ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ថៃ​កើន​ដល់​ជាង​៩,៤​ពាន់​លាន​ដុល្លារ​ខណៈ​វិនិយោគទុន​ថៃ​នៅ​កម្ពុជា​មាន​ជិត​១​ពាន់​លាន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ថៃ ហាក់​ទទួល​បាន​ផល​ជា​ផ្លែផ្កា​គួរ​អោយ​កត់សម្គាល់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ជាក់ស្ដែង​ក្នុង​ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ថៃ​សម្រេច​បាន ៩.៤១៦​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ទុន​វិនិយោគ​មក​ពី​ប្រទេស​ថៃ​រហូត​មក​ដល់​ពេល​នេះ មាន​ទឹកប្រាក់​ប្រមាណ​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ…

រាជធានី​ភ្នំពេញ ៖ ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ថៃ ហាក់​ទទួល​បាន​ផល​ជា​ផ្លែផ្កា​គួរ​អោយ​កត់សម្គាល់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ជាក់ស្ដែង​ក្នុង​ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ថៃ​សម្រេច​បាន ៩.៤១៦​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ទុន​វិនិយោគ​មក​ពី​ប្រទេស​ថៃ​រហូត​មក​ដល់​ពេល​នេះ មាន​ទឹកប្រាក់​ប្រមាណ​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ ។ នេះ​បើ​តាម​លោក ជុំ​រិ​ន ឡាក់​សៈណាក់ វិ​ហ្ស៊ី​ត រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថៃ ក្នុង​ឱកាស​បើក​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ ( Top Thai Brand ) ។

លោក​បន្ត​ថា កម្ពុជា និង​ថៃ​បាន​សហការ​គ្នា​បាន​ល្អ ក្នុង​រយៈពេល​កន្លង​មក ដូច្នេះ​ហើយ​ទើប​ធ្វើ​អោយ ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ថៃ បាន​រលូន និង​មាន​កំណើន​ជា​បន្តបន្ទាប់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ហើយនឹង​បន្ត​កើនឡើង​បន្ត​ទៀត​ទៅ​ឆ្នាំ​ខាង​មុខ ។ នេះ​ដោយសារ​តែ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​បាន​ពង្រឹង​នូវ​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​គ្នា នឹង​គ្នា ក្នុង​នោះ​ដែរ រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​ក៏​បាន​ធ្វើការ​ជាមួយ​គ្នា​យ៉ាង​ល្អ​ផង​ដែរ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​នេះ ។

លោក​ថា ៖« ដើម្បី​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​បន្ថែម​ភាគ​ថៃ និង​កម្ពុជា បាន​ព្រមព្រៀង​បើក​ច្រក​ទ្វារ​ព្រំដែន​បន្ថែម ដើម្បី​អោយ​ប្រជាជន និង​ធុរជន​នៃ​ប្រទេស​ទាំង​ពីរ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ចរាចរណ៍​ទំនិញ​ចេញចូល​ប្រទេស​ទាំង​ពីរ​» ។ លោក​បន្ត​ថា ក្រៅពី​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​កម្ពុជា និង​ថៃ បច្ចុប្បន្ន​ការ​វិនិយោគ​របស់​វិនិយោគិន​ថៃ​នៅ​កម្ពុជា​ក៏​មាន​ទំហំ​កាន់តែ​ធំ​ផង​ដែរ ដោយ​គិត​មក​ដល់​ពេល​នេះ​ទំហំ​នៃ​ការ​វិនិយោគ​របស់​ថៃ​នៅ​កម្ពុជា​បាន​កើនឡើង​ដល់​ជាង​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ទៅ​លើ​វិស័យ​នានា ដូច​ជា​ការ​កសិកម្ម ការ​កែ​ច្នៃ ឧស្សាហកម្ម និង​សំណង់​ជាដើម ។

លោក​ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ជា​ការ​កត់សម្គាល់​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ថៃ និង​កម្ពុជា មានការ​កើន​ឡើងជា​បន្តបន្ទាប់​គួរ​អោយ​កត់សម្គាល់ ដោយសារ​តែ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ​មាន​ភាពល្អ​ប្រសើរ​ជា​បន្តបន្ទាប់ ។ ក្រៅពី​នោះ​ក្នុង​វិស័យ​ឯកជន ប្រទេស​ទាំង​ពីរ​ក៏​ហាក់​បង្ហាញ​នូវ​ការ​សហការ​បាន​ល្អ​រវាង​គ្នា ដែល​ធ្វើ​អោយ​ការ​ធ្វើ​ជំនួញ​រួម​គ្នា​កាន់តែ​រលូន ហើយ​យើង​ជឿ​ថា​ទៅ​ថ្ងៃ​ខាង​មុខ​ភាគី​ទាំង​ពីរ​នឹង​កាន់តែ​យល់ចិត្ត​គ្នា និង​អាច​ធ្វើ​កិច្ចការជំនួញ​ជាមួយ​គ្នា​កាន់តែ​ល្អ​ប្រសើរ ។

គួរ​បញ្ជាក់​ថា កម្ពុជា ថៃ បាន​កំណត់​ផែនការ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​រវាង​គ្នា​អោយ​បាន​ដល់​១៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ ២០២០​នេះ តែ​យ៉ាងណា​សម្រេច ឬ​មិន​សម្រេច នៅ​មិន​ទាន់​ដឹង​នៅឡើយ​សារ​តែ​ឆ្នាំ​២០១៩​នេះ សម្រេច​បាន​តែ​ជាង​៩​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ