ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​លក់​សម្ភារៈ​សំណង់​នៅ​តែ​បន្ត​កើនឡើង​ខណៈ​មន្ត្រី​ជំនាញ​បង្ហាញ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ចុងឆ្នាំ ២០១៩​នេះ ពោល​គឺ​នៅ​ត្រីមាស​ទី​៤ ការ​លក់សម្ភារៈ​សំណង់ សម្រាប់​ផ្គត់ផ្គង់​ក្នុង​វិស័យ​សំណង់​នៅ​តែ​មាន​កំណើន​ដែល​ជា​ឱកាស​សម្រាប់​ក្រុមហ៊ុន​សំណង់​ធំ​ៗ ក្នុង​តំបន់​នៅ​តែ​សម្លឹង​មក​កម្ពុជា​និង​ត្រៀម​ពង្រីក​វិសាលភាព​ទីផ្សារ​របស់​ខ្លួន​បន្ថែម​ក្នុង​ពេល​វិស័យ​មួយ​នេះ​នៅ​តែ​មាន​សុទិដ្ឋិនិយម ។ ​…

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ចុងឆ្នាំ ២០១៩​នេះ ពោល​គឺ​នៅ​ត្រីមាស​ទី​៤ ការ​លក់សម្ភារៈ​សំណង់ សម្រាប់​ផ្គត់ផ្គង់​ក្នុង​វិស័យ​សំណង់​នៅ​តែ​មាន​កំណើន​ដែល​ជា​ឱកាស​សម្រាប់​ក្រុមហ៊ុន​សំណង់​ធំ​ៗ ក្នុង​តំបន់​នៅ​តែ​សម្លឹង​មក​កម្ពុជា​និង​ត្រៀម​ពង្រីក​វិសាលភាព​ទីផ្សារ​របស់​ខ្លួន​បន្ថែម​ក្នុង​ពេល​វិស័យ​មួយ​នេះ​នៅ​តែ​មាន​សុទិដ្ឋិនិយម ។

បើ​តាម​របាយការណ៍​របស់​ក្រុមហ៊ុន​សំណង់​ដ៏​ធំ​មួយ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ និង​ក្រុមហ៊ុន​សំណង់​ក្នុងស្រុក​សុទ្ធតែ​បង្ហាញ​ពី​កំណើន​នៃ​ការ​លក់​ខ្ពស់ បើ​ទោះបីជា​វិស័យ​សំណង់​នៅ​កម្ពុជា​ហាក់​កំពុង​ប្រឈម​មុខ​នឹង​ការ​ធ្លាក់​ចុះ​សម្រាប់​ដើមឆ្នាំ​នេះ​ដោយសារ​តែ​ការ​រីក​រា​ដាល​នៃ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​បង្ក​ឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា​ដែល​បាន​ធ្វើ​ឲ្យ​មហាអំណាច​ចិន​កំពុង​រង​គ្រោះ​យ៉ាង​ខ្លាំង ទាំង​វិស័យ​សុខ​ភា​ភិ​បាល សេដ្ឋកិច្ច និង​ទេសចរណ៍ និង​សេវាកម្ម​ដឹក​ជ​ញ្ជួ​ន ខណៈ​វិនិយោគិន​ចិន​ជា​អ្នក​វិនិយោគ​នាំមុខ​គេ​លើ​វិស័យ​សំណង់​និង​អចល​ទ្រព្យ​នៅ​កម្ពុជា​។

​ជាក់ស្តែង​របាយការណ៍​របស់​ក្រុមហ៊ុន​សំណង់ SCG បានអោយ​ដឹង​ថា ក្នុង​ត្រីមាស​ទី​៤​នៃ​ឆ្នាំ ២០១៩​កន្លង​ទៅ​នេះ​ខ្លួន​ទទួល​បាន​កំណើន​នៃ​ការ​លក់​ឡើង​ខ្ពស់​វិញ ពោល គឺ បាន កើនឡើង​ប្រមាណ​១៧​ភាគរយ​ធៀប​នឹង​ត្រីមាស​ទី​៤​នៅ​ឆ្នាំ ២០១៨ ដែល​ក្នុង​ត្រីមាស​៤​ឆ្នាំ ២០១៩ ការ​លក់​សម្ភារៈ​សំណង់​បាន​ទឹកប្រាក់​ប្រមាណ ១១៤​លាន​ដុល្លារ​អា​មេ​រិ​ក ។ ប្រភព​ដដែល​បាន​បង្ហាញ​ថា ក្នុង​រយៈពេល​មួយ​ឆ្នាំ​ពេញ ក្នុង​ឆ្នាំ ២០១៩ ក្រុមហ៊ុន មួយ​នេះ​ទទួល​បាន​ទឹកប្រាក់​ពី​ការ​លក់​គ្រឿងសំណង់​បាន​រហូត​ដល់ ១.៨២៩​ពាន់​លាន​រៀល ឬ​គិត​ជា​ដុល្លារ​ប្រមាណ​៤៥១​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​តែ​ទីផ្សារ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ ។

បើ​តាម​ប្រធាន​ក្រុមហ៊ុន​សំណង់ លោក Roongrote Rangsiyopash បានអោយ​ដឹង​ថា កត្តា​ដែល​ជំរុញ​អោយ​ការ​លក់​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​តែ​ទទួល​បាន​ផល​វិជ្ជមាន​ដោយសារ​តែ សេដ្ឋកិច្ច​កម្ពុជា​កាលពី​ចុងឆ្នាំ​២០១៩​នៅ​តែ​មាន​លំនឹង​ល្អ ហើយ​ក្នុង​នោះ វិស័យ​សំណង់ បាន​គាំទ្រ​យ៉ាង​ធំ​ក្នុង​កំណើនសេដ្ឋកិច្ច​ជាតិ​កម្ពុជា ។ ​លោក​បាន​បន្ត​ថា «​ចុងឆ្នាំ​មុន​នេះ វិស័យ​សំណង់​នៅ​តែ​មាន​សុខភាព​ល្អ ដោយសារ​ការ​វិនិយោគសាធារណៈ​ទៅ​លើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ពី​រាជរដ្ឋាភិបាល និង​ការ​បន្ត​ហូរ​ចូល​នូវ​វិនិយោគទុន​នៅ​ក្នុង​វិស័យ​សំណង់ ជា​ពិសេស​វិនិយោគទុន​មក​ពី​ប្រទេស​ចិន នៅ​តាម​បណ្ដា​ទីក្រុង​ជា​ពិសេស​ទៅ​លើ​ការ​សាងសង់​កាស៊ីណូ​ថ្មី​ៗ នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា ។

ប៉ុន្តែ​បើ​តាម​ប្រធាន​ផ្នែក​លក់​នៃ​ក្រុមហ៊ុន​សំណង់​មួយ​នៅ​កម្ពុជា​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា ការ​លក់​សម្ភារៈ​នៅ​តែ​មាន​កំណើន​តែ​កំណើន​មិន​ច្រើន​ដូច​មុន​ប៉ុន្មាន​ទេ ដោយសារ​តែ​បច្ចុប្បន្ន អ្នក​ប្រកប​អាជីវកម្ម​មួយ​នេះ​កាន់តែ​ច្រើន ដូច្នេះ​ហើយ​ចំណែក​ទីផ្សារ​ត្រូវ​ថមថយ​ក្នុង​ក្រុមហ៊ុន​មួយ​ៗ ។

យោង​តាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ បានអោយ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ​ក្នុង​វិស័យ​សំណង់​បាន​ស្រូប​ទាញ​យក​ទុន​វិនិយោគ​ប្រមាណ​ជាង​៩,៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​ប៉ូ​ល​សំខាន់​ៗ​បី​ដែល​ទទួល​បានការ​វិនិយោគ​ក្នុង​វិស័យ​សំណង់​ច្រើន​ជាង​រួម​មាន​រាជធានី​ភ្នំពេញ ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តសៀមរាប ។

​យ៉ាងណា​ក្ដី​សម្រាប់​ឆ្នាំ ២០២០​នេះ បើ​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក វ​ង្សី វិស្សុត បានអោយ​ដឹង​ថា កំណើន​ក្នុង​វិស័យ​សំណង់​នេះ​អាច​នឹង​ថមថយ​វិញ ដោយសារ​តែ​ក្នុង​ឆ្នាំ​មុន​នេះ វិស័យ​សំណង់​បាន​កើនឡើង​ខ្ពស់​ខ្លាំង​ពេក​ដែល​ពិបាក​ក្នុង​ការ​រក្សា​លំនឹង​អោយ​នៅ​ថេរ​បាន​ល្អ​ដូច​ឆ្នាំ​ចាស់ ។ មួយវិញទៀត ជំងឺ​ដែល​បង្ក​ដោយ​វីរុស​កូ​រ៉ូ​ណា​ក៏​បាន​ជះ​ឥទ្ធិពល​ដល់​វិស័យ​នេះ​ផង​ដែរ ។

​លោក​ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​វិញ​បានអោយ​ដឹង​ថា លោក​នៅ​តែ​មាន​សុទិដ្ឋិនិយម​ចំពោះ​វិស័យ​សំណង់ បើ​ទោះបីជា​កន្លង​មក​មានការ​ចាកចេញ​របស់​ជន​ចា​តិ​ចិន​ពី​កម្ពុជា​យ៉ាងច្រើន​ក្ដី ។ ​លោក​ច្រឹ​ក សុខ​នី​ម បាន​បន្ត​ថា «​ផល​ប៉ះពាល់​ក្នុង​វិស័យ​នេះ គឺ​មាន​តែ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ពីព្រោះ នៅ​តំបន់​នេះ តម្លៃ​អចលនទ្រព្យ​ឡើង​ខ្ពស់​ហួស​ពី​តម្លៃ​ទីផ្សារ ដូច្នេះ​ហើយ​ទើប​ធ្វើ​អោយ​មានការ​សាងសង់ ការ​ផ្គត់ផ្គង់​នៅ​ខេត្ត​ព្រះ​សីហ​នុ​កាន់តែ​ច្រើន ។ ការ​សាងសង់​នេះ គឺ​សំដៅ​ដល់​ការ​ផ្គត់ផ្គង់​លើ​អាជីវកម្ម​ល្បែង​ហើយ​នៅ​រដ្ឋាភិបាល​បិទ​ហ្គេ​ម ចិន​ក៏​ចាកចេញ​ដូច្នេះ​ការ​សាងសង់​ត្រូវ​បាន​ផ្អាក​ឬ​ជួប​បញ្ហា ។ សម្រាប់​នៅ​រាជធានី​ភ្នំពេញ គឺ​នៅ​តែ​មានដំណើរ​ការ​ជា​ធម្មតា​ទៅ​លើ​ការ​ផ្គត់ផ្គង់ ការ​សាងសង់​សំណង់​នានា​» ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ