ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​រដ្ឋ​ឡាវ ៖ បញ្ហា​គ្រឿងញៀ.ន​ឆ្លង​ដែន និង​ជួញដូរ​ខុសច្បាប់​ទាមទារ​សមត្ថកិច្ច​កម្ពុជា​-​ឡាវ​សហការ​គ្នា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​រដ្ឋ​ឡាវ​បាន​បញ្ជាក់​ថា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​បញ្ហា​គ្រឿងញៀន​ឆ្លង​ដែន​ខុសច្បាប់​នោះ​ទាមទារ​ឲ្យ​សមត្ថកិច្ច​ទាំង​ពីរ​ប្រទេស​សហការ​គ្នា ។ ក្នុង​ជំនួប​ជា​ពិភាក្សា​ជាមួយ​សម្តេច សេនា​វិបុល ភក្តី​សាយ ឈុំ​ប្រធានរដ្ឋសភា នា​រសៀល​ថ្ងៃ​ទី​៩…

រាជធានី​ភ្នំពេញ ៖ ប្រធាន​រដ្ឋ​ឡាវ​បាន​បញ្ជាក់​ថា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​បញ្ហា​គ្រឿងញៀន​ឆ្លង​ដែន​ខុសច្បាប់​នោះ​ទាមទារ​ឲ្យ​សមត្ថកិច្ច​ទាំង​ពីរ​ប្រទេស​សហការ​គ្នា ។ ក្នុង​ជំនួប​ជា​ពិភាក្សា​ជាមួយ​សម្តេច សេនា​វិបុល ភក្តី​សាយ ឈុំ​ប្រធានរដ្ឋសភា នា​រសៀល​ថ្ងៃ​ទី​៩ កុម្ភៈ​នេះ លោក ប៊ុ​ន ញាំ​ង វរ​ជិត ( Bounnahang vorachith) ប្រធាន​រដ្ឋ​នៃ​សាធារណៈ​ប្រជាធិបតេយ្យ​ឡាវ​បាន​លើក​ឡើង​ថា កាលពី​ពេល​កន្លង​ទៅ​នេះ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ព្រឹទ្ធសភា រដ្ឋសភា និង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​មានការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​គ្នា​ទៅ​វិញ​ទៅ​មក និង​មាន​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​ជា​ច្រើន​វិស័យ ជា​ពិសេស​វិស័យ​អប់រំ វប្បធម៌ ការពារ​ជាតិ ការពារ​សន្តិសុខ សាធារណៈ ក៏​ដូច​ជា​បញ្ហា​ព្រំដែន ។

លោក​ប្រធាន​រដ្ឋ បាន​សម្តែង​នូវ​សេចក្តី​រីករាយ​ដោយ​មើលឃើញ​ថា ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​ស៊ីជម្រៅ និង​មានការ​រីក​ចម្រើន​ជា​និច្ច ។ ចំពោះ​បញ្ហា​ព្រំដែន ប្រធាន​រដ្ឋ បាន​គាំទ្រ​ការ​ដោះស្រាយ​រួម​គ្នា​របស់​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ ។ កាលពី​ពេល​ថ្មី​ៗ​នេះ​នាយក​រដ្ឋមន្ត្រី​ឡាវ​ក៏​បាន​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ហើយ​ភាគី​ទាំង​ពីរ​ក៏​បាន​លើកកម្ពស់​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ គង់វង្ស និង​យូរអង្វែង ។

លោក​ប្រធាន​រដ្ឋ​បាន​រម្លឹក​ថា ប្រទេស​ឡាវ និង​ប្រទេស​កម្ពុជា​មាន​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​តាំងពី​បុរាណកាល​មក ។ លោក​បាន​បញ្ជាក់ និង​អះអាង​ថា ៖«​ប្រទេស​ទាំង​ពីរ​ជា​និច្ច​ជា​កាល​តែងតែ​រួម​គ្នា​ថែរក្សា​សាមគ្គីភាព មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ល្អជា​មួយ​គ្នា ។ ទោះបីជា​ប្រទេស​ទាំង​ពីរ​ជួប​ឧបសគ្គ​យ៉ាងណា​ក៏​ដោយ​ក៏​ប្រទេស​ទាំង​ពីរ​បាន​ខិតខំ ដើម្បី​សុខដុមរមនា​សម្រាប់​ជីវភាព​រស់​របស់​ប្រជាជន​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង ។ ប្រទេស​ទាំង​ពីរ​រួម​គ្នា​ថែរក្សា​ការពារ​ព្រំដែន​ឱ្យ​មាន​សន្តិសុខ ដើម្បី​ឱ្យ​ព្រំដែន​ក្លាយជា​ព្រំដែន​សន្តិភាព មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​» ។

លោក​បាន​សង្កត់ធ្ងន់​ថា​៖«​បញ្ហា​ប្រឈម និង​បញ្ហា​គ្រឿងញៀន ការ​ឆ្លង​ដែន​ខុសច្បាប់ ការ​ជួញដូរ​ខុសច្បាប់ ទាមទារ​ឱ្យ​សមត្ថកិច្ច​នៃ​ប្រទេស​ទាំង​ពីរ​ត្រូវ​ខិតខំ​សហការ​ជាមួយ​គ្នា ដើម្បី​ប្រឆាំង​នឹង​អំពើ​ខុសច្បាប់​នេះ​» ។ ជាមួយ​គ្នា​នោះ​ដែរ លោក​ប្រធាន​រដ្ឋ​ឡាវ​ក៏​បាន​លើក​ឡើង​ថា​ប្រទេស​ឡាវ​បាន​លក់​អគ្គិសនី​ឱ្យ​ប្រទេស​កម្ពុជា​ចំនួន​១៩៥ មេ​ហ្គា​វ៉ា​ត់ ហើយ​បើ​តាម​ផែនការ​ប្រទេស​កម្ពុជា​ត្រូវការ​អគ្គិសនី​ចំនួន ៣.០០០ មេ​ហ្គា​វ៉ា​ត់​បន្ថែម​ទៀត​នៅ​ឆ្នាំ​២០៣០ ។

ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម​ក៏​បាន​សំណូមពរ​សម្តេច​ប្រធាន​ព្រឹទ្ធសភា ជួយ​ជំរុញ​ឱ្យ​ប្រទេស​ទាំង​ពីរ​មានការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​គ្នា ក៏​ដូច​ជា​ការ​សហការ​គ្នា​ទៅ​វិញ​ទៅ​មក​ឱ្យ​កាន់តែ​ច្រើន​ថែម​ទៀត ដើម្បី​បង្កើន​ការ​យោគយល់​គ្នា​។ ក្នុង​ជំនួប​និះ​ដែរ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រសាសន៍​ដ៏​ល្អ​ប្រពៃ​របស់​លោម ប៊ុ​ន​ញ៉ាំង វរ​ជិត និង​សូម​អរគុណ​លោក​ជំទាវ​ប្រធានរដ្ឋសភា នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ដែល​បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ​សម្តេច​ផ្ទាល់ ។

សម្តេច​ប្រធាន​ព្រឹទ្ធសភា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​លោក​នៅ​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ឱកាស​នេះ និង​សូម​ចាត់​ទុក​ទស្សនកិច្ច​នេះ​ជា​ទស្សនកិច្ច​ប្រវត្តិសាស្ត្រ​ដែល​នាំ​មក​នូវ​ការ​ពង្រឹងពង្រីក​ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព​ជា​ប្រពៃណី និង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ដើម្បី​ជា​គុណប្រយោជន៍​ដ៏​ធំធេង​សម្រាប់​ប្រជាជន និង​ប្រទេស​ទាំង​ពីរ​ដែល​មាន​តាំងពី​យូរលង់​ណាស់​មក​ហើយ ។ សម្តេច​ប្រធាន​ព្រឹទ្ធសភា​បាន​មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ក្រោម​ស្នា​ព្រះ​ហ​ស្ថ​របស់​ព្រះករុណា «​ព្រះ​បរម​រតន​កោដ្ឋ​» អតីត​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ថ្នាក់ដឹកនាំ​ឡាវ​ជំនាន់​មុន ។ ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ធ្លាប់​មាន​ប្រវត្តិ​តស៊ូ ពុះពារ​ឆ្លងកាត់​ឧបសគ្គ លំបាក និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ។ ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​មាន​ប្រពៃណី​ស្រឡាញ់​រាប់អាន​គ្នា​នៃ​ប្រទេស​ទាំង​ពីរ ជំរុញ​ការ​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ជា​គុណប្រយោជន៍​ក្នុង​ការ​អភិវឌ្ឍ ប្រកបដោយ​មោទនភាព វិបុលភាព សម្រាប់​ប្រទេស​ទាំង​ពីរ ក៏​ដូច​ជា​ចូលរួម​ចំណែក​ថែរក្សា​សុខ​សុវត្ថិភាព នៅ​ក្នុង​តំបន់ និង​អន្តរជាតិ ។

សម្តេច​ប្រធាន​ព្រឹទ្ធសភា បាន​សម្តែង​នូវ​ការ​អបអរសាទរ​ចំពោះ​លទ្ធផល​ការ​ធ្វើ​ខណ្ឌសីមា និង​បោះបង្គោល ព្រំដែន​បាន​រួចរាល់​ចំនួន​៨៦%​នៃ​ខ្សែ​ព្រំដែន​រួម នៅ​សល់​១៤%​ទៀត ប្រទេស​ទាំង​ពីរ​បាន​នឹង​កំពុង​យកចិត្តទុកដាក់​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ