ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​ថ្មើរជើង​ប្រវត្តិសាស្ត្រ​អន្លង់​វែង​ ទាក់ទាញ​អ្នកចូលរួម​រាប់​ពាន់​នាក់

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ កាលពី​ថ្ងៃ​ទី​៨ កុម្ភៈ ត្រូវជា​ថ្ងៃ​ទី​២​នៃ​ព្រឹត្តិការណ៍​កីឡា​-​ទេស ចរណ៍​«​ថ្មើរ​ជើង​ប្រវត្តិសាស្ត្រ​-​អន្លង់​វែង​»​លើក ទី​២ មាន​ប្រជាពលរដ្ឋ​ខ្មែរ​-​ថៃ​រាប់​ពាន់​នាក់​នាំ​គ្នា​សម្រុកចូល​ទស្សនា​កម្សាន្ត​ការ​ប្រគំ​តន្ត្រី ការ​តាំងពិព័រណ៍ និង​សកម្មភាព​កីឡា​ផ្សេង​ៗ​ជា​ច្រើន​ទៀត…

ខេត្តឧត្តរមានជ័យ ៖ កាលពី​ថ្ងៃ​ទី​៨ កុម្ភៈ ត្រូវជា​ថ្ងៃ​ទី​២​នៃ​ព្រឹត្តិការណ៍​កីឡា​-​ទេស ចរណ៍​«​ថ្មើរ​ជើង​ប្រវត្តិសាស្ត្រ​-​អន្លង់​វែង​»​លើក ទី​២ មាន​ប្រជាពលរដ្ឋ​ខ្មែរ​-​ថៃ​រាប់​ពាន់​នាក់​នាំ​គ្នា​សម្រុកចូល​ទស្សនា​កម្សាន្ត​ការ​ប្រគំ​តន្ត្រី ការ​តាំងពិព័រណ៍ និង​សកម្មភាព​កីឡា​ផ្សេង​ៗ​ជា​ច្រើន​ទៀត ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង ទេសចរណ៍ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​និង​អាជ្ញាធរ​ខេត្តឧត្តរ​មានជ័យ ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​។

លោក វ៉ា​ត់ ចំរើន បាន​មាន​ប្រសាសន៍​ថា គិត​ត្រឹម​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៨ កុម្ភៈ ឆ្នាំ​២០២០ តាម​រយៈ​កម្មវិធី​រត់​កម្សាន្ត និង​ការ​ប្រកួត​កីឡាបាល់ទាត់​មិត្តភាព​កម្ពុជា​-​ថៃ បាន​ទាក់ទាញ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​ជា​ពិសេស​សិស្សសាលា កងកម្លាំង​កម្ពុជា​-​ថៃ​ចូលរួម​ទស្សនា​ប្រមាណ​៣០០០​នាក់ ។ បើ​បូក​សរុប​ទាំង​ថ្ងៃ​បើក​ឆាក​ដំបូង​គឺ​នៅ​ថ្ងៃ​ទី​៧​កុម្ភៈ​ទៀត​ផង​នោះ ចំនួន​អ្នកចូលរួម​ទស្សនា​ប្រមាណ​ជាង​៥០០០​នាក់​ឯណោះ ។

អ្វី​ដែល​ជា​ការ​កត់សម្គាល់​គឺ​នៅ​យប់​ថ្ងៃ​ទី​៨ កុម្ភៈ មាន​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​ចូលរួម​ទស្សនាការ​តាំងពិព័រណ៍ ការ​ប្រគំ​តន្ត្រី កីឡា​ចំបាប់​បូរាណ នៅ​បឹង​តា​ម៉ុ​ករាប់​ពាន់​នាក់ ដែល​នេះ​សបញ្ជាក់​ឱ្យ​ឃើញ​ថា ប្រជាពលរដ្ឋ​មានការ​គាំទ្រ​សន្តិភាព​ពេញលេញ​នៃ​តំបន់​តស៊ូ​ចុង​ក្រោយ​របស់​របប​ខ្មែរក្រហម ។ ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​លើក​ទី​២​នេះ​ត្រូវ​បាន​គេ​រៀបចំ​ធ្វើ​ឡើង​រយៈពេល​៣​ថ្ងៃ​ពេញ​គិត​ចាប់ពី​ថ្ងៃ​ទី​៧-៩​កុម្ភៈ ដែល​ផ្ទុយ​ពី​លើក​ទី​១​មាន​តែ​១​ថ្ងៃ​ប៉ុណ្ណោះ​។

លោក​វ៉ា​ត់ ចំរើន បាន​បញ្ជាក់​ថា ជាមួយនឹង​ការ​ពង្រីក​ព្រឹត្តិការណ៍​ឱ្យ​កាន់តែ​ធំ​បែប​នេះ​គឺ​ក្រសួង​ពាក់ព័ន្ធ​ចង់​ធ្វើការ​ផ្សព្វផ្សាយ​នូវ​តំបន់​នេះ​ឱ្យ​កាន់តែ​មានការ​ទាក់ទាញ ហើយ​ក៏​ចង់​ប្រាប់​ជា​សាធា​រណៈ​ថា តំបន់​ប្រវត្តិសាស្ត្រ​-​អន្លង់​វែង ដែល​ជា​តំបន់​តស៊ូ​ចុង​ក្រោយ​នៃ​របប​ខ្មែរក្រហម​ទទួល​បាន​សុខ​សន្តិភាព​ពេញលេញ ហើយ​បាន​ក្លាយជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ បន្ទាប់​ពី​ធ្វើ​សមាហរណកម្ម​នៅ​ក្នុង​ឆ្នាំ​១៩៩៨​។

គួរ​រំលឹក​ថា រយៈពេល​៣​ថ្ងៃ​នៃ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​នេះ ក្រៅពី​រៀបចំ​ឱ្យ​មានការ​ប្រកួត​កីឡា​មិត្តភាព​កម្ពុជា​-​ថៃ​ដែល​មាន​ដូច​ជា​ប្រណាំង​កង់ បាល់ទាត់ រត់ប្រណាំង​លើ​ភ្នំ​ដងរែក ប្រណាំងទូក កីឡា​រាំ និង​គុន​ល្បុក្កតោ ការ​តាំងពិព័រណ៍​ម្ហូបអាហារ ក៏​មានការ​តាំង​រូបថត​ចំនួន​១០០​ផ្ទាំង ញ៉ាំង​ឱ្យ​កម្មវិធី​ទាំងមូល​កាន់តែ​មាន​ភាព​អធិកអធម​ក្រៃ​លែង​ថែម​ទៀត ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ