ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​បង្ក្រាប​ទីតាំង​ចាក់​បាល់​តាម​អុីន​ធើ​រ​ណេ​ត​មួយ​កន្លែង​ក្នុង​សង្កាត់​និរោធ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​រសៀល​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០២០ កម្លាំង​អាជ្ញាធរ​ចម្រុះ​ខណ្ឌ​ច្បារ​អំពៅ​បាន​បើក​ការ​ចុះ​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង ( ចាក់​បាល់​តាម​ប្រព័ន្ធ​អុីន​ធើ​រ​ណេ​ត ) មួយ​កន្លែង…

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​រសៀល​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០២០ កម្លាំង​អាជ្ញាធរ​ចម្រុះ​ខណ្ឌ​ច្បារ​អំពៅ​បាន​បើក​ការ​ចុះ​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង ( ចាក់​បាល់​តាម​ប្រព័ន្ធ​អុីន​ធើ​រ​ណេ​ត ) មួយ​កន្លែង ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​111D តាម​បណ្តោយ​ផ្លូវ​លេខ​៣៥១ ក្នុងភូមិ​តា​ងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

ប្រតិបត្តិការ​ចុះ​បង្ក្រាប​ខាងលើ​នេះ​ធ្វើ​ឡើង​ដោយ​លោក ហ៊​ត គឹ​ម​នី អភិបាលរង​ខណ្ឌ​ច្បារ​អំពៅ និង​មានការ​សម្របសម្រួល​នីតិវិធី​ច្បាប់​ដោយ​លោក ទេព សុ​វិ​ត្ថ ក្រឡាបញ្ជី​ក្រុងភ្នំពេញ តំណាង​លោក ហេង ផេង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ជា​លទ្ធផល​នៅ​ក្នុង​ការ​ចុះ​បង្ក្រាប​ខាងលើ​នេះ កម្លាំង​អាជ្ញាធរ​ឃាត់ខ្លួន​​មនុស្ស​​ចំនួន​៧​នាក់ និង​ដកហូត​បាន​សម្ភារៈ​មួយ​ចំនួន​ធំ​មាន​ដូច​ជា កុំព្យូទ័រ​ចំនួន​១៦​គ្រឿង​, ទូរទស្សន៍​១៥​គ្រឿង​, តុ​៨, កៅអី​ជ័រ​១០, កង្ហារ​៣, ម៉ូតូ​១០​គ្រឿង និង​ក្រដាស​ភ្នាល់​បាល់​និង​បុ​ង​ចាក់​ភ្នាល់​បាល់​មួយ​ចំនួន​ធំ​ផង​ដែរ ។

​មនុស្ស​​ទាំង​៧​នាក់​ដែល​ត្រូវ​​ឃាត់ខ្លួន​រួម​មាន ១-​ឈ្មោះ​ម៉េ​ង លី ភេទ​ប្រុស អាយុ​២០​ឆ្នាំ ២-​ឈ្មោះ សេង ហឿ​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ៣-​ឈ្មោះ ហុង ហេង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​លក់​កាហ្វេ ។ ទាំង​៣​នាក់​ស្នាក់​នៅ​ភូមិ​តា​ងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ។ ៤-​ឈ្មោះ សៀវ ម៉ិ​ញ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​ចាក់​សាក់ ស្នាក់​នៅ​ភូមិ​ព្រះ​ពន្លា សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ៥-​ឈ្មោះ ទុ​យ អឿ​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​រត់​តុ ស្នាក់​នៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ៦-​ឈ្មោះ ហេង វិចិត្រ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ស្នាក់​នៅ​ភូមិ​ត្នោត​ជ្រុំ​២ សង្កាត់​បឹង​ទំពន់​២ ខណ្ឌមានជ័យ និង​៧-​ឈ្មោះ តាំង កំសត់ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅ​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

ក្រោយ​ការ​ឃាត់ខ្លួន ​មនុស្ស​​ទាំង​៧​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ដើម្បី​ចាត់ការ​បន្ត​នីតិវិធី ។

តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា ការ​ចុះ​បង្ក្រាប​គឺ​ធ្វើ​ឡើង​ក្រោម​បញ្ជារ​ផ្ទាល់​របស់​លោក​ចេ​ង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារ​អំពៅ បន្ទាប់​ពី​លោក​អភិបាល​ទទួល​បាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ ក៏​បញ្ជា​ឱ្យ​កម្លាំង​ចម្រុះ​ចុះ​បង្ក្រាប​ជាក់ស្តែង​តែ​ម្តង ។

ជួប​សម្ភាសន៍​តាម​រយៈ​ទូរស័ព្ទ​ជាមួយ​កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​១០ កុម្ភៈ​នេះ លោក​វរសេនីយ៍ទោ ម៉ៅ សឿ​ត អធិការរង​នគរបាល​ខណ្ឌ​ទទួល​ផែន​ព្រហ្មទណ្ឌ បានឱ្យ​ដឹង​ថា មនុស្ស​ចំនួន​២​នាក់ ក្នុង​ចំណោម​៧​នាក់​ដែល​បាន​ឃាត់ខ្លួន ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​យប់​ថ្ងៃ​ឃាត់ខ្លួន ដោយសារ​ហេតុផល ពួក​គេ​ទាំង​២​នាក់​មាន​ជំងឺ​ប្រចាំ​កាយ​ធ្ងន់ធ្ងរ ហើយ​ការ​អនុញ្ញាត​ឱ្យ​ពួក​គេ​ទាំង​២​នាក់​ត្រឡប់​ទៅ​ផ្ទះ​វិញ​នោះ ក៏​មានការ​ឯកភាព​ពី​លោក​អភិបាល​ខណ្ឌ និង​ព្រះរាជអាជ្ញារ​រង ហេង ផេង ផង​ដែរ ។

លោក​អធិការរង​បាន​បន្ត​ថា ចំពោះ​មនុស្ស​នៅ​សេសសល់​ទាំង​៥​នាក់ ពួក​គេ​នឹង​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៅ​ពេល​ក្រោយ​ទៀត ។ លោក​បន្ត​ថា អ្នក​ទាំង​៥​នាក់ ក្នុង​នោះ​អាច​មាន​ម្នាក់​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​នៅ​ទីតាំង​ល្បែង​នោះ ខណៈ​ដែល​សមត្ថកិច្ច​ព្យាយាម​សាកសួរ​ដេញដោល​យ៉ាងណា ក៏​ពួក​គេ​នៅ​តែ​ឆ្លើយ​ថា ត្រឹម​ជា​អ្នក​ចូល​ទៅ​ចាក់​បាល់ ពុំ​មែន​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​នៅ​ទីនោះ​ឡើយ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ