រដ្ឋបាល​ខេត្ត​ប្រារព្ធ​ពិធីបុណ្យ​មាឃបូជា​នៅ​ប្រាសាទ​ដើម​ពោធិ៍​ក្នុង​ក្រុង​កំពត


ខេត្តកំពត ៖ កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២០ រដ្ឋបាល​ខេត្តកំពត​បាន​ប្រារព្ធ​នូវ​កម្មវិធី​បុណ្យមាឃបូជា ដែល​កម្មវិធី​នេះ​បាន​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ​មិន​ដែល​អាក់ខាន​ម្តងណា​ឡើយ ហើយ​ការ​ប្រារព្ធ​ធ្វើ​នេះ​គឺ​ធ្វើ​នៅ​ប្រាសាទ​ដើម​ពោធិ៍ ស្ថិត​នៅ​ក្នុងភូមិ ១​ឧសភា សង្កាត់​កំពង់​កណ្ដាល ក្រុង​កំពត ខេត្តកំពត​។
កម្មវិធី​បុណ្យ​ដ៏​មហោឡារិក​នេះ​បាន​ប្រារព្ធ​ឡើង​ដោយ​មានការ​អញ្ជើញ​ពី​សំណាក់​លោក​ជាវ តា​យ អភិ​បាល​នៃ​គណៈ​អភិបាលខេត្ត និង​លោក​ជំទាវ ព្រមទាំង​មន្ត្រី​សង្ឃ ព្រះសង្ឃ រួម​នឹង​លោក លោក​ជំទាវ អស់លោក​-​លោកស្រី​ជា​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុង​ខេត្ត និង​ប្រជា​ពុទ្ធបរិស័ទ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត​យ៉ាងច្រើន​កុះករ ។

ពិធីបុណ្យ​មាឃបូជា គឺជា​ពិធីបុណ្យ​មួយ​ដ៏​មាន​សារៈសំខាន់​បំផុត​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា ដែល​ជា​សាសនា​របស់​រដ្ឋ ហើយ​ពិធីបុណ្យ​មាឃបូជា​នេះ​ទៀត​សោត គោលបំណង​ចម្បង​គឺ​ប្រារព្ធ​ឡើង សម្រាប់​រំលឹក​ដល់​ថ្ងៃ​មហា​មង្គល​ទាំង​ពីរ​នៃ​ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ​នៃ​យើង ដែល​ទ្រង់​ប្រជុំ ចតុរង្គសន្និបាត​និង​ប្រកាស​ដាក់​ជន្មាយុ​សង្ខារ​។

មាន​ប្រសាសន៍​សំណេះសំណាល​នា​ឱកាស​នោះ​ដែរ លោក​ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ថ្លែង​បញ្ជាក់​ថា ព្រះរាជាណាចក្រ​កម្ពុជា​យើង​មាន​បាវចនា​ជាតិ សាសនា ព្រះមហាក្សត្រ​។ ក្នុង​នោះ​រាជរដ្ឋាភិបាល​កម្ពុជា​យើង តែង​បាន​លើកកម្ពស់​វិស័យ​ព្រះពុទ្ធ​សាសនា​ជា​សាសនា​របស់​រដ្ឋ​ទៀត​ផង​។

លោក​អភិបាលខេត្ត​ក៏​បាន​ថ្លែងអំណរគុណ​និង​កោតសរសើរ​ដល់​ព្រះសង្ឃ ប្រជា​ពុទ្ធបរិស័ទ​រួម​នឹង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ក្នុង​ខេត្តកំពត​ទាំងមូល​ដែល​តែងតែបាន​និមន្ត​និង​អញ្ជើញ​ចូលរួម ប្រារព្ធ​ធ្វើ​ឡើង​នៅ​កម្មវិធី​បុណ្យ​សាសនា​ដ៏​មាន​សារសំខាន់​នេះ ជា​រៀង​រាល់​ឆ្នាំ​មិន​ដែល​អាក់ខាន​ឡើយ​។ ព្រោះថា​ព្រះពុទ្ធ​សាសនា មិន​ត្រឹមតែ​បាន​ធ្វើ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ បាន​រួមរស់​ជាមួយ​គ្នា​ដោយ​សុខសាន្ត​ខាង​ផ្លូវ​ស្មារតី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​រួមចំណែក​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ពង្រឹង​សណ្ដាប់ធ្នាប់ សុខ​សន្តិភាព ស្ថិរភាព​សង្គម ការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ទាំង​ពុទ្ធចក្រ​និង​អាណាចក្រ ព្រមទាំង​ថែរក្សា​ការពារ​អត្តសញ្ញាណ​ជាតិ​បាន​យ៉ាង​ល្អ​ទៀត​ផង ។

នា​ឱកាស​នោះ​ដែរ លោក ជាវ តា​យ អភិបាលខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត រួម​និង​ប្រជា​ពុទ្ធបរិស័ទ​បាន​នាំ​នូវ​បច្ច័យ​វេរ​ប្រគេន​ព្រះសង្ឃ​ក្នុង កម្មវិធី​បុណ្យ​សរុប​ចំនួន​១២​លាន​រៀល ក្នុង​នោះ​សម្រាប់​បច្ច័យ​របស់​រដ្ឋបាល​ខេត្ត​មាន​ប្រមាណ​ចំនួន​១០​លាន​រៀល និង​បាន​ជូន​ថវិកា​មួយ​ចំនួន​ដល់​កងកម្លាំង​នា​ឱកាស​នោះ​ផង​ដែរ​។

សូម​បញ្ជាក់​ថា ពិធីបុណ្យ​កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ គឺ​មានការ​និមន្ត​និង​អញ្ជើញ​ចូលរួម​ពី​សំណាក់​ព្រះសង្ឃ​ថ្នាក់ដឹកនាំ​ខេត្ត​រួម​និង​ពុទ្ធបរិស័ទ​បាន​ចូលរួម​ដង្ហែរ​ក្បួន​មាឃបូជា​តាម​ដងផ្លូវ​ក្នុង​ក្រុង​កំពត និង​ធ្វើ​ពិធី​វេរ​គ្រឿង​សក្ការៈបូជា​ស្វាធ្យាយ​ចំរើន​ព្រះ​ប​រឹត្ត​និង​និមន្ត​ព្រះសង្ឃ​សម្ដែង​ព្រះធម៌​ទេសនា​គ្រែ​បី​។ កម្មវិធី​បុណ្យ​នេះ​គ្រោង​នឹង​បញ្ចប់​នៅ​ព្រឹក​ថ្ងៃអាទិត្យ ថ្ងៃ​ទី ៩​ខែកុម្ភៈ ឆ្នាំ ២០២០ ដោយ​មាន​និមន្ត​ព្រះសង្ឃ​ធ្វើ​ពិធី​បិណ្ឌ​បាត្រ​ចំនួន​៥០០​អង្គជា​កិច្ច​បង្ហើយ​បុណ្យ​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ