ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ធំ​ៗ​មក​ពី​អា​មេ​រិ​ក​ស្វែងរក​ការ​វិនិយោគ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​សម្រាប់​នាំ​ចេញ​ទៅ​អា​មេ​រិ​ក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តំណាង​មក​ពី​ក្រុមហ៊ុន​អា​មេ​រិ​ក​ចំនួន​១៦​ក្រុមហ៊ុន​ដែល​សុទ្ធសឹងតែ​ជា​ក្រុមហ៊ុន​ធំ​ៗ​ក្នុង​តំបន់​បាន​មក​កម្ពុជា ដើម្បី​ស្វែងរក​ការ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម ដើម្បី​កែ​ច្នៃ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​សហរដ្ឋអាមេរិក​វិញ ។ ​នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ២០២០​នេះ តំណាង​ក្រុមហ៊ុន​មក​ពី​អា​មេ​រិ​ក​និង​តំណាង​ក្រុមហ៊ុន​ខ្មែរ​ជា​ច្រើន​បាន​ចូលរួម​ក្នុង​វេទិកា​ធុរកិច្ច​មួយ​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​រ៉ូ​ស​វូ​ដ…

រាជធានី​ភ្នំពេញ ៖ តំណាង​មក​ពី​ក្រុមហ៊ុន​អា​មេ​រិ​ក​ចំនួន​១៦​ក្រុមហ៊ុន​ដែល​សុទ្ធសឹងតែ​ជា​ក្រុមហ៊ុន​ធំ​ៗ​ក្នុង​តំបន់​បាន​មក​កម្ពុជា ដើម្បី​ស្វែងរក​ការ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម ដើម្បី​កែ​ច្នៃ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​សហរដ្ឋអាមេរិក​វិញ ។

​នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ២០២០​នេះ តំណាង​ក្រុមហ៊ុន​មក​ពី​អា​មេ​រិ​ក​និង​តំណាង​ក្រុមហ៊ុន​ខ្មែរ​ជា​ច្រើន​បាន​ចូលរួម​ក្នុង​វេទិកា​ធុរកិច្ច​មួយ​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​រ៉ូ​ស​វូ​ដ ដោយ​មានការ​ចូលរួម​ពី​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា និង​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ផង​ដែរ ។ ​នៅ​ក្នុង​សន្និសីទ​ជាមួយ​អ្នក​សារព័ត៌មាន​លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​អា​មេ​រិ​ក​គៀងគរ​តំណាង​ក្រុមហ៊ុន​ធំ​ៗ​ពី​អា​មេ​រិ​កមក​កម្ពុជា ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា តែ​សម្រាប់​លើក​នេះ គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដែល​មាន​ធុរជន​មក​ពី​តំណាង​ក្រុមហ៊ុន​ធំ​ៗ​នៅ​អា​មេ​រិ​កបាន​មក​ដល់​កម្ពុជា និង​សិក្សា​ស្វែង​យល់​ពី​ឱកាស​ក្នុង​វិនិយោគ​លើ​ពាណិជ្ជកម្ម​និង​កសិកម្ម ក្នុង​នោះ​មាន​ក្រុមហ៊ុន​ប​ច្ចេ​ទេស​ធំ​ៗ​ផង​ដែរ ដូច​ជា​ក្រុមហ៊ុន Walmart, IBM , Amazon , ADM , John Deer ជាដើម ។

លោក​បាន​បន្ត​ថា មូលហេតុ​ដែល​អា​មេ​រិ​ក​ចង់​មក​រក​ការ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​កម្ពុជា នៅ​ពេល​នេះ ដោយសារ​តែ​វិស័យ​កសិកម្ម​កម្ពុជា បាន​ផ្ដល់​ប្រយោជន៍​ធំ​ដល់​ប្រជាពលរដ្ឋ ជាក់ស្ដែង​តាម​អ្វី​ដែល​លោក​បានដឹង មាន​ប្រជាជន​ប្រមា​ន​ជាង​១​លាន​នាក់​កំពុងធ្វើការ​ងារ​ក្នុង​វិស័យ​កសិកម្ម ហើយ​បើសិនជា​វិស័យ​បាន​ពង្រីក​បន្ថែម​វា​នឹង​ផ្ដល់​ការងារ​ជា​ច្រើន​ទៀត​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ។ មិន​ត្រឹមតែ​ផ្ដល់​ការងារ​ប៉ុណ្ណោះ​ទេ ការ​វិនិយោគ​លើ​វិស័យ​កសិកម្ម ក៏​ជំរុញ​អោយ​មានការ​នាំ​ចេញ​ផលិតផល​កែ​ច្នៃ​ពី​កសិកម្ម​សម្រាប់​ទីផ្សារ​ក្រៅប្រទេស​ផង​ដែរ ។ ​លោក​បាន​បន្ថែម​ថា នៅ​ពេល​ដែល​មានការ​វិនិយោគ​វិស័យ​កសិកម្ម​និង​ការ​កែ​ច្នៃ នោះ​កម្ពុជា​នឹង​អាច​កាត់​បន្ថយ​បាន​នូវ​ការ​នាំ​ចេញ​វត្ថុធាតុដើម ដែល​មាន​តម្លៃ​ទាប តែ​ផ្លាស់​មក​វិញ​នូវ​ការ​នាំ​ចេញ​ផលិតផល​សម្រេច​ក្រោយ​កែ​ច្នៃ និង​អាច​មាន​តម្លៃ​ខ្ពស់​ជាង ព្រមទាំង​មាន​ទីផ្សារ​កាន់តែ​ច្រើន​ផង​ដែរ​ជា​ពិសេស​ទីផ្សារ​អា​មេ​រិ​ក ។ ជនជាតិ​អា​មេ​រិ​ក​ចូល​ចិត្ត​ផ្លែ​ឈើ​ដែល​ដាំ​ដុះ​នៅ​កម្ពុជា ដូច្នេះ​នៅ​ពេល​អនាគត​ការ​វិនិយោគ​លើ​ដំណាំ​ហូប​ផ្លែ​នៅ​កម្ពុជា​សំណាក់​វិនិយោគិន​អា​មេ​រិ​ក​នឹង​មាន​កាន់តែ​ច្រើន​ថែម​ទៀត ។

លោក Allen Tang ប្រធាន​សភាពាណិជ្ជកម្ម​អា​មេ​រិ​ក​ប្រចាំ​ប្រទេស​កម្ពុជា បានអោយ​ដឹងផង​ដែរ​ថា សភាពាណិជ្ជកម្ម​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា នឹង​រង់ចាំ​ក្រុមហ៊ុន​អា​មេ​រិ​កមក​ដល់​កម្ពុជា និង​ណែនាំ​ក្រុមហ៊ុន​ទាំងនោះ​ពី​របៀបរបប​ធ្វើ​ជំនួញ​នៅ​ក្នុង​ប្រទេស​កម្ពុជា ពី​ច្បាប់ទំលាប់ ពី​តួនាទី​របស់​ខ្លួន​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សង្គម​វិញ ។ ​លោក​បាន​បន្ថែម​ទៀត​ថា «​សភាពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ក៏​សូម​ស្វាគមន៍​ក្រម​ហ៊ុន​កម្ពុជា ក្នុង​ការ​ក្លាយ​ខ្លួន​ជា​សមាជិក​របស់​ខ្លួន និង​ត​ភ្ជាប់​ទីផ្សារ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​សហរដ្ឋអាមេរិក​ព្រមទាំង​អាច​រក​ទីផ្សារ​នៅ​សហរដ្ឋអាមេរិក​ដល់​ក្រុមហ៊ុន​ខ្មែរ​ផង​ដែរ » ។ ​លោក​បន្ត​ថា កម្ពុជា​នៅ​តែ​ហុច​ឱកាស​ខ្ពស់​ទៅ​ដល់​ក្រុមហ៊ុន​អា​មេ​រិ​ក​និង​ក្រុមហ៊ុន​មក​ពី​បរទេស​ជា​ច្រើន​ទៀត​ដាក់​ទុន​រកស៊ី ។ ដោយឡែក​សម្រាប់​ក្រុមហ៊ុន​សហរដ្ឋអាមេរិក​មាន​សហគ្រិន​ទទួល​បាន​ជោគជ័យ​ជា​ច្រើន ដែល​បាន​ដាក់​ទុន​រកស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា ដូច្នេះ​វា​ជា​គំរូ​មួយ​ដែល​អាច​ទាក់ទាញ​វិនិយោគិន​អា​មេ​រិ​កមក​រកស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​ថ្លែង​ថា កម្ពុជា ស្វាគមន៍​នូវ​ប្រតិភូ​ក្រុមហ៊ុន​ធំ​ៗ​មក​ពី​អា​មេ​រិ​ក​ដើម្បី​សិក្សា​ឱកាស​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​វិស័យ​កសិកម្ម ។ ក្នុង​ឆ្នាំ​មុន​ៗ​នេះ កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​កសិកម្ម​ទៅ​កាន់​សហរដ្ឋអាមេរិក​រាប់​សិប​លាន​ដុល្លារ​អា​មេ​រិ​ក ។ ​លោក​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​បន្ត​ថា «​កម្ពុជា មាន​ទីតាំង​ឧស្សាហកម្ម​ជា​ច្រើន​ដែល​អាច​អោយ​វិនិយោគិន​ដាក់​ទីតាំង​វិនិយោគ​ភ្លាម​ៗ ក្នុង​នោះ​យើង​មាន​តំបន់​សេដ្ឋកិច្ច​ជា​ច្រើន​ដែល​កំពុង​ដំណើរការ និង​មាន​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​រួច​ជា​ច្រើន » ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ