល គឺ​អាច​ជ្រើសរើស​ការ​ធ្វើ​ដំណើរ​ចំនួន​៣​ផ្លូវ បាន តែ​គោលដៅ​ចំណុច​ប្រសប់​គឺ​នៅ​ផ្សារ​ក្តុល​ដូច​គ្នា ។

ចំណុច​ទី​១ ភ្ញៀវ​អាច​ធ្វើ​ដំណើរ​ចេញពី​ទីរួមខេត្ត​កំពង់ឆ្នាំង តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ចំងាយ​ជាង​៣០​គីឡូម៉ែត្រ នឹង​ទៅ​ដល់​វត្ត​មួយ​ឈ្មោះ ផ្សារ ក្នុងស្រុក​បរិបូណ៌ ។ នៅ​ជាប់​នឹង​របង​វត្តមាន​ផ្លូវ​មួយ​បែក​ខាងឆ្វេង​ដៃ ជា​ផ្លូវ​ក្រួស​ក្រហម ភ្ញៀវ​ត្រូវធ្វើ​ដំណើរ​ចុះ​តាម​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​នោះ​ចម្ងាយ​៣០​គីឡូម៉ែត្រ​ទៀត​ទៅ​ដល់​ផ្សារ ក្តុល រួច​ហើយ​ឆ្លងកាត់​ថ្នល់​រថភ្លើង ធ្វើ​ដំណើរ​តាម​ផ្លូវលំ​ជាង​៩​គីឡូម៉ែត្រ​ទៀត ទើប​ទៅ​ដល់​តំបន់​ទឹកធ្លាក់​ស្រែ​អំពិល ។

ចំណុច​ទី​២ ភ្ញៀវ​អាច​ធ្វើ​ដំណើរ​ពី​ទីរួមខេត្ត​កំពង់ឆ្នាំង តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ដូច​គ្នា គឺ​ចម្ងាយ​៨ គីឡូម៉ែត្រ ទៅ​ដល់​ផ្សារ​ពង្រ ហើយ​បត់​ខាងឆ្វេង​ដៃ​ជាប់​ផ្សារ​ពង្រ តាម​ផ្លូវ​ក្រាល​កៅស៊ូ រហូត​​ទៅ​ដល់​ស្ថានីយ​រថភ្លើង ក្រាំង​ស្គា ដែល​មាន​ចម្ងាយ​២៧​គីឡូម៉ែត្រ រួច​បន្តដំណើរ​បត់​ខាង​ស្ដាំ​ដៃ លើ​ផ្លូវ​ក្រាល​ក្រួស​ក្រហម ប្រប​តាម​ផ្លូវ​រថភ្លើង​មាន​ចម្ងាយ​១៨​គីឡូម៉ែត្រ ទៅ​ដល់​ផ្សារ​ក្តុល ជា​ចំណុច​ប្រសប់​ផ្លូវ​ពី​វត្ត​ផ្សារ​ស្រុក​បរិបូរ​ណ៌ និង​បន្ត​ឆ្លងផ្លូវ​រទេះភ្លើង​ដូច​គ្នា គឺ​ទៅ​ដល់​គោលដៅ​ទេសចរណ៍​នោះ​ហើយ ។

ចំណែក ចំណុច​ទី​៣ ភ្ញៀវ​ទេ​ចរណ៍​អាច​ធ្វើ​ដំណើរ​ចេញពី​ទីរួមខេត្ត​កំពង់ឆ្នាំង តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ ៥៣ ឆ្ពោះទៅ​ដល់​ស្រុក​ទឹកផុស រួច​បត់​ខាងស្ដាំ​ដៃ​តាម​ផ្លូវ​រថភ្លើង ដើម្បី​បន្តដំណើរ​រហូត​ទៅ​ដល់​ផ្សារ​ក្តុល​ដូច​គ្នា​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ