រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមួយគ្រឿងពណ៌ស បុកជាមួយរថយន្តមួយគ្រឿងម៉ាកម៉ែរសឺដេសនៅចំណុចផ្លូវបំបែកជាបួន បណ្តាលឱ្យរថយន្តពណ៌សក្រឡាប់ផ្ងារជើងឡើងលើ ចំណែកអ្នកបើកបររងរបួសស្រាល រីឯរថយន្តម៉ាកម៉ែរសឺដេសបានរងការខូចខាតខ្ទេចផ្នែកខាងមុខ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចខាងកើតចម្ងាយប្រមាណជា៥០ម៉ែត្រពីខារ៉ាអូខេX2 តាមបណ្តោយផ្លូវ២១៤កែងផ្លូវ៥១ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។
ភាគីខាងរថយន្តមួយគ្រឿងប្រភេទមួយបាំងកន្លះ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ២AY-៧១១៩ បើកបរដោយយុវជនម្នាក់ និងយុវជនម្នាក់ទៀតជាអ្នករួមដំណើរ មិនស្គាល់អត្តសញ្ញាណ ។ ចំណែកភាគីខាងរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកម៉ែរសឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២M-៨៧៨៧ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ។
តាមប្រភពពីសាក្សីដែលឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជន២នាក់ជិះក្នុងរថយន្តមួយគ្រឿងប្រភេទមួយបាំងកន្លះ ពណ៌ស ធ្វើដំណើរតាមបណ្តោយផ្លូវ៥១ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន លុះពេលមកដល់ចំណុចកើតហេតុខាងលើជាផ្លូវបំបែកជាបួន ស្រាប់តែអកហ្សើជាមួយនឹងរថយន្តស៊េរីទំនើបមួយគ្រឿងទៀតម៉ាកម៉ែសឺដេស ដែលកំពុងធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនដូចគ្នា ។
តាមប្រភពដដែលបានបន្តថា ពេលនោះរថយន្តពណ៌សបានបុកចំក្បាលរថយន្តម៉ាកម៉ែរសឺដេសចំផ្នែកខាងឆ្វេង បណ្តាលឱ្យរថយន្តពណ៌សក្រឡាប់ផ្ងារជើងឡើងលើ និងរងការខូចខាតក្រពិតទ្វារមុខ-ក្រោយផ្នែកខាងស្តាំ និងខ្ទេចដំបូល រីឯរថយន្តម៉ាកម៉ែរសឺដេសវិញរងការខូចខាតខ្ទេចអស់មួយកំណាត់ខាងមុខ ។
តាមប្រភពដដែលបានបន្តថា ភ្លាមៗនោះដែរ ម្ចាស់រថយន្តនិងអ្នករួមដំណើរបានទុករថយន្តចោល ហើយនាំគ្នារត់គេចខ្លួនបាត់ស្រមោល ទុកអោយតំណាងចូលមកដោះស្រាយនៅកន្លែងកើតហេតុ លុះមួយសន្ទុះក្រោយមកក៏មានសមត្ថកិច្ចមូលដ្ឋានបានមកដល់ធ្វើការវាស់វែងនៅកន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុ រថយន្តទាំង២គ្រឿងខាងលើត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែង និងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយជាបន្តទៅទៀត ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ